វិទ្យុអាស៊ីសេរីមិនឲ្យ ជុន ច័ន្ទបុត្រ ត្រឡប់ចូលកម្ពុជាវិញ
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 02, 2017
- ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតទៅ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា នឹងមិនវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញទេ បន្ទាប់ពីលោកបានធ្វើដំណើរ ចាកចេញពីប្រទេសនេះ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះ បើតាមសេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលទើបនឹងចេញផ្សាយ ឲ្យដឹងនៅមុននេះបន្តិច។
បើតាមសេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងថា ការមិនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ របស់លោក ហួត វុទ្ធី គឺជាការសម្រេច របស់ថ្នាក់ដឹកនាំ នៃស្ថាប័នអាស៊ីសេរី ដែលមានទីស្នាក់ការធំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្ដីថ្លែងការណ៍បានសរសេរបន្តថា៖ «អាជ្ញាធរបានជ្រើសរើស យកករណីប្រឆាំងរូបលោក (ហួត វុទ្ធី) មកធ្វើជារឿងនយោបាយ ក្នុងចេតនាបង្វែងការចាប់អារម្មណ៍ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលប្រកួតប្រជែង ដ៏ស្វិតស្វាញ នារដូវកាលបោះឆ្នោត»។
សេចក្ដីថ្លែងការណ៍បានសរសេរទៀតថា៖ «ការណ៍ដែលអាជ្ញាធរ ព្យាយាមបន្តករណីប្រឆាំងលោក ហួត វុទ្ធី ស្របពេលដែល មតិសាធារណជនទូទៅ ចាត់ទុកថា ការចោទប្រកាន់របស់អាជ្ញាធរនេះ គ្មានមូលដ្ឋាន គឺរឹតតែបង្ហាញឲ្យឃើញ នូវស្ថានភាពដ៏អាក្រក់ នៃសេរីភាពសារព័ត៌មាននៅកម្ពុជា»។
លោក ហួត វុទ្ធី បានរងការចោទប្រកាន់ ពីអាជ្ញាធរកម្ពុជា ថាលោកបានធ្វើ «សេចក្ដីប្រកាសក្លែងបន្លំ» ដើម្បីបានចូល ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃ១៩ ខែមេសា កន្លងមក ជាមួយនឹងក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ។ ការចោទប្រកាន់នោះ មិនបានប្រើរយៈពេលច្រើនឡើយ ដើម្បីឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈព្រះរាជអាជ្ញារង លោក សៀង សុខ ចេញដីកានៅថ្ងៃទី២១ ខែមេសា កោះហៅលោក ហួត វុទ្ធី ក្នុងនាមជា«ជនសង្ស័យ» ឲ្យចូលទៅបង្ហាញខ្លួន នៅថ្ងៃទី២ ខែឧសភានេះ។
ប៉ុន្តែអ្នកសារព័ត៌មានរូបនេះ បានបដិសេធការចោទប្រកាន់ និងអះអាងថា លោកមិនបានក្លែងឈ្មោះពិត របស់លោក នៅក្នុងបញ្ជីកត់ឈ្មោះ អ្នកចូលពន្ធនាគារនោះទេ។
ស្ថាប័នវិទ្យុអាស៊ីសេរី បានសរសេរបញ្ជាក់ថា៖ «នេះជាការបង្ហាញ ឲ្យឃើញកាន់តែច្បាស់ថែមទៀត ថាសុវត្ថិភាពរបស់លោក ហួត វុទ្ធី នៅក្នុងប្រទេសកម្ពុជា មិនអាចធានាបានទេ។ ម្យ៉ាងទៀត ក៏ពុំមានការធានាណាមួយផងដែរ ដែលថា នឹងមានការអនុវត្តច្បាប់តាមនីតិរដ្ឋ ប្រកបដោយយុត្តិធម៌ ចំពោះរូបគាត់។ ផ្អែកលើកត្តាទាំងអស់នេះ អាស៊ីសេរី មិនចង់ឲ្យលោក ហួត វុទ្ធី ស្ថិតក្នុងស្ថានភាពប្រថុយគ្រោះថ្នាក់ និងមិនចង់ឲ្យប៉ះពាល់ដល់ លទ្ធភាពក្រុមការងារអាស៊ីសេរី ក្នុងការបន្តផ្តល់ព័ត៌មានពិស្តារ និងឥតលម្អៀង ស្តីពីការបោះឆ្នោត ដ៏មានសារសំខាន់នេះឡើយ។»
នៅក្នុងអត្ថបទដដែលនោះ ស្ថាប័នអាស៊ីសេរី នៅតែប្រកាន់ជំហរថា លោក ហួត វុទ្ធី មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់ ដោយបានពន្យល់ថា លោកមិនបានលាក់អត្តសញ្ញាណ ជាអ្នកសារព័ត៌មាន និងជាអ្នកសម្ភាស ដ៏ល្បីរបស់អាស៊ីសេរី ដែលមានមនុស្សស្គាល់ជាទូទៅ។ ស្ថាប័នផ្សព្វផ្សាយចម្រុះភាសា របស់អាមេរិកមួយនេះ បានបញ្ជាក់ថា៖ «ក្រុមការងារ របស់អាស៊ីសេរី ដែលក្លាហាន មោះមុត នឹងនៅតែបន្តបំពេញភារកិច្ចយកព័ត៌មានពិត និងមិនលម្អៀង ជូនប្រជាពលរដ្ឋខ្មែរ ដែលទន្ទឹងចង់បាន និងដែលសម នឹងទទួលបានព័ត៌មានពិត ពីអាស៊ីសេរី»៕