ខឹម វាសនា ថា​មិន​ដែល​ឃើញ​មុខ ពេជ្រ ស្រស់ ខាង​ក្រៅ​​ទេ

ប្រធានគណបក្សជួង លោក ខឹម វាសនា បានចេញមុខថាលោក មិនដែលឃើញមុខលោក ពេជ្រ ស្រស់ ប្រធាន​គណបក្សយុវជនកម្ពុជា នៅខាងក្រៅយ៉ាងម៉េចម្ដងទេ ដើម្បីប្រតិកម្មទៅនឹងព័ត៌មាន ដែលថាលោកចែកប្រាក់ ជាមួយលោក ពេជ្រ ស្រស់ ជុំវិញការដាក់បណ្ដឹង ទៅក្រសួងមហាផ្ទៃ ប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។ ដោយឡែក លោក ពេជ្រ ស្រស់ ក៏បានចេញមុខ មកបដិសេធនឹងព័ត៌មាននេះ​ដូចគ្នា ដោយហៅព័ត៌មាននេះ ថាបាន«បំភ្លៃការពិត»។
ខឹម វាសនា ថា​មិន​ដែល​ឃើញ​មុខ ពេជ្រ ស្រស់ ខាង​ក្រៅ​​ទេ
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព័ត៌មាន ដែលលើកឡើងពីការចែកប្រាក់គ្នា ពាក់ព័ន្ធនឹងការដាក់បណ្ដឹង ឲ្យរំលាយគណបក្សប្រឆាំងធំជាងគេនេះ ត្រូវបានលោក ឆាំ ឆានី អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីម្នាក់ មាននិន្នាការស្និតនឹងគណបក្សសង្គ្រោះជាតិ សរសេរឲ្យដឹងម្ដងជាពីរដង នៅលើគណនីហ្វេសប៊ុក​របស់លោក។ លើកចុងក្រោយ ជាសំណេររបស់លោក កាលពីម្សិលម៉ិញ ដែលបញ្ជាក់បន្ថែមថា ប្រាក់ចំណែករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលលោកអះអាងពីពេលមុន ថាទទួល២០ម៉ឺនដុល្លារនោះ ត្រូវបានលោក ពេជ្រ ស្រស់ ទទួលបានតែ១ម៉ឺនប៉ុណ្ណោះ ខណៈ១៩ម៉ឺនដុល្លារទៀត បានធ្លាក់ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯងថា «បក្សជួង»។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ​គណបក្ស​នយោបាយ​ចំនួន​ពីរ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​យុវជន​កម្ពុជា បានដាក់បណ្ដឹងពីរផ្សេងគ្នា ឡើងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានអះអាងក្នុងពាក្យបណ្ដឹង​ថា គេ​មិន​អាច​កាត់​ផ្ដាច់ សំនុំរឿង​​លោក កឹម សុខា ​ទៅជា​បទ​ល្មើស​ផ្ទាល់​ខ្លួន ដោយ​ទាត់​ចោល​ការ​ទទួល​ខុស​ត្រូវ របស់​គណបក្ស​សង្គ្រោះជាតិ​ទាំង​មូល​បាន​ទេ ពី​ព្រោះ​លោក កឹម សុខា បានថ្លែងរឿងវ៉ាវទាំងអស់នេះ ទៅ​ដល់​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស ​ក្នុង​ឋានៈលោក ​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​។

ចំណែក​គណបក្ស​យុវជន​កម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ វិញ បានសរសេរក្នុងលិខិតថា​ ពាក្យ​សម្ដី​លោក កឹម សុខា ដែល​ត្រូវបានយកមកបង្ហោះ ហើយដែលត្រូវបានគណបក្សនេះ និយាយថា ជាការបែកធ្លាយនោះ​ បញ្ជាក់ពីការឃុបឃិតគ្នា រវាងគណបក្ស​សង្គ្រោះជាតិ​​ជា​មួយ​បរទេស ក្នុងគោល​ដៅ​ធ្វើ​បដិវត្ត​ពណ៌ ដោយ​យក​គំរូ​តាម​ប្រទេស​ យូហ្គោស្លាវី និងសឺប៊ី។

ការបង្ហោះមួយ នៅលើគណនីហ្វេសប៊ុក​របស់លោក ឆាំ ឆានី កាលពីថ្ងៃទី ១២ ខែតុលាកន្លងមក បានឲ្យដឹងថា ពាក្យបណ្ដឹងរបស់គណបក្សទាំងពីរ ទំនងជាមានផលប្រយោជន ជាទឹកប្រាក់ច្រើនម៉ឺន រហូតដល់លានដុល្លារ នៅពីរក្រោយ។ តែក្នុងការបង្ហោះនោះ លោក ឆានី មិនបានបញ្ជាក់ ពីប្រភព​ដែលផ្ដល់ដំណឹងនេះទេ។ រីឯព័ត៌មាន កាលពីម្សិលម៉ិញ ដែលគេឃើញគេហទំព័រមួយចំនួន (ភាគច្រើនជា BLOG) ចុះផ្សាយជាបន្តបន្ទាប់ បានភ្ជាប់ផលប្រយោជន៍ជាទឹកប្រាក់នេះ ថាមានជាប់ពាក់ព័ន្ធ ជាមួយលោក ខឹម វាសនា ប្រធានបក្សជួងនោះផង។

គេមិនដឹងថា តើសំណេររបស់លោក ឆាំ ឆានី ខាងក្រោមនេះ ជាការដកស្រង់ពីគេហទំព័រទាំងនោះ ឬជាការស្រង់ប្រភពព័ត៌មានផ្ទាល់ របស់លោកទេ តែលោកបានសរសេរថា៖ «ថ្ងៃនេះ ១៦ តុលា ២០១៧ ពេជ្រ ស្រស់ បានសារភាពថា ខ្លួនពិតជាបានទទួលលុយពី ហ៊ុន សែន ជាថ្នូរនៃការប្តឹងរំលាយ CNRP មែន តែបានលុយតែមួយម៉ឺនដុល្លារ ប៉ុណ្ណោះ ចំណែក ១៩ម៉ឺនដុល្លារទៀត ត្រូវ ខឹម វាសនា ស៊ីដាច់»។

អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីរូបនេះ បានពន្យល់ថា៖ «ពេជ្រ ស្រស់ ទម្លាយពត៌មាននៅពេលនេះ មកពីមូលហេតុពីរ គឺ (ទី១) មកពី ខឹម វាសនា ស៊ីដាច់ច្រើនពេក (និងទី២) ពេជ្រ ស្រស់ ខកចិត្តដោយមិនបានទទួលអាសនៈពី CNRP»។ លោក ឆាំ ឆានី ដែលតែងចុះផ្សាយ​ព័ត៌មានរសើបៗ ក្នុងប្រទេសកម្ពុជា មកបង្ហោះនៅលើហ្វេសប៊ុក (Facebook) ដោយមិនដាក់ប្រភព បានសរសេរបន្តថា៖ «តាមប្រភពពត៌មានពីប្រទេសថៃ បានឲ្យដឹងថា ពេជ្រ ស្រស់ ពេលនេះកំពុងតែភៀសខ្លួនទៅប្រទេសថៃ ហើយមានបំណងនិយាយបកអាក្រាត ខឹម វាសនា និង​ ហ៊ុន សែន ផងដែរ» ។

ព័ត៌មានខាងលើនេះ ត្រូវបានប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រតិកម្មមកវិញខ្លាំងៗ ដោយទម្លាក់កំហុស នៃការបញ្ចេញព័ត៌មានខាងលើ ទៅមេដឹកនាំ​គណបក្សសង្គ្រោះជាតិ ថាជា«មេបោក» បញ្ចេញព័ត៌មាន«កុហកបោកប្រាស់» និងបានហៅក្រុមអ្នកគាំទ្រ​​គណបក្សសង្គ្រោះជាតិ ថា«ល្ងង់​ដប់​គត់ កំណើតងាប់​តែនឹងគេបោក» ដែលចេះតែបញ្ចេញមតិយោបល់ មិនគិតវែងឆ្ងាយ។

លោក ខឹម វាសនា បានបញ្ចេញប្រតិកម្មដូច្នេះ នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «ពត៌មានកុហកបោកប្រាសយ៉ាងម៉េច ឲ្យតែមេវានិយាយ ដឹងតែពីចាំបន្ទរ!​ ឱកំណើតពួកអាអត់ក្បាលទាំងនេះ​ អីក៏ច្រើនធ្ងន់ផែនដីខ្មែរ​ នាំចង្រៃស្រុកទេស ងើបមុខមិនរួច ដោយសារកំណើតភ្លើល្ងង់ងោះ ងាប់នឹងគេបោក​ យ៉ាងនេះហ្ន។​ តាំងពីកើតមកដល់ពេលនេះ​ ខ្ញុំមិនដែលឃើញមុខ ពេជ្រ​ ស្រស់ នៅក្រៅយ៉ាងម៉េចម្តងទេ​ វាទៅជាអាចប្រឌិត រឿងថោកបែបនេះចេញរួច​ ហើយពួកអាអត់ខួរ​ កំបុតក្បាលកើតមក មិនយកក្បាលមកតាមទាំងនោះ​ Comment ជេរបញ្ចោរគេធ្វើដូចមែនទែនអីចឹង​ អីក៏វាថោកទាប ទាំងពូជទាំងធារ សង្គ្រោះចោរវាហ្នឹងយ៉ាងនេះលោក?»។

ដោយឡែក ប្រធានគណបក្សយុវជនកម្ពុជា​ឯណោះវិញ ក៏បានចេញមុខមកធ្វើប្រតិកម្មដែរ តាមរយៈវីដេអូផ្សាយផ្ទាល់មួយថា លោកមិនបានចេញក្រៅស្រុកទេ តែកំពុងរត់លិខិតស្នាម នៅក្នុងឃុំមួយ ក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តិទៅ ក្នុងពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...