លីកាដូ ថា​ខ្លួន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ធ្វើ​ទិវា​សិទ្ធ​នារី​ ក្នុង​ពន្ធនាគារ

អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានសម្តែង នូវការសោកស្តាយជាខ្លាំង ខណៈដែលខ្លួន មិនត្រូវបានអនុញ្ញាត ឱ្យប្រារព្ធទិវាសិទ្ធនារី នៅក្នុងពន្ធនាគារ ដូចរាល់ឆ្នាំ។
Loading...
  • ដោយ: ប្រាថ្នា ដោយ: ប្រាថ្នា - ភ្នំពេញថ្ងៃទី០៦ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 06, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្តីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅកាត់ថា លីកាដូ ដែលបានចេញផ្សាយ កាល​ពីថ្ងៃទី០៥ ខែមីនានេះ បានឱ្យដឹងថា ការរឹតត្បិតលើសកម្មភាព អបអរសាទរទិវាសិទិ្ធនារីអន្តរជាតិ នៅក្នុងពន្ធនាគារ បានចាប់ផ្តើមកើតមានឡើង កាលពីឆ្នាំមុន ហើយការរឹតត្បិតចុងក្រោយ បានរារាំងអង្គការ លីកាដូ ពីការប្រារព្ធទិវាសិទិ្ធ​នារី​អន្តរជាតិ នៅក្នុងពន្ធនាគារ។ ការរឹតត្បិតនាឆ្នាំនេះ បានហាមឃាត់គ្រប់ទម្រង់ នៃការកំសាន្ត ឬព្រឹត្តិការណ៍​កំសាន្ត​ទាំង​ឡាយ ដោយអនុញ្ញាតឲ្យអង្គការ លីកាដូ ត្រឹមតែផ្តល់នូវកញ្ចប់សម្ភារៈចាំបាច់ប៉ុណ្ណោះ។ ដោយមាន​ការរឹតត្បិត នា​ពេល​បច្ចុប្បន្ននេះ គឺមិនមានការធានាទេថា ស្ត្រីទាំងនោះនឹងអាចទទួលបាន នូវកញ្ចប់សម្ភារៈទាំងនោះពេញលេញ ឬ​ទទួល​បានពេលវេលា ចេញក្រៅបន្ទប់បន្ថែមនាថ្ងៃនោះ។

សេចក្តីថ្លែងការណ៍ របស់អង្គការ លីកាដូ ដដែល បានឱ្យដឹងបន្តថា អស់រយៈពេល ១៥ឆ្នាំមកហើយ ដែលអង្គការ លីកាដូ បានប្រារព្ធកម្មវីធី នៅក្នុងពន្ធនាគារកម្ពុជា នាថ្ងៃទិវាសិទិ្ធនារីអន្តរជាតិ (IWRD) ដើម្បីផ្តល់នូវកញ្ចប់សម្ភារៈ ចាំបាច់បន្ថែម ទៅអ្នកជាប់ពន្ធនាគារជាស្ត្រី ឆ្មាំពន្ធនាគារជាស្ត្រី និងកុមារជាច្រើន ដែលរស់នៅជាមួយម្តាយ ក្នុងពន្ធនាគារ។

លីកាដូ បានបន្តថា៖ «នៅក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ អង្គការ លីកាដូ បានរៀបចំកម្មវិធី សប្បាយៗពិសេស នៅ​ក្នុងពន្ធនាគារ រួមមានការថ្លែងសុន្ទរកថា ល្បែងកំសាន្ត ការរាំរបាំប្រពៃណី និងការសំដែង របស់អ្នកជាប់ពន្ធនាគារ​ផង​ដែរ។ សកម្មភាពទាំងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងល្អ ដោយអ្នកជាប់ពន្ធនាគារជាច្រើន និងធ្លាប់ត្រូវបានគាំទ្រ ដោយ​អាជ្ញាធរពន្ធនាគារផងដែរ។ កាលពីឆ្នាំកន្លងទៅ អង្គការ លីកាដូ ក៏បានមានឱកាសសំណេះសំណាល ជាមួយស្ត្រី​ទាំងនោះ អំពីអត្ថន័យនៃទិវាសិទិ្ធនារីអន្តរជាតិ និងសិទិ្ធរបស់អ្នកទាំងនោះ ដែលជាស្ត្រីផង និងជាអ្នកជាប់ពន្ធនាគារផង។ អាជ្ញាធរជាច្រើន បានប្រាប់អង្គការ លីកាដូ ថាសកម្មភាពទាំងនេះ នឹងមិនអាចធ្វើបានតទៅទៀតទេ នាឆ្នាំនេះ។»

អ្នកនាង នូ សមអន អ្នកគ្រប់គ្រងគម្រោងពន្ធនាគារ នៃអង្គការ លីកាដូ បានលើកឡើងថា កាដែលអាជ្ញាធរ​មានការហាម​ប្រាមបែបនេះ រាជរដ្ឋាភិបាល កំពុងដកហូតសិទិ្ធ ក្នុងការចូលរួមប្រារព្ធ ទិវាសិទិ្ធនារីអន្តរជាតិ របស់អ្នកជាប់ពន្ធនាគារ​ជា​ស្ត្រី។ ការដកចេញកម្មវិធីនេះ គឺកាន់តែធ្វើឱ្យស្ត្រីជាប់​ពន្ធនាគារទាំងនោះ ដែលតែងតែនៅឯកោ និងដាច់ឆ្ងាយរាល់ថ្ងៃ កាន់​មានភាពឯកោ និងដាច់ឆ្ងាយថែមទៀត។

សេចក្តីថ្លែងការណ៍របស់អង្គការដដែលនេះ បានបញ្ជាក់ដែរថា ការដែលខ្លួនបានរៀបចំកម្មវិធីនេះឡើង ដើម្បី​អបអរ​សាទរ​ទិវានេះ និងធានាថា អ្នកជាប់ពន្ធនាគារជាស្ត្រី មិនស្ថិតនៅឯកោ ឬត្រូវបានគេបំភ្លេចចោលនោះទេ។ ទិវាសិទិ្ធនារី​អន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើង ទូទាំងពិភពលោក សម្រាប់សិទិ្ធសង្គម សេដ្ឋកិច្ច សិទិ្ធពលរដ្ឋ និងនយោបាយរបស់ស្ត្រី ក៏ដូចជាដើម្បីពិភាក្សា អំពីបញ្ហាប្រឈម ដែលកំពុងបន្តកើតមានឡើង ទៅលើស្ត្រី។ នៅក្នុងប្រទេសកម្ពុជា ស្ត្រីដែលជាប់​ពន្ធនាគារ នៅតែងាយរងគ្រោះខ្លាំង និងមិនត្រូវបានគេអើពើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...