ញឹក ប៊ុនឆៃ អស់តំណែងពីរដ្ឋាភិបាល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 09, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះរាជក្រិត្យធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលធ្វើឡើង តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុនសែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានត្រាស់បង្គាប់ ឲ្យ«បញ្ចប់មុខតំណែង» លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារដ្ឋាភិបាល មានថានៈស្មើ«ឧបនាយករដ្ឋមន្ត្រី»។ ព្រះរាជក្រិត្យ ដែលមកដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃនេះ បានត្រាស់បង្គាប់បន្ថែម ឲ្យលោក ហ៊ុន សែន គឺជាអ្នកទទួលបន្ទុកអនុវត្តន៍ ការបញ្ចប់តំណែងខាងលើ។
លោក ញឹក ប៊ុនឆៃ ដែលមកដល់ថ្ងៃនេះ ត្រូវបានគេស្គាល់ថា ជាអតីតមេទ័ពតស៊ូដ៏ល្បីល្បាញ របស់គណបក្សរាជានិយម ហ្វុនស៊ីនប៉ិច ហើយដែលបានចាកចេញពីគណបក្សនេះ កាលពីជាងមួយឆ្នាំមុន ទៅបង្កើតគណបក្ស «ខ្មែររួបរួមជាតិ»។ គណបក្សថ្មី ដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានឈ្នះបានមួយឃុំ នៅខេត្តបន្ទាយមានជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា កន្លងទៅ។
គេមិនបានដឹងពីមូលហេតុ នៃការបញ្ចប់មុខតំណែង របស់លោក ញឹក ប៊ុនឆៃ ដែលតែងមានវត្តមានជាញឹកញយ នៅពេលលោក ហ៊ុន សែន ចេញទៅសម្ពោធសមិទ្ធផលថ្មីៗនោះទេ។ វត្តមានរបស់លោកពេលខ្លះ ត្រូវបានលោក ហ៊ុន សែន យកមក«ចង្អុលមុខ» ឬយកមកធ្វើជា«សាក្សី» នៅពេលដែលនាយករដ្ឋមន្ត្រីរូបនេះ រំលឹកពីរឿងរ៉ាវពីអតីតកាល ជាពិសេសរឿងរ៉ាវ ដែលមានជាប់ទាក់ទង ជាមួយនឹងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ និងគណបក្សហ្វុនស៊ីនប៉ិច។
ចាប់តាំងពីដើមឆ្នាំ២០១៥មក និងបន្ទាប់ពីព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានត្រឡប់មកដឹកនាំគណបក្សរាជានិយមវិញ ជម្លោះផ្ទៃក្នុងគណបក្សនេះ បានកើតឡើងយ៉ាងខ្លាំងក្លា រវាងព្រះអង្គម្ចាស់ និងលោក ញឹក ប៊ុនឆៃ ដែលកាលនោះមានតំណែង ជាអគ្គលេខាធិការគណបក្ស។ ជម្លោះហែកហួរនោះ ត្រូវបានប្រភពមួយពន្យល់ថា នោះដោយសារមានលោក ហ៊ុន សែន នៅពីក្រោយ។
ប្រភពស្និតនឹងគណបក្ស ហ្វុនស៊ីនប៉ិច បានអះអាងថា លោក ហ៊ុន សែន មានការប្រុងប្រយ័ត្ន បារម្ភក្រែងការវិលត្រឡប់ មកធ្វើនយោបាយរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ក្លាយជាទំងន់នយោបាយថ្មីមួយ តទល់នឹងគណបក្សប្រជាជនកម្ពុជា អតីតគូសត្រូវដ៏ជូរចត់ របស់គណបក្សរាជានិយម។ ប្រភពនោះបានថ្លែងបន្តថា លោក ហ៊ុន សែន ខ្លាចព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដឹកនាំគណបក្ស ហ្វុនស៊ីនប៉ិច ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតខាងមុខ។
មិនអាចទាក់ទងមន្ត្រី អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ ដើម្បីការបកស្រាយ ជុំវិញការបញ្ចប់មុខតំណែងរបស់ប្រធានគណបក្ស ពីរដ្ឋាភិបាលបានឡើយ នៅថ្ងៃនេះ។
កាលពីប៉ុន្មានថ្ងៃមុន ជាពិសេសនៅក្រោយ ថ្ងៃបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ មានការផ្សព្វផ្សាយដំណឹងមួយថា លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន។ ប៉ុន្តែផ្ទុយទៅវិញ គេឃើញវត្តមានរបស់ប្រធានគណបក្ស ខ្មែររួបរួមជាតិ រូបនេះ នៅក្នុងកិច្ចសម្ភាសផ្សាយផ្ទាល់មួយ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ដែលគណបក្សលោកឈ្នះបានមួយឃុំ៕