ទេ ​លោក​​មេទ័ព! ក្នុង​​ប្រទេស​​អ៊ីរ៉ាក់ គ្មាន​​«បដិវត្តន៍​​ពណ៌»​​ទេ!

«កងទ័ពកម្ពុជា ប្រឆាំងដាច់ខាត នូវបដិវត្តន៍ពណ៌» ដែលបានបំផ្លាញ​ប្រទេស​ជាច្រើន​ ដូចជា អ៊ីរ៉ាក់ ស៊ីរី... តែបញ្ហានៅត្រង់ថា នៅក្នុងប្រវត្តិសាស្ត្រថ្មីៗ របស់ប្រទេសអ៊ីរ៉ាក់ គ្មានបដិវត្តន៍ពណ៌ទេ។
ទេ ​លោក​​មេទ័ព! ក្នុង​​ប្រទេស​​អ៊ីរ៉ាក់ គ្មាន​​«បដិវត្តន៍​​ពណ៌»​​ទេ!
លោក​នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៣ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 23, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្លែងក្នុងពិធីត្រួតពិនិត្យកម្លាំង និងមធ្យោបាយគ្រឿងបំពាក់ សម្ភារៈរបស់កងពលតូចថ្មើរជើងលេខ៧០ កាល​ពី​ម្សិល​ម៉ិញ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក​នាយឧត្តមសេនីយ៍ ប៉ុល សារឿន បាន​ប្រកាស​ឲ្យ​កង​ទ័ព ត្រូវ​ប្រឆាំង​ដាច់​ខាត នូវ​«បដិវត្តន៍ពណ៌» មិនឱ្យកើតមាន នៅលើទឹកដីកម្ពុជានោះឡើយ។ នៅ​ក្នុង​ការ​ថ្លែង​ដដែល​នោះ លោកមេទ័ពថែមទាំងបានពន្យល់ថា បដិវត្តន៏ពណ៌ បានបំផ្លាញ​ប្រទេស​ជាច្រើន ដែល​កំពុង​ទទួល​រង នូវ​មហន្តរាយ ដូច​ជា ប្រទេសអ៊ីរ៉ាក់ ស៊ីរី និង​ប្រទេស​ជាច្រើន​ទៀត។

តែការសិក្សាពីប្រវត្តិសាស្ត្រ ទាក់ទងនឹងការធ្វើបដិវត្តន៍ពណ៌ មិនបង្ហាញដូចការលើកឡើង របស់លោក ប៉ុល សារឿន នោះទេ។

អ្វីទៅបដិវត្តន៍ពណ៌?

«បដិវត្តន៍»ណាក៏ដោយ សុទ្ធតែមាន​លក្ខណៈ​​​ជា​ការ​ងើបឈរ​ឡើង ពីសំណាក់​​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​នោះ ដើម្បីផ្ដួល​រំលំ​មេដឹកនាំ​ផ្ដាច់ការ កាន់​អំណាច​​ដុះ​ស្លែ ដែល​យក​​ប្រទេស​​ជាតិ ទឹកដី និងប្រជាជន​ទាំង​មូល ជា​ទ្រព្យ​ផ្ទាល់​ខ្លួន ឬជារបស់​គ្នីគ្នា​​បក្ខពួក​​របស់​ខ្លួន ថ្វីត្បិតតែមេដឹកនាំនោះ កើតចេញពីរដ្ឋាភិបាល ស្របច្បាប់ ឬ​បែប​ណា​ក៏​ដោយ។

ដោយឡែក សម្រាប់ពាក្យ «បដិវត្តន៍ពណ៌» ពីរបីម៉ាត់នេះ តែងត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​រដ្ឋាភិបាល​របស់​លោក យកមកប្រើ​ជាញឹកញាប់​ណាស់​ ដើម្បីរំលឹក​ទៅដល់​បដិវត្តន៍ នៅក្នុង​ប្រទេសលីប៊ី ស៊ីរី ឬ​ប្រទេស​មួយ​ចំនួន​ទៀត។ តែក្រុមប្រទេសទាំងនោះ មិនបានធ្វើបដិវត្តន៍ពណ៌ទេ តែ​ជាការធ្វើ​​បដិវត្តន៍​ផ្កា​ម្លឹះ ឬ​បដិវត្តន៍​​ នៃរដូវផ្ការីក​អារ៉ាប់ (Arab Spring) នៅប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ។

ពាក្យ«បដិវត្តន៍ពណ៌» របស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទំនង​ជាចង់​សំដៅ​ ទៅ​បដិវត្តន៍​មួយ​​បែប​​ទៀត (Colour revolution) ដែលបាន​កើត​ឡើង នៅបណ្ដាប្រទេសអ៊ឺរ៉ុបខាងកើត ឬប្រទេស​អាស៊ី​​ខាង​លិច ដោយ​​មាន​​ការ​ជួយ​គាំទ្រ ពីសំណាក់​បស្ចឹម​លោក។ ផ្ទុយទៅវិញ ក្រុមប្រទេស​​ដែលបានធ្វើ​​បដិវត្តន៍​ពណ៌​ទាំងនោះ មិន​មាន​សង្គ្រាម​រាំងជល់​​ខ្ទេចខ្ទាំ​អ្វីឡើយ ដែល​ខុស​​ពីក្រុម​ប្រទេស​មួយចំនួន ដែលបាន​ធ្វើបដិវត្តន៍​ផ្កាម្លឹះ ខណៈ​ប្រទេស​ទុយនេស៊ី កំពុងស្ថិត​ក្នុង​ជំហាន​ទៅ​មុខ បន្ទាប់ពី​ធ្វើ​បដិវត្តន៍​ផ្កាម្លឹះ​មុន​គេ ទម្លាក់​ប្រធានាធិបតី​ផ្ដាច់ការ របស់​ខ្លួន​រួច។

ចុះប្រទេសអ៊ីរ៉ាក់?

ប្រទេសអ៊ីរ៉ាក់ ដែលរងគ្រោះ​ព្រោះសង្គ្រាម និងជម្លោះនយោបាយ ក្នុងពេលកន្លងមក គ្មានប្រវត្តិ​នៃការធ្វើ​បដិវត្តន៍​ពណ៌ ឬបដិវត្តន៍​ផ្កាម្លឹះ​ទេ។

ប៉ុន្តែគេត្រូវនិយាយថា ប្រទេសនេះមានសង្គ្រាម ជាមួយនឹងប្រទេសអ៊ីរ៉ង់ នៅជាប់​ព្រំដែន សឹងតែពេញ​មួយ​ទសវត្សន៍​ឆ្នាំ​៨០ មុននឹងលើកទ័ព​ចូលឈ្លានពាន ប្រទេស​កូវែត នៅដើមទសវត្សន៍ឆ្នាំ៩០ បង្កឲ្យមានប្រតិកម្ម​យោធា ពី​កងទ័ព​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក (ក្រោមភ្លើងខៀវ របស់អង្គការសហប្រជាជាតិ)។

បន្ទាប់មកនៅចុងខែមីនា ឆ្នាំ២០០៣ ប្រទេសនេះ​ត្រូវបានវាយ​ប្រហារ​ជាថ្មី ពីសំណាក់​កងទ័ព​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​មួយ​ចំនួន​តូច ក្រោមប្រតិបត្តិការ​យោធា​ដ៏ធំមួយ ដាក់ឈ្មោះ​ថា «រំដោះ​ប្រជាជន​​អ៊ីរ៉ាក់»។ សង្គ្រាម​មួយ​នេះ បាន​បញ្ចប់​ជាផ្លូវ​ការ នៅដើម​ខែឧសភា ឆ្នាំ​ដដែល ពោល​គឺសង្គ្រាម​នោះ មានរយៈពេល​ប្រមាណ​តែ​ជាង ២ខែ​ប៉ុណ្ណោះ។

សហរដ្ឋអាមេរិក បានលើកពីមូលហេតុ​មួយចំនួន ក្នុងការវាយលុក ចូលក្នុង​រដ្ឋអធិបតេយ្យ​នេះ ដូចជា ប្រឆាំង​ភេរវកម្ម កំទេច​អាវុធ​​ប្រល័យ​​លោក (Weapon of mass destruction) និងចាប់ខ្លួន​ប្រធានាធិបតីផ្ដាច់ការ លោក សាដាម ហ៊ូសេន (Saddam Hussein) ដើម្បី​ផ្ដល់​ជូន​ទៅ​ប្រជាជនអ៊ីរ៉ាក់ នូវលិទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។ ប៉ុន្តែ​មូលហេតុ​ខាង​លើ ត្រូវ​បាន​ច្រាន​ចោល ដោយ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​មួយ​ចំនួន រួម​នឹង​សាធារណមតិ​អាមេរិក​ខ្លួន​ឯង​ផង និង​បន្ទាប់​មក​ត្រូវ​បាន​រក​ឃើញថា ជាការប្រឌិតឡើង ដើម្បីមាន​«លេស» ក្នុងការវាយលុក​ចូលប្រទេសអ៊ីរ៉ាក់។

» សូមអានអត្ថបទបន្ថែម ជាភាសាអង់គ្លេស របស់គេហទំព័រវីគីផេឌៀរ ដែលនិយាយយ៉ាងលំអិត ពីប្រវត្តិប្រទេសអ៊ីរ៉ាក់

យ៉ាងណា​ក៏ដោយ មកដល់ថ្ងៃនេះ ប្រទេសអ៊ីរ៉ាក់ មានរដ្ឋាភិបាល​ប្រជាធិបតេយ្យ ដែលចេញ​ពីការ​បោះ​ឆ្នោត ​និង​កំពុង​ដឹកនាំ​ការប្រយុទ្ធ ប្រឆាំងនឹង​ក្រុម​ភេរវនិយម រដ្ឋអ៊ីស្លាម នៅភាគខាងជើង​ប្រទេស ដោយ​ដណ្ដើម​យក​ទឹកដី មកកាន់កាប់វិញ​បាន​ជាបណ្ដើរៗ។ ជាពិសេស​បំផុតនោះ គឺប្រទេស​អ៊ីរ៉ាក់ គ្មាន​ប្រវត្តិនៃការធ្វើ​បដិវត្តន៍​​ពណ៌ ឬ​បដិវត្តន៍​ផ្កា​ម្លឹះ​ទេ៕​

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...