ការប្រឡងមធ្យមសិក្សាបឋមភូមិ បានបញ្ចប់ទៅប្រសើរជាងឆ្នាំមុន
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៦ ខែកក្កដា ២០១៤
- កែប្រែចុងក្រោយ: July 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅនេះ បានបញ្ចប់ទៅ ដោយគ្មានហេតុភេទអ្វី ឬភាពមិនប្រក្រតីណាមួយ បានកើតឡើងនោះឡើយ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីអ្នកទទួលខុសត្រូវគ្រឹះស្ថានសិក្សា សាស្ត្រាចារ្យ និងសិស្សានុសិស្សមួយចំនួន។
សាលារៀនបឋមសិក្សាមួយកន្លែង ក្នុងប្រទេសកម្ពុជា។ (រូបថត voyage solidaire)
ប្រឡង - ការប្រឡងចូលថ្នាក់វិទ្យាល័យ របស់សិស្សថ្នាក់ទី៩ ឫហៅថាឌីប្លូម ត្រូវបានក្រុមអ្នកតាមដាន វាយតម្លៃថាមានភាពល្អប្រសើរ ជាងឆ្នាំមុនៗ ដោយសារគ្មានការបែកវិញ្ញាសារប្រលង និងគ្មានការស៊ីសំណូក យកលុយពីសិស្សក្នុងការប្រឡង ឫការទិញពិន្ទុពីគ្រូអនុរក្សឡើយ។ ចំពោះសិស្សវិញ ក៍មិនមានសេចក្ដីរាយការណ៍ណាមួយ និយាយថា មានការលួចបើកមើល និងមិនបង្ករឲ្យ មានភាពចលាចល ណាមួយនៅក្នុងថ្នាក់ដែរ។
លោក សារុំ សុភី នាយករងនៃវិទ្យាល័យ សម្តេចហ៊ុនសែន ភ្នំពេញថ្មី បានប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា ការប្រឡងឆ្នាំនេះគឺមានភាពល្អជាងឆ្នាំមុន ព្រោះសិស្សនីមួយៗស្គាល់ពីស្ថានភាពទីតាំងច្បាស់លាស់ ដែលជាសាលារបស់ខ្លួនធ្លាប់រៀន និងមួយវិញទៀត វិញ្ញាសារប្រឡងចេញដោយគ្រូបង្រៀននៅទីនោះផ្ទាល់ ដូច្នេះពួកគេមិនមានភាពចម្លែកប្លែកពីអ្វីដែលពួកគេបានរៀនទេ ហើយក៍មិនង្ករឲ្យសិស្សមាន ការភ័យខ្លាចដែរ។
លោកបានបន្តទៀតថា សិស្សនៅសាលារបស់លោកគឺប្រឹងរៀនតែក្នុងថ្នាក់ និងរៀនគួរបន្ថែម ដោយមិនគិតគូរពីការ ទិញប៊្រុយ៉ុង ត្រៀមលុយកាក់ទុកសូកគ្រូនៅពេល ប្រលងនោះទេ ហើយលោកក៍មិនបានឃើញ មានការលួចមើលព្រីយ៉ុងអ្វីដែរ។ លោកបានថ្លែងសាទរការប្រលងនេះ ថាភាពល្អប្រសើរខ្លំាងណាស់។
ដោយមានការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូបង្រៀនផង ដូច្នេះសិស្សម្នាក់ៗមាន ទំនុកចិត្តលើខ្លួនឯង ជាពិសេស ដោយសារតែវិញ្ញាសារប្រលង ត្រូវបានចេញដោយលោកគ្រូអ្នកគ្រូរបស់ពួកគេផ្ទាល់។ បើទោះជាដូច្នេះក្តី ក៍វិញ្ញាសារមិនត្រូវបានបែកធ្លាយ ឫយកទៅបង្រៀនគួរមុនពេលប្រឡងដែរ។ នេះបើតាមការបញ្ជាក់របស់យុវសិស្ស កញ្ញា ធី ចាន់ថា សិស្សថ្នាក់ទី៩ នៃវិទ្យាល័យឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្អូនស្រីបាននិយាយបន្តទៀតថា «ខ្ញុំអត់បានលួចមើលប៊្រុយ៉ុងទេ ព្រោះប្រឡងតឹង ហើយលោកគ្រូប្រាប់ឲ្យមើលមេរៀនទាំងអស់ ដែលគាត់បានបង្រៀនមុនពេលប្រឡង ហើយអត់មានគ្រូណាយកលុយពីសិស្ស ទេ»។
បើក្រលេកទៅមើលទិដ្ឋភាពនៃការប្រលងវិញ លោក ណុប សំណាង គ្រូបង្រៀន នៅវិទ្យាល័យឱរ៉ាល់ បាននិយាយថាក្រសួងអប់រំ យុវជន និងកីឡាក៏បានបញ្ជូនសមាសភាព ពីការិយាល័យអប់រំស្រុកឱរ៉ាល់ និងក្រសួងអប់រំ យុវជន និងកីឡា ខេត្ត មកធ្វើការអង្កេតផងដែរ ដើម្បីត្រួតពិនិត្យការប្រឡង និងចង់ឲ្យការប្រឡងទទួល បានអព្យាក្រិត្យ។ លោកបានបន្តទៀតថា ការប្រឡងឆ្នាំនេះ ក្រសួងអប់រំចង់លុបបំបាត់ អំពើរពុករលួយក្នុងពេលប្រឡង ហើយការប្រឡងរយៈពេលពីរថ្ងៃនេះ លោកឃើញសិស្សមានតែក្រដាស់សរសុទ្ធមួយសន្លឹក ប៉ិចពីរដើម បន្ទាត់មួយតែប៉ុណ្ណោះ ហើយការលួចមើលប្រ៊ុយ៉ុងក៍គ្មានដែរ។
គួរបញ្ជាក់ថា ឆ្នាំនេះជាឆ្នំាដំបូងដែលក្រសួងអប់រំ យុវជន និងកីឡា ផ្ទេរការរៀបចំការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឲ្យទៅសាលាជាអ្នករៀបចំចាត់ចែងផ្ទាល់តែម្តង រាប់ទាំងការធ្វើវិញ្ញាសារផងដែរ៕