៥លានរៀលឲ្យសន្តិសុខស៊ីឈ្នួល ជាទឹកចិត្តឲ្យធ្វើការបង្រ្កាបថែមទៀត?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 16, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទឹកប្រាក់ចំនួន ៥លានរៀល និងគ្រឿងបរិភោគផ្សេងទៀត ត្រូវបានកាកបាទក្រហម ផ្តល់ជូនទៅក្រុមសន្តិសុខដែលរងរបួស កាលពីម្សិលម៉ិញ ក្នុងពេលប៉ះទង្គិចជាមួយប្រជាពលរដ្ឋ។ ដោយឡែកសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានរងរបួសក្នុងការប៉ះទង្គិចដែរនោះ ពុំត្រូវទទួលបានជំនួយពីកាកបាទក្រហមឡើយ។ ចំពោះការសម្រេចចិត្តរបស់កាកបាទក្រហមនេះ ត្រូវបានមជ្ឈដ្ឋានទូទៅលើកឡើងថា តើដើម្បីឱ្យក្រុមសន្តិសុខកាន់តែមានកម្លាំងចិត្ត ធ្វើការបង្រ្កាបអ្នកតវ៉ាឬយ៉ាងណា?
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម។
តួនាទី - ក្រោយពីក្រុមសន្តិសុខ ត្រូវបានប្រជាពលរដ្ឋធ្វើការតដៃវិញ បណ្តាលឱ្យមានរបួសធ្ងន់ និងស្រាលជាច្រើននាក់ កាលពីសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ ម្សិលមិញនេះមក តំណាងកាកបាទក្រហមកម្ពុជា បានចុះជួបសួរសុខទុក្ខ និងប្រគល់អំណោយ ដល់ក្រុមសន្តិសុខខណ្ឌដូនពេញចំនួន២៣នាក់ទាំងនោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ សន្តិសុខម្នាក់ ត្រូវបានតំណាងកាកបាទក្រហមផ្តល់ថវិកា ចំនួន ៥លានរៀល ទឹកសុទ្ធ ទឹកក្រូច ទឹកដោះគោ និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។
ចំពោះសកម្មភាពសម្បុរសធម៌ ដែលផ្តល់តែទៅឱ្យក្រុមសន្តិសុខនេះ ត្រូវបានអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា រិះគន់ចំពោះសកម្មភាពនេះ មានភាពលំអៀង ព្រោះជាគោលការណ៍របស់កាកបាទក្រហម ជាស្ថាប័នសម្បុធម៌មួយមិនលំអៀងលើម្ខាងៗ ហើយស្ថាប័នជាតិមួយនេះ ក៏ត្រូវបានគេចាត់ទុកថាជាម៉ែឪ ឬអាណាព្យាបាលរបស់ប្រជាជន ដូច្នេះប្រសិនបើស្ថាប័ននេះជួយក្រុមសន្តិសុខ ក៏ត្រូវតែជួយដល់ក្រុមបាតុករដែលបានរងរបួសនៅពេលនោះដែរ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា អ្នករងរបួសមានទាំងសងខាង ប៉ុន្តែផ្តល់ឱ្យតែម្ខាង រីឯក្រុមប្រជាពលរដ្ឋវិញ គឺមិនទទួលបានអ្វីទាំងអស់។ កុំថាឡើយ ក្រុមប្រជាពលរដ្ឋដែលញឹកញយ តែងតែបែកក្បាលដោយសារកងកម្លាំងសមត្ថកិច្ចចម្រុះ សូម្បីតែបាតុករដែលបាត់បង់ជីវិត ក្នុងអំឡុងពេលទាមទារប្រាក់ខែ១៦០ដុល្លា កាលពីដើមខែមករា ក៏មិនត្រូវបានស្ថាប័នសម្បុរសធម៌មួយនេះអើពើដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានយកបញ្ហានេះ មកជជែកដេញដោលគ្នា យ៉ាងព្រោងព្រាតនៅលើប្រព័ន្ធអ៊ីនធើណេត។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ ឈ្មោះ Kano Kulab បានរិះគន់ចំៗថា៖ «ម្នាក់បាន ៥ លាន ជាការលើកទឹកចិត្តឲ្យកាន់តែហ៑ានវ៉ៃបាតុករឲ្យខ្លាំងថែមទៀត»។ ឯកភាពនឹងការលើកឡើងនេះ Khunny V Ana បានបញ្ចេញយោបល់ប្រហាក់ប្រហែលដែរថា ការណ៍ដែលកាកបាទក្រហមធ្វើបែបនេះ មានន័យថាកំពុងតែគាំទ្រឱ្យមានការប្រព្រឹត្តិអាក្រក់ និងការបង្រ្កាបរបស់ក្រុមសន្តិសុខ។
រីឯម្ចាស់គណនីម្នាក់ទៀត Konkart Khmer បានបន្ទរទៅជាមួយថា៖ «អយុត្តិធម៌ពេកហើយ កាកបាទក្រហមអើយ ... ហេតុអ្វី ខ្មែរអ្នកក្រជាច្រើន អត់បាយក្រហាយទឹករង់ចាំតែថ្ងៃស្លាប់ មិនឃើញកាកបាទ យកជំនួយទៅជួយសោះអីចឹង?» Sreymom San ដែលឈឺឆ្អាលនឹងគេដែរនោះ បានចោតសួរសំណួរយ៉ាងខ្លីថា «តើនេះទង្វើរអ្វី?»។ ម្ចាស់គណនីដដែលនេះបន្ថែមថា ហេតុអីក៏ឈឺឆ្អាលខ្លាំងម្លេះចំពោះក្រុមសន្តិសុខទាំងនោះ ចុះត្រង់កម្មករមានរបួសនៅកាណាឌីយ៉ាវិញ ដូចជាមិនឃើញគិតគូរអញ្ចឹងសោះ។
សម្រាប់ម្ចាស់គណនីដែលមានឈ្មោះថា Prakseut Ratanak បានធ្វើការវែកញ៉ែកបញ្ហានេះ ដោយលើកពីគោលការណ៍គ្រឹះទាំង៧ចំណុច របស់កាកបាទក្រហមកម្ពុជា ដែលជាគោលការណ៍ កំពូលរបស់កាកបាទក្រហមអន្តរជាតិ និងអឌ្ឍចន្ទក្រហមផងដែរ មករៀបរាប់ថា៖ «១.មនុស្សធម៌ ២.ភាពមិនលំអៀង ៣.អព្យាក្រិតភាព ៤.ឯករាជ្យភាព ៥.ការផ្តល់សេវាដោយស្ម័គ្រចិត្ត ៦.ឯកភាព និងទី៧.សកលភាព»។
ម្ចាស់គណនីខាងនេះបានធ្វើការថ្លឹងថ្លែងថា «តើកាកបាទក្រហមកម្ពុជា អនុវត្តបានប៉ុន្មានចំណុច? មូលហេតុអ្វីបានជាចំណុចមួយចំនួន អនុវត្តមិនបាន ឬមិនចង់អនុវត្ត? កាកបាទក្រហមកម្ពុជាពិតជាមិនលំអៀង មានឯករាជ្យភាព និងមានអព្យាក្រិតភាពពិតប្រាកដមែនទេ?»៕