សង្គ្រាម​ហ្វេសប៊ុក​កម្ពុជា៖ គណបក្ស​កាន់​អំណាច​«ភ្ញាក់​ខ្លួន»​? (វគ្គ១)

ជាមួយនឹងលទ្ធផលនៃសន្លឹកឆ្នោត ដែលបានបន្ទាបគណបក្សកាន់អំណាច ឲ្យទទួលចំនួនកៅអីធ្លាក់មកជិតស្មើ​នឹង​គណបក្សប្រឆាំង (ឬចាញ់គណបក្សប្រឆាំង) នោះ ធ្វើឲ្យគេដឹងពីតួនាទីរបស់បណ្ដាញសង្គមមួយដ៏ល្បី ឈ្មោះ«ហ្វេសប៊ុក (facebook)» ហើយដែលសម្រាប់អ្នកនយោបាយ សង្គ្រាមដែលត្រូវធ្វើតាម​រយៈកងទ័ព នៃបណ្ដាញសង្គមដ៏មានឥទ្ធិពល​នេះ ពិតជាចាំបាច់ណាស់។ ប៊ុក (facebook) មួយនេះ ពិតជាចាំបាច់ណាស់។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: August 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងលទ្ធផលនៃសន្លឹកឆ្នោត ដែលបានបន្ទាបគណបក្សកាន់អំណាច ឲ្យទទួលចំនួនកៅអីធ្លាក់មកជិតស្មើ​នឹង​គណបក្សប្រឆាំង (ឬចាញ់គណបក្សប្រឆាំង) នោះ ធ្វើឲ្យគេដឹងពីតួនាទីរបស់បណ្ដាញសង្គមមួយដ៏ល្បី ឈ្មោះ«ហ្វេសប៊ុក (facebook)» ហើយដែលសម្រាប់អ្នកនយោបាយ សង្គ្រាមដែលត្រូវធ្វើតាម​រយៈកងទ័ព នៃបណ្ដាញសង្គមដ៏មានឥទ្ធិពល​នេះ ពិតជាចាំបាច់ណាស់។


ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃដាក់ជាសញ្ញា។ (រូបភាព AP Photo/Heng Sinith)

ហ្វេសប៊ុកជាបណ្ដាសង្គម ដែលមានប្រជាប្រិយភាពខ្លាំងជាងគេបង្អស់ នៅក្នុងពិភពលោក។ បណ្ដាញនេះបង្កើតឡើងនៅ​ឆ្នាំ២០០៤ ដោយយុវជនជនជាតិអាមេរិកាំងមួយរូប ដែលមកទល់នឹងពេលនេះ គាត់មានអាយុទើបតែ ២៩ឆ្នាំប៉ុណ្ណោះ ហើយបណ្ដាញសង្គមដែលបានក្លាយសឹងតែជាថ្នាំញៀនមួយនេះ មានមនុស្សចូលមកចុះឈ្មោះជា​​សមាជិកមានចំនួន​ដ៏​ច្រើនហួសប្រមាណ រហូតជាង១,១៥ពាន់​លាន​គណនី (ស្ថិតិនៅខែកក្កដាឆ្នាំ២០១៣) ដែលមិនធ្លាប់មានបណ្ដាញ​សង្គម​ណាដូច។ សម្រាប់សមាជិកដែលបានចុះឈ្មោះ និងដាក់ទីលំនៅ​ស្នាក់អាស្រ័យនៅប្រទេសកម្ពុជា តួលេខដែល​មនោរម្យព័ងអាំងហ្វូស្រាវជ្រាវ និងទទួលបាននៅខណៈនេះ អ្នកមានគណនីនៅក្នុងហ្វេសប៊ុក មានចំនួនច្រើនជាង ១,០៦លាននាក់ ក្នុងនោះចំនួនជាង៤សែននាក់ជាស្ត្រី។ បើចំនួនអ្នកចូលទៅលេខមានចំនួនសន្ធឹកសន្ធាប់បែបនេះ សួរ​ថាតើហ្វេសប៊ុកមានឥទ្ធិពលអ្វី នៅក្នុងសង្គមនិងនយោបាយនៅ​កម្ពុជា?

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជា ធ្លាប់បានអំពាវនាវទៅបណ្ដាជនដែល​មាន​គណនី ប្រើប្រាស់ក្នុងបណ្ដាញសង្គមដ៏ល្បីមួយនេះ ជាពិសេសយុវជនៗ ឲ្យជួយចុច«ចូលចិត្តតាមដាន (Like)»ទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោក ឲ្យបានឈ្នះ និងច្រើនជាងទំព័រហ្វេសប៊ុកមួយទៀត ដែលលោកគិតថាជាទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister។ នៅពេលនោះ លោកនាយករដ្ឋមន្ត្រី បានឆ្លើយតបមកវិញថា លោកមិនមានហ្វេសប៊ុកផ្ទាល់ខ្លួននោះទេ ហើយថា លោកសុខចិត្ត​យក​ពេលទំនេររបស់លោក ទៅតាមដានព័ត៌មាន និងទៅលេងអុកវិញប្រសើរជាង។

ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន ទំនងជាលោកមានទំនុកចិត្តជាខ្លាំង ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មាន​រួមទាំងវិទ្យុទូរទស្សន៍ ទាំងការសែតបោះពុម្ភ ព្រមទាំងគេហទំព័រផ្សេងទៀតជាច្រើននោះផង។ គណបក្សប្រជាជន ជឿ ជាក់ថា ខ្លួនពិត​ជាមាន​មធ្យោបាយគ្រប់គ្រាន់ ដើម្បីធ្វើការទាក់ទាញសម្លេងឆ្នោត និងធ្វើជាកម្មវិធីកំសាន្ដគ្រប់ប្រភេទ រាប់ ទាំងការយកអ្នកសិល្បៈ មកទាក់ទាញចំណាប់អារម្មណ៍រាស្ត្រខ្មែរម្ចាស់ឆ្នោតនោះផង។ ម្យ៉ាងទៀតការមិនឲ្យតម្លៃ ទៅ​បណ្ដាញសង្គមហ្វេសប៊ុក ដោយគណបក្សនេះយល់ថា អ្នកដែលចូលទៅលេងភាគច្រើន ច្រើនតែនៅឯបរទេស ហើយវា​នឹងមិនប៉ះពាល់អ្វីច្រើនឡើយ បើប្រៀបធៀបទៅនឹងសម្លេងឆ្នោតក្នុងស្រុក។

ផ្ទុយទៅវិញ ដៃគូរបដិបក្ខរបស់លោកហ៊ុន​ សែន ឯណោះវិញ ជាមួយនឹងមធ្យោបាយស្ដួចស្ដើង ដែលរកបានទាំងត្រដរ នៅ​ក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក សម រង្ស៊ី បានប្រើប្រាស់បណ្ដាញហ្វេសប៊ុកនេះ ជាផ្លូវការ និងជាមធ្យោបាយ​ធំ​ទីមួយ ក្នុងការធ្វើសេចក្ដីថ្លែងការណ៍នានា និងការឃោសនាទាក់ទាញសម្លេងឆ្នោត ជាពិសេសនៅក្នុងស្រទាប់​យុវជន​ជំនាន់ក្រោយ ដែលស្រេកឃ្លានចំណេះដឹងនិងរបកគំឃើញថ្មីៗ។ ទំព័រផ្លូវការដែលមានអាយុទើបតែជាងបីខែ របស់​ប្រធាន​គណបក្សប្រឆាំងរូបនេះ បានកើនប្រជាប្រិយភាពកាន់តែច្រើនឡើងៗ រហូតទទួលការចុច«ចូលចិត្ត​តាមដាន»​មក​ទល់នឹងថ្ងៃនេះ បានច្រើនជាង ១,៨៨សែននាក់។ ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា​ ក៏​ទទួលបានការចុចចូលទៅ«ចូលចិត្តតាមដាន» ច្រើនជាង ១,៥៧សែននាក់ គួរសមដែរ។

ក្រៅពីនេះ គណបក្សប្រឆាំងនៅមានទំព័រមិនផ្លូវការជាច្រើនទៀត ដែលមានសមាជិកជាច្រើនរ៉ាប់ម៉ឺនសែននាក់ដូចគ្នា និង​ទំព័រឯកជនរាប់សិបផ្សេងទៀត ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង នៅលើហ្វេសប៊ុក។ ជាមួយនឹងទំព័រទាំងនេះ ចលនាប្រឆាំងនៅកម្ពុជាបានពង្រីកបណ្ដាញរបស់ខ្លួន ដើម្បីនិយាយបកអាក្រាតពីរាល់ចំនុចខ្សោយ នៃនយោបាយ​របស់​រដ្ឋាភិបាល និងគណបក្សកាន់អំណាច។ សមាជិកខ្លះទៀត បានយកបច្ចេកវិទ្យាថ្មីតាមបណ្ដាញសង្គមមួយនេះ មកធ្វើការ​ទម្លាយអាថ៌កំបាំងផ្សេងៗទៀត គ្រប់បែបយ៉ាងជាពិសេស នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដូចជាទឹកភ្លៀងជន​លិច​ទីក្រុង ដែលគ្មានការ​អភិវឌ្ឍន៍​ផ្នែកលូទឹក អំពើពុករលួយរបស់មន្ត្រីអាជ្ញាធរ ឬនាយកសាលាបង្ខំគ្រូបង្រៀន​ឲ្យបម្រើ​គណបក្ស ...ដែលមន្ត្រី​ខិលខូច​ទាំង​នោះសុទ្ធសឹងជាមន្ត្រីបានបុណ្យឡើង«តាមជើងខោ» របស់រដ្ឋាភិបាលលោកហ៊ុន សែន នោះជាដើម។

លិទ្ធិផ្លែល្វានៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក

នៅមុនថ្ងៃបោះឆ្នោតថ្ងៃទី២៨ខែកក្កដា បណ្ដាអ្នកវិភាគទាំងក្នុងស្រុកនិងទាំងក្រៅស្រុក សុទ្ធតែបានរំពឹងថា គណបក្សកាន់​អំណាចរបស់លោកហ៊ុនសែន នឹងនៅតែឈ្នះដោយសម្លេងភាគច្រើន ហើយនឹងបន្តកាន់អំណាច ដែលមានរយៈពេលជិត​៣០ឆ្នាំរួចហើយនេះតទៅទៀត។ តែអ្វីដែលគេនឹកស្មានមិនដល់ ហើយដែលធ្វើឲ្យស្ថានការណ៍​នយោបាយក្នុង​ប្រទេស​កម្ពុជា បានប្រែក្រឡាស់ និងបង្កឲ្យគណបក្សប្រឆាំងបែរជាមានទម្ងន់ ក្នុងការកំណត់វាសនាប្រទេសនោះ គឺលទ្ធផល​ដែលបានប្រដេញគ្នា យ៉ាងប្រកិតរវាងគណបក្សធំៗទាំងពីរ។ មកទល់នឹងពេលនេះ គណបក្សទាំងពីរបានប្រកាស​ជ័យជំនះ ពីការ​បោះឆ្នោតនេះតែរៀងៗខ្លួន ហើយបានធ្វើឲ្យគេចោទជាសំនួរថា ហេតុអ្វីក៏ប្រជារាស្ត្រខ្មែរម្ចាស់ឆ្នោត ហាក់លែង​នៅក្នុង​ការលង់លក់ជាបន្ត តែបែរជាបានចេញទៅបោះឆ្នោត និងខ្លះទៀត បានទាំងធ្វើការតវ៉ាពីសិទ្ធិរបស់ខ្លួន ដែលត្រូវបាន​គេ​បំបាត់ចោល ក្នុងពេលបោះឆ្នោតនោះថែមទៀត។

ចម្លើយមានតែមួយទេ គឺសក្ដានុពលដ៏ខ្លាំងក្លា នៃប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រជាធិបតេយ្យ ដែលប្រព័ន្ធបែបនេះ «មិនដែល»​ត្រូវបានក្រុមដែលមាននិន្នាការកុម្មុយនីស នឹកនាដល់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រជាធិបតេយ្យ ដែល​ក្រុមប្រឆាំងបានជ្រើសរើស តាមរយៈបណ្ដាញហ្វេសប៊ុកនេះ បានពង្រីកខ្លួនខ្លាំងឡើង ព្រោះបើសូម្បីតែនៅតាមខេត្ត ក៏ក្រុមយុវជនវ័យគ្រប់ការទាំងនោះ មិនពិបាកនឹងបើកគណនីនៃបណ្ដាញសង្គមនេះ នៅតាមទូរស័ព្ទដៃរបស់​ពួក​គេ​នោះឡើយ។ ពួកគេជាច្រើនបាននិយាយថា គេសុទ្ធចិត្តចំណាយប្រាក់ទិញទិន្នន័យតាមប្រព័ន្ទទូរស័ព្ទ ដើម្បីបានចូល​ទៅលេងហ្វេសប៊ុក មើលព័ត៌មានថ្មី និងច្បាស់ការ តែពួកគេមិនចង់សូម្បីបន្តិចឡើយ ចំណាយថ្លៃភ្លើងអគ្គិសនី ឬអង្គុយ ឲ្យ«ក្ដៅគូថ» នៅពីមុខការធ្វើវិភាគ ប្រកបដោយទស្សនវិស័យដ៏មហាអស្ចារ្យ របស់ក្រុម«មហាបណ្ឌិត»មួយចំនួន នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុកនោះ។

ជារឿយៗ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភាគច្រើន ត្រូវបានរងការរិះគន់ថា មិនមានវិជ្ជាជីវះពិតប្រាកដ មិនឯករាជ្យ និង​លំអៀងទៅរកគណបក្សកាន់អំណាច។ កម្មវិធីព័ត៌មាន និងរបាយការណ៍ភាគច្រើន ត្រូវបានរឹតត្បិត និងរងការ​បង្គាប់​បញ្ជា។ ពិធិករជាច្រើននាក់ មានជំនាញខាងសូត្ររត់មាត់តាមបែបនយោបាយ«ដដែលៗ» ច្រើនជាងការធ្វើអាត្ថាធិប្បាយ​ប្រកបដោយវិជ្ជាជីវះ។ ការផ្សាយនោះទៀតសោធ គេសង្កេតឃើញច្រើនតែជាការផ្សព្វផ្សាយ​សកម្មភាព​ ឲ្យបក្សកាន់​អំណាច និងភារកិច្ចមួយចំនួនរបស់រដ្ឋាភិបាល ដែលមានភាពដដែលៗ និងមានលក្ខណៈចាប់បង្ខំ ដោយមិនខ្ចី​រវល់ថា​តើប្រិយមិត្តរបស់ខ្លួនចង់បានអ្វីនោះផង។ ករណីទាំងនេះហើយ ដែលបណ្ដាជន ត្រូវតែដើរទៅស្វែងរកប្រព័ន្ធផ្សព្វផ្សាយ​ផ្សេង​ទៀត ដែលគេគិតថា មានប្រភពព័ត៌មានសម្បូរបែប សព្វទិសតំបន់ ទាក់ទងគ្រប់ហេតុការណ៍ ទាំងសង្គម និង នយោបាយ។

បន្ទាប់មកទៀត នៅលើបណ្ដាញហ្វេសប៊ុកនេះ ការចូលរួមរបស់ក្រុមយុវជនទាំងក្រុមៗ ទាំងប្រុសទាំងស្រី ដែល​ពួកគេ​គិតថាមានលក្ខណៈ«ទាន់សម័យ»នោះ មានសភាពកាន់តែក្លៀវក្លាខ្លាំងឡើង ក្នុងនោះមានការ«ហ៊ាន»និយាយ អោយ​យោបល់ជជែកពិភាក្សា និងចរន្តមួយចំនួនទៀត ដែលទាមទារឲ្យមានការផ្លាស់ប្ដូរឲ្យខាងតែបាន នូវ«របប»កាន់​អំណាច​ជិត៣០ឆ្នាំ របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលសម្រាប់ពួកគេ មិនមានអ្វីរីកចម្រើនឡើយ ក្រៅតែពីការអភិវឌ្ឍន៍​ជំហាន​«អណ្ដើក»នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ខាងគណបក្សប្រឆាំង បាននិយាយថា នោះជាការងើបឈរឡើង​របស់​រាស្ត្រម្ចាស់ឆ្នោត។ តែផ្ទុយទៅវិញ គណបក្សកាន់អំណាចតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន បានហៅការផ្សព្វផ្សាយ​តាមបណ្ដាញហ្វេសប៊ុននោះ ថាជាការបំប៉ោងសភាពការណ៍ ការបំពុលបរិយាកាសសង្គម ... ដោយក្រុមប្រឆាំង និងក្រុម ជ្រុល​និយមមួយចំនួន។

ការស្រាវជ្រាវរបស់យើង នឹងត្រឡប់មកវិញដើម្បីពិនិត្យឲ្យឃើញថា បើរដ្ឋាភិបាលរបស់លោកហ៊ុន សែន នៅតែបន្ត​អំណាច តើហ្វេសប៊ុក អាចនឹងត្រូវបានបិតទ្វាឬយ៉ាងណា? ថាតើនៅពេលនេះ គណបក្សកាន់អំណាចនឹង​រៀបចំការ​វាយបកវិញ តាមរយៈហ្វេសប៊ុកដោយរបៀបណា និងយ៉ាងដូចម្ដេច? បន្ទាប់មកទៀត សម្រាប់អ្នកដែលបង្កើត​គណនី​«ក្លែងក្លាយ» នឹងទទួលបានផលត្រឡប់មកវិញដោយរបៀបណា? តើមានអ្នករងគ្រោះនឹងហ្វេសប៊ុកដែរឬទេ?

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...