គណៈកម្មការចម្រុះ៖ យឹម សុវណ្ណ ថាអាស្រ័យលើបក្សកាន់អំណាចនិងគ.ជ.ប
គណកម្មការចម្រុះមានឯករាជ្យភាព ដែលស្មើឲ្យបង្កើតដោយគណបក្សសង្គ្រោះជាតិ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោតបង្កើតបានឬអត់ គឺអាស្រ័យលើគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
ការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា នៅមណ្ឌលវត្តវង្គត្តបូរី ថ្ងៃទី២៨ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២ ខែសីហា នេះថា៖ «គណបក្សសង្រ្គោះជាតិ ជាអ្នកស្មើឲ្យបង្កើតគណកម្មការចម្រុះ ហើយការបង្កើតអាចទៅរួចឬអត់ គឺអាស្រ័យលើគណបក្សកាន់អំណាចនិង គ.ជ.ប»។
មន្រ្តីអ្នកនាំពាក្យរូបនេះ បានបន្តថាអង្គការសហប្រជាតិ និងអង្គការសង្គមស៊ីវិលមិនបានជំទាស់ ចំពោះការស្មើសុំនេះទេ ខណៈដែលមានប្រជាពលរដ្ឋជាងមួយលាននាក់ បានបាត់ឈ្មោះមិនបានចូលរួមការបោះឆ្នោត ហើយពួកគេត្រូវការយុត្តិធម៌។
គណកៈម្មាធិការជាតិរៀបចំការបោះឆ្នោត កន្លងមកបានបដិសេធ ចំពោះការបង្កើតគណកម្មការចម្រុះ ដោយលើកហេតុផលថាវាមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប។
ឯអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចលោក ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៣ បានបង្ហាញការគាំទ្រ ចំពោះការបង្កើតគណកម្មការចម្រុះ សម្រាប់ធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព ដែលអាចទទួលយកបានទាំងអស់គ្នា។
តែលោកបានបញ្ជាក់ថាមន្រ្តីជាន់ខ្ពស់បីរូប របស់គណបក្សប្រជាជនកម្ពុជារួមមាន លោក ស ខេង លោក សុខ អាន និងលោក សាយ ឈុំ នឹងធ្វើជាតំណាងទៅធ្វើការចរចារ ជាមួយគណបក្សសង្រ្គោះជាតិ។ ទន្ទឹមនឹងនេះដែរលោក ហ៊ុន សែន សង្កត់ធ្ងន់ថា រូបលោកអាចនឹងជួបចរចារផ្ទាល់ ជាមួយប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងករណីចាំបាច់។
ថ្មីៗនេះលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់ កាសែតភ្នំពេញប៉ុស្តិ៍ថា៖ «យើងនឹងមិនចរចារជាមួយគណបក្សប្រជាជនទេ ប្រសិនបើមិនបានបង្កើតគណកម្មការចម្រុះ ដែលមានការចូលរួមពីគណបក្សនយោបាយ អង្គការជាតិនិងអន្តរជាតិទេនោះ»។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានពន្យល់ថាប្រសិនបើរដ្ឋាភិបាល និងគ.ជ.ប ចង់ឲ្យពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត និងពិភពលោកទាំងមូល មានការជឿជាក់លើភាពស្មោះត្រង់ សុចរិទ្ធភាព។ ពួកគេគួតែបើកច្រកឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងពហុភាគី។ ផ្ទុយមកវិញបើពួកគេចង់ទុកឲ្យប្រជាពលរដ្ឋ មានមន្ទិលសង្ស័យ មានការចោទប្រកាន់ និងមិនមានការជឿជាក់លើដំណើរការបោះឆ្នោត ពួកគេមិនបាច់បើកឲ្យមានការស៊ើបអង្កេតនោះទេ។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅខេត្តកណ្តាលលោក ហ៊ុន សែន ថ្លែងថា៖ «ការដោះស្រាយបញ្ហា គឺមានតែការចរចាគ្នា រវាងគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា តាមរយៈការបែងចែកមុខតំណែង»។
លោក ហ៊ុន សែន បានអះអាងថាគណបក្សប្រជាជនកម្ពុជាបាន ឈ្នះសំឡេងច្រើនលើសលប់ សម្រាប់ការបោះឆ្នោតនេះ។ តែលោកមិនបាន បញ្ជាក់ពីចំនួនអាសនៈថាមានចំនួនប៉ុន្មាននោះទេ ដោយទុកជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអ្នកប្រកាស ។
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ