អ្នក​រាយ​ការណ៍​ពិសេស អ.ស.ប ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន​​តំណាង​រាស្ត្រ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូរិយ៉ា ស៊ូប៊ែឌី បាន​ជំរុញឱ្យភាគីកម្ពុជាទាំងអស់ ឲ្យមានភាពអត់ធ្មត់ និងត្រឡប់មករកការដោះស្រាយ ដោយសន្តិវិធីវិញ។ នៅក្នុង​សេចក្ដីអំពាវនាវមួយចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដានេះ លោក ស៊ូប៊ែឌី បានរំលឹកឡើងវិញ នូវសេចក្ដីស្នើ​របស់​លោក ដើម្បីដាក់បញ្ចប់នូវការហាមប្រាម លើការធ្វើបាតុកម្មដោយសន្តិវិធី។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូរិយ៉ា ស៊ូប៊ែឌី បាន​ជំរុញឱ្យភាគីកម្ពុជាទាំងអស់ ឲ្យមានភាពអត់ធ្មត់ និងត្រឡប់មករកការដោះស្រាយ ដោយសន្តិវិធីវិញ។ នៅក្នុង​សេចក្ដីអំពាវនាវមួយចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដានេះ លោក ស៊ូប៊ែឌី បានរំលឹកឡើងវិញ នូវសេចក្ដីស្នើ​របស់​លោក ដើម្បីដាក់បញ្ចប់នូវការហាមប្រាម លើការធ្វើបាតុកម្មដោយសន្តិវិធី។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិមនុស្ស - ពីទីស្នាក់ការកណ្ដាល នៃឧត្ដមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស លោក ស៊ូរិយ៉ា ស៊ូប៊ែរឌី បានថ្លែងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នេះថា៖ «ព្រឹត្តិការណ៍កាលពី​ម្សិល​មិញ (ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤) បានបង្ហាញថា ការតូចចង្អៀតនៃទំហំលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីខែមករាមកនោះ បាន​បង្កឲ្យ​​មានផលប៉ះពាល់ជាអវិជ្ជមាន ទៅលើការអាស្រ័យផលសិទ្ធិមនុស្ស សម្រាប់​ពលរដ្ឋកម្ពុជាទាំងអស់»។

ការប៉ះទង្គិចដ៏ហិង្សាមួយ បានកើតឡើងនៅទីលាន​ប្រជាធិបតេយ្យ ​កាល​ពី​ថ្ងៃទី១៥ ខែកក្កដា ម្សិលម៉ិញនេះ រវាង​ក្រុមបាតុករដឹកនាំដោយក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ និងក្រុមសន្តិសុខឯកជន ដែលជួលដោយសាលាខណ្ឌ និងសាលារាជធានី។ ការប៉ះទង្គិចនោះ បានធ្វើមនុស្សមិនតិចជាង៤០នាក់ បាន​រង​របួសទាំងសងខាង។ ប៉ុន្តែមកទល់នឹងថ្ងៃទី១៦ ខែកក្កដានេះ សមាជិកសភា (បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត) គណបក្សសង្គ្រោះជាតិចំនួនប្រាំរូប និងយុវជនជាសកម្មជនមួយរូប ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅ​ពន្ធនាគារព្រៃសរ។

អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសង្កត់ធ្ងន់ទៀតថា៖ «ខ្ញុំសូមអំពាវនាវ​ដល់រដ្ឋាភិបាល ឲ្យធានានូវសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ស្ដីពីការជួបប្រជុំដោយសន្តិវិធី សម្រាប់​ប្រជាជន​កម្ពុជាទាំងអស់ ឲ្យលើកចេញភ្លាម នូវការរឹតបន្តឹង ដែលកំពុងដាក់ទៅលើការជួបប្រជុំគ្នា និងធានាបាននូវការ​យក​ចិត្តទុកដាក់ ដោយយុត្តិធម៌នៃជនដែលបានចាប់ខ្លួន អនុលោមតាមបទដ្ឋាននៃសិទិ្ធមនុស្ស»។

មន្ត្រីជំនាញសិទ្ធិមនុស្ស របស់ អ.ស.ប បាននិយាយទៀតថា៖ «ខ្ញុំបានរំឭកម្តងហើយម្តងទៀត ទៅកាន់រដ្ឋាភិបាល​កម្ពុជា ពីកាតព្វកិច្ចរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការជួបជុំធ្វើបាតុកម្មដោយសន្តិវិធី និងត្រូវអត់ធ្មត់ឲ្យបាន​ខ្លាំង​បំផុត មុននឹងចាត់វិធានការអ្វីមួយ ប្រឆាំងបាតុករ។ ខ្ញុំក៏បានអំពាវនាវដូចគ្នាដែរ ទៅកាន់អ្នកដែលចូលរួមនៅក្នុង​បាតុកម្ម មិនឱ្យងាកទៅរកអំពើហិង្សាឡើយ។»

សម្រាប់ក្រុមមន្ត្រីសន្ដិសុខ ដែលតែងមានវត្តមាន នៅក្នុងការបង្ក្រាបនានាកន្លងមក ទៅលើបាតុករនោះ ត្រូវបាន​លោក ស៊ូរិយ៉ា ស៊ូប៊ែឌី ហៅថា ជាបុគ្គលឯកជន ដែលមកធ្វើប្រតិបត្តិការនៅក្រៅក្របខ័ណ្ឌ ហើយមិន​អាច​យកមក​ធ្វើការ ជំនួសឲ្យមន្ត្រីអនុវត្តច្បាប់នោះឡើយ។ លោក បានសម្ដែងការសោកស្ដាយថា បដាក្រណាត់ពាក់នៅលើ​បន្លាលួស បានបង្កការមិនសប្បាយចិត្ត ទៅឲ្យក្រុមសន្ដិសុខទាំងនោះ រហូតទាញដំបងវាយទៅលើក្រុមអ្នកតវ៉ា ខណៈ​ពេលដែលមន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ បែរជាឈរមើលសម្លឹង ឈុតឆាកដ៏ហិង្សាទាំងនេះទៅវិញ។

ជាថ្មីម្តងទៀត អ្នករាយការណ៍ពិសេស ជម្រុញឱ្យរដ្ឋាភិបាលកម្ពុជា លើកលែងចេញជាផ្លូវការ នូវការហាមប្រាម​លើ​ការធ្វើបាតុកម្ម និងការសង្កត់ធ្ងន់របស់លោក ថារបាំងដែលបានធ្វើនៅទីលានប្រជាធិបតេយ្យ មិនមានយុត្តិកម្ម​ខាង​ផ្លូវច្បាប់នោះទេ។ អ្នកជំនាញឯករាជ្យ របស់អង្គការសហប្រជាជាតិរូបនេះ ក៏បានជំរុញឱ្យភាគីទាំងអស់ ឲ្យជ្រើសរើស​នូវ​មធ្យោបាយអហិង្សា សន្តិភាព និងរក្សានូវសណ្តាប់ធ្នាប់ នៅក្នុងការអនុវត្តន៍នៃសេរីភាព ក្នុងការបញ្ចេញមតិ និង​ការជួបប្រជុំដោយសន្តិវិធីរបស់ពួកគេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...