ជុន ច័ន្ទបុត្រ ថាគ្រាន់តែចង់និយាយការពិត និងធ្វើប្រយោជន៍សាធារណៈ
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 02, 2017
- ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលានេះ តើលោក ហួត វុទ្ធី ដែលមានរហស្សនាមក្នុងវិទ្យុ ហៅ ជុន ច័ន្ទបុត្រ ស្ថិតនៅទីណា? ហើយចំពោះ ការចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី២ ខែឧសភានេះ ទៅតាមដីកាកោះ របស់សាលាដំបូងរាជធានី ទាក់ទងនឹង«ការផ្តល់សេចក្តីប្រកាសភូតកុហក បន្លំចូលក្នុងពន្ធនាគារ»នោះវិញ តើអ្នកសារព័ត៌មានរូបនេះ នឹងត្រូវធ្វើបែបណា? ចូលទៅបំភ្លឺ ឬត្រូវសុំពន្យាពេល ទៅថ្ងៃក្រោយ?
មកដល់ម៉ោងនេះ គ្មានដំណឹងណាមួយ ដើម្បីអាចឆ្លើយ នឹងសំនួរខាងលើនេះបានទេ ហើយការទាក់ទងទៅលោក តាមរយៈទូរស័ព្ទ និងតាមរយៈទូរសាអេឡិចត្រូនិក មិនទាន់មានការឆ្លើយតប មកវិញនៅឡើយ។ ផ្ទុយទៅវិញ គេទទួលបាន ត្រឹមតែជាសំណេរថ្លែងអំណរគុណ ទៅនឹងប្រិយមិត្តអ្នកស្ដាប់ និងគោលជំហររបស់លោក ដែលលោកបានបង្ហោះ កាលពីយប់ថ្ងៃទី១ ខែឧសភានេះ នៅលើបណ្ដាញសង្គមប៉ុណ្ណោះ។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក នាយករងការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរីរូបនេះ បានបញ្ជាក់ពីក្ដីសុបិន្តរបស់លោក តាំងពី«តូចក្រូចឆ្មា»មក ថាលោកមិនដែលមានគំរោង ធ្វើខ្លួនឲ្យក្លាយទៅជាមនុស្សល្បីនោះទេ។ លោកបានសរសេរថា៖ «តែខ្ញុំតែងស្រម៉ៃ ចង់ក្លាយជាអ្នកកាសែត ជាពិសេសជាអ្នកនិយាយវិទ្យុ។ ខ្ញុំចង់និយាយរឿងឲ្យគេស្តាប់ ចង់និយាយប្រាប់ការពិត។ ខ្ញុំតែងខំនឹករកវិធីយ៉ាងណា និយាយទៅឲ្យគេងាយស្តាប់ ងាយយល់ (និង)ឲ្យអ្នកស្តាប់ចូលចិត្តស្តាប់។»។
លោក ហួត វុទ្ធី បានបញ្ជាក់បន្តថា៖ «អ្វីដែលស្រួលនិយាយជាងគេ ហើយអ្នកស្តាប់ ចូលចិត្តស្តាប់ជាងគេនោះ គឺការនិយាយការពិត»។
ដោយសារបេសកកម្ម នៃស្វែងរកការពិត ដើម្បីយកមកនិយាយនេះហើយ ដែលអ្នកកាសែតដូចជារូបលោក ខុសពីអ្នកដែលមានមុខរបរដ៏ទៃទៀត និងធ្វើឲ្យអ្នកកាសែតភាគច្រើន ត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ជានិច្ច។ លោក ហួត វុទ្ធី បានសរសេរទៀតថា៖ «នៅទីណា ដែលមានអាសន្នកើតឡើង អ្នកធម្មតារត់ចេញ អ្នកកាសែតរត់ចូល។ មនុស្សម្នាទូទៅ តែងគេចចេញ ពីតំបន់គ្រោះថ្នាក់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ (ផ្ទុយទៅវិញ) អ្នកកាសែតតែងដើរចូល ទោះបីជាដឹងថា គ្រោះថ្នាក់អាចនឹងកើតឡើង ចំពោះគេគ្រប់ជំហ៊ានក៏ដោយ។»។
អ្នកសារព័ត៌មានរូបនេះ បានចាកចេញពីប្រទេសកម្ពុជា តាមជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ «Thai Airway» តាំងពីរសៀលថ្ងៃសុក្រ ទី២៨ ខែមេសានោះម្លេះ។ នេះ បើតាមការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន។ សារព័ត៌មានភ្នំពេញប៉ុស្ដ៍ បានស្រង់ប្រភពបុគ្គលិកវិទ្យុអាស៊ីសេរី យកមកផ្សាយកាលពីម្សិលម៉ិញ ថាលោក ហួត វុទ្ធី នឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ ដើម្បីទៅឆ្លើយបំភ្លឺនៅចំពោះដីកាកោះ របស់សាលាដំបូងរាជធានី ក្នុងថ្ងៃទី២ ខែឧសភានេះ។
លោក ហួត វុទ្ធី បានរងការចោទប្រកាន់ ពីអាជ្ញាធរកម្ពុជា ថាលោកបានធ្វើ «សេចក្ដីប្រកាសក្លែងបន្លំ» ដើម្បីបានចូល ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃ១៩ ខែមេសា កន្លងមក ជាមួយនឹងក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ។ ការចោទប្រកាន់នោះ មិនបានប្រើរយៈពេលច្រើនឡើយ ដើម្បីឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈព្រះរាជអាជ្ញារង លោក សៀង សុខ ចេញដីកានៅថ្ងៃទី២១ ខែមេសា កោះហៅលោក ហួត វុទ្ធី ក្នុងនាមជា«ជនសង្ស័យ» ឲ្យចូលទៅបង្ហាញខ្លួន នៅថ្ងៃទី២ ខែឧសភានេះ។
ប៉ុន្តែអ្នកសារព័ត៌មានរូបនេះ បានបដិសេធការចោទប្រកាន់ និងអះអាងថា លោកមិនបានក្លែងឈ្មោះពិត របស់លោក នៅក្នុងបញ្ជីកត់ឈ្មោះ អ្នកចូលពន្ធនាគារនោះទេ។ ចំពោះស្ថាប័នវិទ្យុអាស៊ីសេរីវិញ បានចេញសេចក្ដីថ្លែងការណ៍ បរិហារការចោទប្រកាន់ និងចំណាត់ការ របស់ប្រព័ន្ធយត្តិធម៌កម្ពុជា ថាជាការ«គម្រាមកំហែងធ្ងន់ធ្ងរ» នៅមុនកាលបោះឆ្នោតមកដល់ ខណៈបុគ្គលិករបស់ផងខ្លួន គ្រាន់តែបំពេញការងារ ដើម្បីស្វែងរកព័ត៌មានពិតប៉ុណ្ណោះ។
លោក ហួត វុទ្ធី បានសេរសេរបន្ត នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ទោះមិនមានគំរោងក៏ដោយចុះ ពេលនេះខ្ញុំក្លាយជាមនុស្ស ដែលគេស្គាល់ច្រើនទៅហើយ។ ការដែលក្លាយ ទៅជាបុគ្គលសាធារណៈនេះ ជួនកាលខ្ញុំត្រូវបំពេញកាតព្វកិច្ច សំរាប់ជាប្រយោជន៍សាធារណៈជនវិញ ថ្វីត្បិតតែវាអាចខុស ពីបំណងរបស់ខ្ញុំក៏ដោយ»៕