លោកគ្រូ ដួង សានេត បក​ស្រាយ​រឿង​ក្តី​«សម្រាត​សំពត់»​សិស្ស

ការចុះផ្សាយរបស់សារព័ត៌មានជាច្រើន ទាក់ទងនិងរឿងក្តី ដែលមានគ្រូបញ្ជាសិស្សប្រុស សម្រាត់សំពត់​សិស្ស​ស្រី នៅ​ថ្នាក់​ទី ២ក នៅ​ខេត្ត​ស្វាយរៀង​នោះ ត្រូវបានលោកគ្រូ​ដែលជា​សាមីខ្លួន ចេញមុខបកស្រាយ។ លោក ដួង សានេត បានធ្វើ​ជាវីដេអូ​ឃ្លីប​មួយ បង្ហោះនៅលើយូធូប និងបណ្ដាញ​សង្គម ដើម្បីពន្យល់​ពីភាពស្អាតស្អំ​របស់​ខ្លួន។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៦ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 28, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងវីដេអូឃ្លីមួយ ដែលទើបតែបង្ហោះនាពេលថ្មីៗនេះ មានរយះពេល ១២ នាទី និង ៥៣ វិនាទី លោក គ្រូ ដួង សានេត បាននិយាយថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង៩ និង១០ នាទីព្រឹក លោកបាន​បង្រៀនអំណាន នៅថ្នាក់ទី២។ នៅពេលកំពុងបង្រៀន មានកូនសិស្សជាច្រើន ដែលអាចអានបាន តែមាន​កូនសិស្ស៤ ទៅ៥នាក់ អានមិនរួច។ ខណះនោះ លោកបានដើទៅក្រោយថ្នាក់រៀន ដោយនិយាយ ប្អូន​ណា​ហ៊ានសម្រាត ស្រាប់តែពេលនោះ មានក្មេងប្រុសម្នាក់ បានឡើងទៅសម្រាតសំពត់ របស់សិស្សស្រីម្នាក់ ដែល​អានអក្សរមិនរួចនោះមែន។ បន្ទាប់ពីលោកបានឮសំណើចរបស់សិស្ស លោកក៏ងាកទៅមើល ឃើញក្មេងនោះ​ស្រាត តែស្រាតមិនអស់ទេ ដោយនៅខោខ្លី និងអាវសធ្លាក់មកគ្របជិត។

ការបកស្រាយរបស់លោកគ្រូ ដួង សានេត បានធ្វើឡើង បន្ទាប់ពីរឿងអាស្រូវ «គ្រូបញ្ជាឲ្យសម្រាត សំពត់កូន​សិស្ស» បានផ្ទុះឡើង រហូតឈានទៅដល់ការប្ដឹងផ្ដល់គ្នា នៅមុខតុលាការខេត្វស្វាយរៀង។ សារព័ត៌មានក្នុង​ស្រុកជាច្រើន បានរាយការណ៍ថា កាលពីខែ ឧសភា ឆ្នាំ២០១៥ ក្មេងស្រីសិស្សសាលាម្នាក់ ដែលមាន​អាយុ​១១ឆ្នាំ រៀននៅថ្នាក់ទី២ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ត្រូវគ្រូបង្រៀន ដួង សានេត ដាក់ពិន័យឱ្យ​ឡើង​ឈរលើកៅអីគ្រូ បន្ទាប់មកអោយសិស្សប្រុសសម្រាតសំពត់ និងខោទ្រនាប់របស់នាង បន្ទាប់ពី កុមារី​រូប​នេះ មិនចេះអានមេរៀន។ ក្រោយមកអាណាព្យាបាលក្មេងស្រី បានសម្រេចប្តឹងទៅតុលាការ ចំពោះការដាក់​ទណ្ឌកម្មលើកូនស្រីរបស់ខ្លួន។

តាមសិស្ស ដែលរៀននៅថ្នាក់ទី២ ជាមួយលោកគ្រូ ដួង សានេត បានអះអាងថា លោកគ្រូ អត់​បានឲ្យ​សិស្ស​ប្រុស ទៅសម្រាតទេ និងបានការពារលោកគ្រូវថា លោកគ្រូនិយាយលេង តែ សារ៉េតបញ្ញា (ក្មេងប្រុស​ដែល​ស្រាត​សំពត់ក្មេងស្រី) ស្មានថាលោកគ្រូថាមែន ក៏រត់ទៅសម្រាត តែស្រាតមិនអស់ទេ នៅខោក្នុង ហើយ​អាវ​ស​គ្រប់ជិត។

ចំណែកលោក ពៅ សាមឿន ជានាយកសាលាបឋមសិក្សាហ៊ុនសែនវត្តថ្មី និងលោកគ្រូផ្សេងទៀត ក៏បាន​ការពារលោកគ្រូ សានេត ដែរថា លោកគ្រូ សានេត ជាសាស្ត្រាចារ្យធម្មតាម្នាក់ ដែលតែងតែមកបង្រៀន ជា​ទៀងទាត់ និងមានទំនាក់ទំនងល្អ ជាមួយអ្នករួមការងារ។ ឯរីប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយ បាន​អះអាង​បន្ថែមថា លោកគ្រូជាមនុស្សល្អ ចេះយកអាសារអ្នកដទៃ និងជាលោកគ្រូដ៏ល្អផងដែរ។

ក្រោយពេលកើតហេតុ លោក ដួង សានេត បានបញ្ជាក់ថា លោកមានការសោកស្តាយយ៉ាងខ្លាំង ចំពោះ​រឿង​នេះ។ ចំណែកមូលហេតុ ដែលលោកមិនបកស្រាយ តាមរយះសារព័ត៍មាន នាពេលកន្លងមក ព្រោះលោក​ចង់​ផ្សះផ្សារ ជាមួយក្រុមគ្រួសារក្មេងស្រីរងគ្រោះ ហើយលោកមិនមានបំណង ឲ្យសម្រាតសំពត់សិស្សទេ។

ប៉ុន្តែការសោកស្ដាយ របស់សាស្ត្រាចារ្យរូបនេះ បានធ្វើឡើង ដូចជាយឺតពេលបន្តិចទៅហើយ ដោយ​សារ​ក្រសួង​អប់រំ បានសម្រេចធ្វើការផាកពិន័យ ទៅលើលោកគ្រូ ដួងសានេត រួចទៅហើយ ដោយរួមមាន ៣​ដំណាក់​កាល ក្នុងនោះដូចជាធ្វើការស្តីបន្ទោស ជាលាយលក្ខណ៍អក្សរ ផ្លាស់ប្តូរមិនឱ្យបង្រៀនសិស្ស ដោយ​ឱ្យ​​ទៅ​​បំពេញ​​ការងារ នៅ​ការិយាល័យ​អប់រំ យុវជន និងកីឡា នៅស្រុករំដួល និងដកភារកិច្ច ឱ្យបំពេញការងារ​រដ្ឋបាល​តូច​តាច​ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មានក្នុងស្រុក «ដើមអំពិល»។

ទាក់ទិននឹងការដាក់វិន័យនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស របស់អង្គការលីកាដូ (LICADHO) ប្រចាំនៅ​ក្នុង​ខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មានប្រសាសន៍ថា វាជាសញ្ញាល្អ នឹងកំពុងជំរុញ ឲ្យក្លាយជា​វិន័យគំរូ​ដល់​គ្រូដទៃ ឲ្យមានការខ្លាចរអា ចំពោះទង្វើអសីលធម៌នានា ពិសេសករណីដូចលោកគ្រូ ដួង សានេត នេះជា​ដើម។ មន្ត្រីលីកាដូរូបនេះ បានថ្លែងឡើង ប្រាប់វិទ្យុសម្លេងអាស៊ីសេរី (RFA) ថា៖ «ចំណាត់ការដែលអាច​ជួយ​ប៉ះប៉ូវ និងស្ដារកិត្តិយសក្មេងស្រីរងគ្រោះវិញ ទាល់តែនីតិវិធីព្រហ្មទណ្ឌ ដែលជានីតិវិធីរបស់តុលាការ អាច​មាន​ជាសំណងរដ្ឋប្បវេណី និងការដាក់ទោសទណ្ឌ លើជនល្មើស»។

យ៉ាងណាក៏ដោយ ករណីរនេះកំពុងស្ថិតក្នុងចំណាត់ការ របស់សាលាដំបូងខេត្តស្វាយរៀងនៅឡើយ។ តុលាការ​បានចេញដីកាកោះមួយ ហៅគ្រូបង្រៀន ដួង សានេត ដែលដាក់ទណ្ឌកម្មកុមារីម្នាក់នេះ ឱ្យចូល​បំភ្លឺនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ៕


» វីដេអូរបស់លោកគ្រូ ដួង សានេត ដែលបកស្រាយ ពីករណី«សម្រាតសិស្សស្រី»៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...