កែម ឡី៖ មាន​ហិង្សា ព្រោះ​បុគ្គល​ព្រៃ​មាន​សិទ្ធិ ក្នុង​ការ​«ព្យួរ»​រដ្ឋធម្មនុញ្ញ

«ច្បាប់»ជា«ច្បាប់»។ បើឋានៈត្រឹមចៅហ្វាយក្រុង ឬត្រឹមនាយករដ្ឋមន្រ្តី មានសិទ្ធិ ឬហ៊ានព្យួរច្បាប់រដ្ឋធម្មនុញ្ញ ដែល​រដ្ឋសភាជាតិបានអនុម័ត ក្នុងនាមប្រទេសជាតិទាំងមូលនោះ តើអ្វីទៅជាការអនុវត្តច្បាប់? នេះជាការបង្ហាញនូវ​ការ​សោកស្តាយ របស់លោក កែម ឡី អ្នកវិភាគឯករាជ្យ។
កែម ឡី៖ មាន​ហិង្សា ព្រោះ​បុគ្គល​ព្រៃ​មាន​សិទ្ធិ ក្នុង​ការ​«ព្យួរ»​រដ្ឋធម្មនុញ្ញ
ខាងមុខ៖ គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត MONOROOM.info)
Loading...
  • ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 16, 2014
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ច្បាប់កម្ពុជា - ហេតុអ្វីបុគ្គលម្នាក់ មានសិទ្ធិក្នុងការព្យួររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលមួយនេះ?

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក កែម ឡី អ្នកវិភាគឯករាជ្យបានលើកឡើងថា បញ្ហាដែលកើតមាន​រហូតមកដល់ដំណាក់ការនេះ បណ្តាលមកពីរដ្ឋាភិបាល ដែលមានសិទ្ធិពេញទីក្នុងការកាន់អំណាច ហើយធ្វើការ​ព្យួរ​រដ្ឋធម្មនុញ្ញ តាមរយៈបុគ្គលឯកជនមួយរូបប៉ុណ្ណោះ។ លោកបានបន្តរថា ជាងនេះទៅទៀត ថ្នាក់ដឹកនាំទាំងសងខាង មិនធ្វើការជួបចរចារគ្នា ដោយសន្តិវិធីទេ បែរជាបង្កើតនូវទីលានប្រកួតគ្នាបែប«ហិង្សា»នេះទៅវិញ។

ការថ្លែងរបស់លោក កែម ឡី បានធ្វើឡើងបន្ទាប់ពីអំពើហិង្សាមួយ បានផ្ទុះឡើងនៅទីលាន​ប្រជាធិបតេយ្យ ​កាល​ពី​ថ្ងៃទី១៥ ខែកក្កដា ម្សិលម៉ិញនេះ រវាងក្រុមបាតុករ និងក្រុមសន្តិសុខខណ្ឌ ដែលនាំឲ្យមានរបួសទាំងសងខាង។ ក្រុម​បាតុករ បានចូលទៅបួងសួង និងទាមទាឲ្យមានការដោះលែង ទីលានប្រជាធិបតេយ្យដែលឃុំឃាំងដោយរនាំង និង​បន្លាលួសនាពេលកន្លងមក ឲ្យមានសេរីភាពស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ។ ឯក្រុមសន្តិសុខវិញ ក្រោមមូលហេតុ​សណ្ដាប់ធ្នាប់ ទៅក្នុងគោល​បំណង​បំបែក​ មិន​ឲ្យ​មានការជួបជុំ ឬធ្វើបាតុកម្មនោះឡើយ។

អំពើហិង្សានេះ បានកើតឡើង ព្រោះបុគ្គលម្នាក់ ហើយបុគ្គលនោះមានសិទ្ធិជ្រុល រហូតហ៊ាន «ព្យួរ»ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់ជាតិ។ នេះបើតាម លោក កែម ឡី។ ហើយការដែលអាចធ្វើដូច្នេះបាន ព្រោះតែរដ្ឋាភិបាល​កម្ពុជាសព្វថ្ងៃ បាន​ប្រើប្រាស់ និងពាក់អាវលិទ្ធិ​ប្រជាធិបតេយ្យ​ក្លែងក្លាយ តាំងពីឆ្នាំ១៩៩៣មក។ អ្នកវិភាគដ៏ល្បីឈ្មោះ បានបន្តទៀតថា មកទល់នឹងពេលនេះ «អាវ»លិទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​នេះ ត្រូវបានរហែក។ ការរហែកនេះ បានបង្ហាញ​យ៉ាង​ច្បាស់មកវិញ នូវ«អាវ»បែបកុម្មុយនីស ព្រោះតែកម្លាំងយុវជន និង​បណ្តាញសង្គម។ លោកនិយាយទៀតថា៖ «ទឹកថ្លា វាមិនត្រឹមតែឃើញត្រីនោះទេ ឃើញទាំងអ្នកស្ទូចដ៏​សាហាវ»​ នោះទៀតផង។

អំពើហិង្សាដែលកើតឡើង ត្រូវតែមានការខាតបង់ ទាំងសងខាង។ ហើយការប្រកួតប្រជែងគ្នា បែបហិង្សានេះ អ្នក​ដែលត្រូវ​ខាត​បង់​ច្រើនជាងគេ គឺគណបក្សកាន់អំណាច។ ការខាតបង់នោះ រួមមានទំនុកចិត្តពីប្រជាពលរដ្ឋជាដើម។ ការគ្មាន​ទំនុកចិត្តនេះ ជាមូលហេតុមួយ ដែលនាំឲ្យកំហឹងប្រជាពលរដ្ឋ បន្តកើតមានកាន់តែខ្លាំងឡើងៗ។

ថ្នាក់ដឹកនាំ ដែល​មានឈាមជ័រជាអ្នក«សង្គ្រាម» ...

លោក កែម ឡី បានពន្យល់ទៀតថា គ្មានទេនូវការជួបចចារ តែផ្ទុយទៅវិញ បើមានការជួបជុំនោះ បែរជាមានអំពើ​ហិង្សាយ៉ាងសាហាវព្រៃផ្សៃទៅវិញ។ ករណីនេះ លោកបានធ្វើសេចក្តីសន្និដ្ឋានថា ប្រហែលមកពីថ្នាក់ដឹកនាំ ដែល​មានឈាមជ័រជាអ្នក«សង្គ្រាម» ហើយចេះតែនឹកឃើញ នូវ«សមរភូមិ»ប្រយុទ្ធដែលខ្លួនធ្លាប់ធ្វើ ដែលជាហេតុនាំ​ឲ្យ​មានការប៉ះទង្គិចគ្នានេះ។ លោក​ថា សមរភូមិទាំងនោះ​ពោរពេញដោយ«ជំងឺ» ហើយជំងឺនោះសោធ ក៏រីក​សាយ​ស្ទើរ​គ្រប់កន្លែង​ក្នុងប្រទេស​កម្ពុជា និងសឹងមិនអាចបញ្ចប់បាន ដោយងាយនោះដែរ ប្រសិនបើថ្នាក់ដឹកនាំគ្មាន​ឆន្ទះ​ក្នុង​ការទប់ស្កាត់។

ចំពោះដំណោះស្រាយទៅលើបញ្ហាទាំងអស់នេះ លោកបានឲ្យតម្លៃទៅលើការជួបគ្នាជាញឹកញាប់ នៃថ្នាក់ដឹកនាំ​នយោបាយ​ទាំងសងខាង។ ការជួបគ្នានេះ យ៉ាងហោចណាស់ ក៏ជួយបន្ថយនូវស្ថានភាពតានតឹង ផ្នែកនយោបាយ​បានច្រើនដែរ។ តែអ្វីដែលសំខាន់ជាងនេះ បើទោះជាក្រោយជំនួប មានសម្បទាននយោបាយត្រូវគ្នា តែបញ្ហា​សង្គម​មិនត្រូវបានដោះស្រាយនោះ ទាំងអ្នកដឹកនាំ និងប្រជាពលរដ្ឋក៏គ្មានសេចក្តីសុខដែរ។

ជម្រះ «ព្រៃ» ចេញពី​ក្នុង​ខួរក្បាល ...

អ្នកវិភាគរូបនេះបានលើកឡើងថា បើចង់បំបាត់នូវជំងឺបែបហិង្សាទាំងនេះបាន ជាដំបូងត្រូវជម្រះ «ព្រៃ» ចេញពី​ក្នុង​ខួរក្បាល របស់ថ្នាក់ដឹកនាំជាមុនសិន ហើយជំនួសវិញដោយភាពភ្លឺថ្លា ឬភាពដឹកនាំល្អតាមបែបចូលរួមវិញ។ លោក​និយាយថា នៅពេលនោះ ដំណោះស្រាយនឹងត្រូវកើតមានឡើង។ ប្រព័ន្ធសង្គមកំពុងកំរើកឡើង ប្រជា​ពលរដ្ឋ​កំពុង​ប្រើប្រាស់ នូវសិទ្ធិសេរីភាពរបស់ខ្លួន ឯរដ្ឋាភិបាលបែរជាប្រជែង ឬប្រឹងបង្កើតនូវកម្លាំងទ័ព សន្តិសុខ នគរបាល ដែល​មានលក្ខណៈបញ្ច្រាសទិសដៅរបស់ប្រជាពលរដ្ឋនោះ មិនអាចអនុវត្តបានទេ ហើយមិនយូរឡើយ  នឹងឈានទៅ​ទទួល​បរាជ័យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...