សម រង្ស៊ី៖ ការ​បោះ​ឆ្នោតនេះ​បង្ក​មន្ទិល ដល់​ភាព​ស្រប​ច្បាប់នៃ​​រដ្ឋាភិបាល ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញសម្លេងបន្តិចបន្តួច ពីរដ្ឋធានី ប៉ារីស ប្រទេសបារាំង ទាក់ទង​នឹង​ការ​​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខាង​មុខ​នេះ ដែលជាការបោះឆ្នោតមួយ ដែល​​គ្មាន​វត្តមាន​រូបលោក​ចូលរួម។
សម រង្ស៊ី៖ ការ​បោះ​ឆ្នោតនេះ​បង្ក​មន្ទិល ដល់​ភាព​ស្រប​ច្បាប់នៃ​​រដ្ឋាភិបាល ហ៊ុន សែន
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា។ (រូបថតឯកសារ)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 23, 2017
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម នៅថ្ងៃអង្គារនេះ ទាក់ទងនឹង​ការ​បោះឆ្នោត​ នាពេលខាង​មុខ ដែល​នឹងប្រព្រឹតិទៅ ដោយគ្មាន​វត្តមាន​រូបលោក​ចូលរួម។ លោកបានហៅ​ការ​បោះឆ្នោត​​នេះ ថា«មិនយុត្តិធម៌ និងបង្កមន្ទិល ទៅ​ដល់​ភាព​ស្រប​ច្បាប់ នៃរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន»។

នៅលើទំព័រទ្វីសធើរ​របស់​លោក មេដឹកនាំប្រឆាំងរូបនេះ បានសរសេរ​សារ​ ជាភាសាអង់គ្លេស និង​មាន​ន័យ​ជា​ខេមរភាសា​ថា៖ «ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រព្រឹត្តិទៅ ក្នុងខណៈពេល​ដែល​ខ្ញុំ ត្រូវបាន​និរ​ទេស​ខ្លួន ដោយ​បង្ខំ​នេះ ជាការ​បោះឆ្នោត មិន​យុត្តិធម៌ និងបង្កមន្ទិល​ទៅដល់​ភាព​ស្រប​ច្បាប់ នៃ​រដ្ឋាភិបាល​​របស់​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន»។

ក្នុងពេលកន្លងទៅ ខណៈលោក​នៅមានតំណែង ជាប្រធានគណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ លោក សម រង្ស៊ី ធ្លាប់​បានថ្លែង​​​ទៅកាន់​មេដឹកនាំ​​បរទេស ជាពិសេស​នៅក្នុងអង្គប្រជុំ​មួយ ក្នុង​គណៈកម្មការ​នៃសភា​អ៊ឺរ៉ុបថា រូប​លោក​ គឺ​ជា​គូប្រជែង​ស្មើ​ភាព ឬជា​កីឡាករ​ស្មើ​មាឌ​​ស្មើ​​កម្លាំង​​គ្នា​ តែ​មួយ​គត់ ជាមួយ​លោក ហ៊ុន សែន។ ការ​បង្ខំ​ខ្លួន ឲ្យ​លោក​ចាក​ចេញ​ពីប្រទេស និង​មិន​ឲ្យលោក​ចូលរួម​​​ឆាកនយោបាយ នៅក្នុង​មាតុប្រទេស​ដូច្នេះ ត្រូវ​បាន​អតីត​ប្រធាន​​គណបក្ស​ប្រឆាំងរូបនេះ បរិហារថា បាន​បង្ក​វិសមភាព សម្រាប់​ការ​ប្រកួតប្រជែង​ដ៏​ត្រឹមត្រូវ និង​យុត្តិធម៌​មួយ ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ក្នុងប្រតិកម្ម​តប​ ចំពោះការលើកឡើង​ខាងលើ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បរិហារ​លោក សម រង្ស៊ី វិញ កាលពីប៉ុន្មានខែមុន ថាមេដឹកនាំប្រឆាំងរូបនេះ «មុខក្រាស់» ប្រកួតចាញ់​គេច្រើនដង នៅតែចង់ប្រកួត​បន្តទៀត។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច បានលើកយកក្បួនប្រកួត នៅក្នុងកីឡាប្រដាល់ មកថ្លែងឡើងថា៖ «តាម​​ធម្មតា ក្នុង​​កីទ្បា​​ប្រដាល់ កីទ្បាករណាប្រកួតចាញ់​មួយដង គេអាចអនុញ្ញត​​ឲ្យវាយ​សងសឹក​​មួយ​ប្រកួត បើ​​នៅ​​តែ​​ចាញ់​​ទៀត គេ​ឈប់​​ឲ្យ​ប្រកួត​​​ទៀត​ហើយ ទោះបីសាម៉ីខ្លួន ចង់ឡើង​ប្រកួត​ទៀត​ក៏ដោយ»។

លោកថា៖ «តែគួរខ្មាស់អៀន​ណាស់ ដែល សម រង្សី ចាញ់ ៤អាណត្តិ​ហើយ នៅ​តែ​មុខ​​ក្រាស់​​នៅ​​តែ​​ជម្នះ ឈរឈ្មោះ​ចូលប្រកួតទៀត ធ្វើមើលតែ CNRP មានតែមនុស្សម្នាក់ អ្នកដទៃគ្មាន​​ប្រយោជន៍។ តើ សម រង្សី ជា​មនុស្ស​​បែបណា? តើផ្តាច់ការ ឬអត់? គឺពិត​ជាមនុស្ស​ផ្តាច់ការ យ៉ាង​ពិត​ប្រាកដ។»។

ថ្មីៗនេះទៀត អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជារូបនេះ ថែមទាំងបានចំអក ចំពោះ​ការតាំងរូប​ឃោសនា របស់​លោក សម រង្ស៊ី នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ ពីសំណាក់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រៀប​ធៀប​លោក សម រង្ស៊ី ទៅ​នឹង​«ទំនិញ​ហួស​ថ្ងៃខែកំណត់»​​នោះ​ផង។

លោក សុខ ឥសាន បានថ្លែង នៅតាមប្រព័ន្ធ​តេឡេហ្គាម កាលពីថ្ងៃទី២០ ខែឧសភា ដែលជា​ថ្ងៃទី១ នៃការ​ឃោសនា​បោះឆ្នោត ថា៖ «ការយករូប សម រង្ស៊ី មកតាំងបង្ហាញ សំរាប់​ឃោសនា​បោះឆ្នោត ​ប្រៀប​បាន​នឹង​យក​ទំនិញ ហួសដឺឡេ (Delay) មកដាក់លក់​តែប៉ុណ្ណោះ គ្មាន​នរណា​ហ៊ាន​តថ្លៃទិញ​ទេ។ បើ​យ៉ាង​ដូច្នេះ ការយករូប និងឈ្មោះ សម រង្ស៊ី មកបង្ហាញ​មុខ គឺជាការយក សម រង្ស៊ី មកឲ្យជួយ​ទាញ​ទម្លាក់ គណបក្ស​ប្រឆាំង​ ទៅក្នុង​បាត​ជ្រោះ​ជ្រៅ។»។

លោក សម រង្ស៊ី បាននិរទេសខ្លួន ដោយខ្លួនលោក នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២១០៥ បន្ទាប់ពីមានដីកាឲ្យ​ចាប់​ខ្លួន​មួយ ពីសំណាក់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជុំវិញសំនុំរឿង​​បរិហារកេរ្តិ៍ ប្ដឹង​ដោយ​លោក ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ការបរទេស។ តែកាលពី​អំឡុង​​ខែតុលា ឆ្នាំ២០១៦ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាត់​ចំណាត់​ការ​​ជា​ផ្លូវការ​​មួយ ដើម្បីហាមឃាត់​​មិនឲ្យ​លោក សម រង្ស៊ី អាចត្រឡប់​​ចូល​​មក​​ក្នុង​ប្រទេស​កម្ពុជា​វិញ ដូច​ជា​បញ្ជារ​​ឲ្យ​យន្ដហោះ ដែល​ដឹក​​លោក សម រង្ស៊ី ​ឲ្យហោះ​​ត្រឡប់​ ទៅព្រលាន​​យន្ដហោះ​ដើម​វិញ ឬឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី ចេញ​ពី​ព្រលាន​​​យន្ដហោះ​​ជា​ដើម។

ដោយសារហេតុនេះ​ហើយ ទើបលោក សម រង្ស៊ី បាន​អះអាង​ថា រូបលោក​​ត្រូវបាន​​រដ្ឋាភិបាល​​លោក ហ៊ុន សែន និរទេស​ខ្លួន​​ដោយ​បង្ខំ​​រហូត​​មក ក្រោម​ហេតុផល​នយោបាយ​តែ​មួយ​គត់ និង​មិន​មាន​ជាប់​ទាក់ទង នឹង​ប្រព័ន្ធ​យុត្តិធម៌​ ឬដីកា​តុលាការ​នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...