សួង សោភ័ណ្ឌ គ្រោងប្តឹង ហ៊ុន សែន ទៅតុលាការរឿង«បាតដៃទីបី»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំនឹងប្តឹងលោក ហ៊ុន សែនម្តងទៀត និងបក្សពួករបស់គាត់ នូវអំពើល្មើសច្បាប់ ដែលកំពុងប្រព្រឹត្តនៅកម្ពុជាសព្វថ្ងៃ ពាក់ព័ន្ធនឹងបាតដៃទីបី ឬការប្រើប្រាស់មនុស្សខុសយុត្តាធិការ ឬមនុស្សគ្មានសមត្ថកិច្ចនឹងអនុវត្ត។ (...) ខ្ញុំនឹងប្តឹងរកខុសរកត្រូវ។ បើទោះបីជាតុលាការមិនព្រមដោះស្រាយ ហើយដំកល់រឿងនោះទុកមិនចាត់ការក៏ដោយ តែ(វា)ជាសារមួយដល់យុវជន ឲ្យចេះងើបប្តឹងទាំងអស់គ្នា។» នេះជាការបញ្ជាក់ របស់ប្រធានសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិលោក សួង សោភ័ណ្ឌ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។
លោក សួង សោភ័ណ្ឌ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ S. Tith)
ប្រព័ន្ធយុត្តិធម៌ - ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិលោក សួង សោភ័ណ្ឌ បានប្រកាសជាថ្មីថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងបក្សពួក នាពេលខាងមុខនេះ ពាក់ព័ន្ធនឹងការប្រើប្រាស់នូវ«ក្រុមជនទីបីឬក្រុមបាតដៃទីបី»។
ប្រធានក្រុមយុវជនរូបនេះ បានធ្វើការរំលឹកឡើងវិញជាថ្មី នូវសម្តីរបស់លោកនាយករដ្ឋមន្រ្តី ក្នុងពេលកន្លងមកថា សូមប្រយ័ត្នបាតដៃទីបី ដែលក្នុងន័យនេះបានពន្យល់ថា «គាត់(ហ៊ុន សែន)នឹងប្រើបាតដៃទីបី»។ លោកបានបញ្ជាក់ទៀតថា ជាក់ស្តែងក្នុងពេលកន្លងមក តែងមានមនុស្សមួយក្រុមក្នុងឯកសណ្ឋាន«ឈុតខៀវ និងពាក់មួយឃ្លុប» និងមានមនុស្សមួយក្រុមផ្សេងទៀត ស្ថិតក្នុងសំលៀកបំពាក់«ស៊ីវិលពាក់មួយឃ្លុប»ដូចគ្មាដែរ។ លោកបានធ្វើការចោទជាសំនួរថា តើក្រុមទាំងនោះ ជាក្រុមបាតដៃទីបី? អ្នកណាមានលទ្ធភាពបង្កើតឡើង នូវក្រុមសន្តិខុស សណ្តាប់ធ្នាប់ ឬគេហៅម្យ៉ាងទៀតថា«ក្រុមបញ្ជាការពារភូមិ»ទាំងនេះ?
» សូមអានអត្ថបទនេះឡើងវិញ។
សូមរម្លឹកដែរថា ឲ្យតែមានការជួបជុំធ្វើបាតុកម្មរបស់យុវជន ប្រជាពលរដ្ឋ រាប់ចាប់តាំងពីដើមខែមករាមក តែងតែមានការប៉ះទង្គិច កើតឡើងវាងក្រុមសន្តិសុខថែរក្សាសណ្តាប់ធ្នាប់ និងបាតុករ។ ហើយរាល់ការប៉ះទង្គិចគ្នាទាំងនោះ ត្រូវបានប្រជាពលរដ្ឋរងគ្រោះទាំងនោះលើកឡើងថា ជាក្រុមជនបាតដៃទីបីជាអ្នកបង្កឡើង។
» សូមអានអត្ថបទនេះឡើងវិញ។
លោក សួង សោភ័ណ្ឌ បានបន្តថា ក្រុមទាំងនោះមិនមែនជាសមត្ថកិច្ច មិនមែនជាមនុស្សដែលមានយុត្តាធិការ ឬមិនមែនជាអ្នកអនុវត្តច្បាប់។ «ខ្ញុំនឹងមានចំណាត់ការនាពេលខាងមុខហ្នឹង រាល់អំពើទាំងឡាយណាដែលគាត់ (ហ៊ុន សែន) ប្រើ"ជនទីបី"ទៅ ហើយដែលមានសមត្ថកិច្ចនៅពីក្រោយខ្នង។»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកបានបញ្ជាក់ទៀតថា នឹងប្រឆាំងនូវរាល់ទង្វើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងតែអនុវត្តល្មើសច្បាប់ ហើយបានប្រើប្រាស់នូវក្រុមមនុស្សដែលគ្មានយុត្តាធិការ ទៅធ្វើបានប្រជាពលរដ្ឋស្លូតត្រង់ ដោយបានចាត់ទុក ក្រុមទាំងអស់នោះ (ក្រុមពាក់ពួកឃ្លុបចូលវាយប្រជាពលរដ្ឋ) ជាក្រុមគ្មានតួនាទី គ្មានក្របខ័ណ្ឌ និងគ្មានការតែងតាំងអ្វីទាំងអស់។ ការប្រើប្រាស់កម្លាំងស៊ីវិល មកវាយកម្ទេចសម្ភារៈផ្សេងៗរបស់ ប្រជាពលរដ្ឋដទៃផ្សេងទៀត ជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជននោះជា«បទល្មើសព្រហ្មទណ្ឌ»។ «នៅកម្ពុជាមានច្បាប់ហើយ មិនព្រមអនុវត្តច្បាប់ អ្នកអនុវត្តច្បាប់បង្កើតតែបញ្ហា។ (...) ដូច្នេះអ្នកដែលនាំឲ្យមានការអនុវត្តច្បា់មុនគេគឺ ជា"យុវជន"។»
» សូមអានអត្ថបទនេះឡើងវិញ។
ដូច្នេះការប្រើក្រុមទាំងនេះមកវាយប្រជាពលរដ្ឋជាករណី«រំលោភ»ច្បាប់ទាំងស្រុង ដែលត្រូវមានទោសព្រហ្មទណ្ឌ។ ទាំងអស់នេះហើយ ដែលជាភស្តុតាងសម្រាប់រូបលោក ក្នុងការប្តឹងលោកនាយករដ្ឋមន្រ្តីសារជាថ្មីនោះ។ លោកបានចាត់ទុកថា ការលើកឡើងរបស់លោក ហ៊ុន សែន នោះ មានន័យថា ជាការបើកផ្លូវឲ្យរចនាសម្ព័ន្ធ ឬក្រុមសមត្ថកិច្ចទាំងអស់នោះធ្វើរឿងនេះ (ក្រុមបាតដៃទីបី)។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ទាក់ទងនឹងជនបាតដៃទីបី ថាជា«អ្នកផ្តួចផ្តើមគំនិត»ឲ្យមានក្រុមនេះឡើង។
ក្នងពេលកន្លងមក ប្រភពច្បាស់ការមួយធ្លាប់បានអះអាងប្រាប់ទស្សនាវដ្ដីថា ក្រុមសន្តិខុសទាំងនោះ បានបន្លំខ្លួនចូលធ្វើជា«អ្នកតវ៉ា» ហើយបានបង្កឲ្យមានហិង្សាជាមួយនិងសន្តិសុខគ្នាឯង ដើម្បីបានជាលេសមួយ បើកឱកាសឲ្យមានការបង្ក្រាបមកលើពលរដ្ឋអ្នកតវ៉ាដោយអហិង្សាពិតប្រាកដវិញ។
» សូមអានអត្ថបទនេះឡើងវិញ។
ឯក្រុមសង្គមស៊ីវិលជំនាញ ក្នុងការឃ្លាំមើលការអនុវត្តសិទ្ធិមនុស្ស និងច្បាប់ បានសម្ដែងនូវប្រតិកម្មជារឿយៗ ទល់នឹងរាល់សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុង«បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ»ជាមួយនឹងការ«ប្រើកងកម្លាំងខុសច្បាប់» មកបង្ក្រាបលើការតវ៉ារបស់ពលរដ្ឋ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
» សូមអានអត្ថបទនេះឡើងវិញ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃក្រសូងមហាផ្ទៃបានទេ ក្នុងថ្ងៃសៅរ៍នេះ។ តែកន្លងមកក្រសួងមហាផ្ទៃ មិនបានទទួលស្គាល់ក្រុមជនបិទមុខទាំងនោះទេ ហើយក៏ធ្លាប់បានស្នើទៅសាលារាជធានីភ្នំពេញឲ្យបញ្ឈប់នូវការជួល និងប្រើប្រាស់កម្លាំងក្រុមហ៊ុនឯកជន ឬកម្លាំងគ្មានសមត្ថកិច្ចទាំងនោះ ដើម្បីយកមកវាយ និងបង្ក្រាបក្រុមបាតុករដែរ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះមានយុវជនពីររូបហើយ ដែលចេញមុខប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបុរសខ្លាំង មានឥទ្ធិពល និងអំណាចនៅកម្ពុជានោះ តែនៅរាល់ពាក្យបណ្ដឹងរបស់ពួកគេ សុទ្ធតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញច្រានចោល ដោយដំកល់រឿងទុកមិនចាត់ការជាបន្តបន្ទាប់៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៩ មេសា ២០១៤