អ្នកទើសនឹង ចន ច័ន្ទលក្ខិណា មានចំនួន«ពេញ»មួយប្រទេស!
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មេសា ២០១៧
- កែប្រែចុងក្រោយ: May 01, 2017
- ប្រធានបទ: តារាខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើប្រទេសកម្ពុជាសព្វថ្ងៃ មានចំនួនប្រជាជនប៉ុន្មាននាក់? ស្ថិតិឆ្នាំកន្លងទៅ គិតត្រឹមខែកក្កដា បានឲ្យដឹងថា ប្រជាជនរស់នៅ ក្នុងប្រទេសកម្ពុជា ទាំងចាស់ក្មេង ទាំងស្រីប្រុស មានចំនួន ១៥ ៩៥៧ ២២៣នាក់។ បើអញ្ចឹងទេ សួរថា តើប្រជាជនកម្ពុជា ទាំង១៥លាននាក់នេះ សុទ្ធសឹងជា «មហាជនទើស» ដែលតែងចេញមកវិះគន់ ប្រឆាំងនឹងតារាសម្ដែងជើង(មិនសូវ)ចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ឬ?
ព្រោះបើតាមការសរសេរ លើកឡើងរបស់តារាសម្ដែង និងជាអ្នកបង្ហាញម៉ូដរូបនេះ នៅលើបណ្ដាញសង្គម គឺបញ្ជាក់ច្បាស់ណាស់ ថា«មហាជនទើស»របស់នាង គប្បីត្រូវទៅចូលរួម ធ្វើបុណ្យសពភរិយាតារាចម្រៀង រិន សាវេត ឲ្យបានគ្រប់ ទាំង១៥លាននាក់។ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា៖ «ពិធីបុណ្យសព ឬបុណ្យ ៧ថ្ងៃ តាមទំនៀមទំលាប់ខ្មែរយើង គឺយើងទាំងអស់គ្នា អាចចូលរួមបាន ដោយមិនមានការអញ្ជើញ ពីគ្រួសារសពទេ។ ដូច្នេះ សូមមហាជនទើសទាំងឡាយ សូមអញ្ជើញចូលរួមពិធីបុណ្យ៧ថ្ងៃ នៃសពភរិយាលោក រិន សាវេត អោយបានគ្រប់ ១៥លាននាក់ផង។»។
តារាសម្ដែង បានសរសេរបន្តទៀតថា៖ «ខ្ញុំក៏គេមិនបានអញ្ជើញដែរ។ ហើយបើអ្នកទាំងអស់គ្នា បានចូលរួមហើយ សូមកុំភ្លេចថតរូបបង្ហោះ "Facebook" ផង ជៀសវាងការមិនដឹងព័ត៌មាន នៃការចូលរួមរបស់យើង ធ្វើឲ្យមានការរិះគន់ជាយថាហេតុ»។
សំណេររបស់តារារូបនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ យ៉ាងសន្ធឹកសន្ធាប់ នៅលើបណ្ដាញសង្គម ចំពោះអវត្តមានរបស់តារាៗ ឬបណ្ដាអ្នកនៅក្នុងពិភពសិល្បៈមួយចំនួន ដែលមិនបាន ទៅចូលរួមរំលែកទុក្ខ ក្នុងបុណ្យសពភរិយាលោក រិន សាវេន ដែលបានលាចាកលោកទៅ កាន់ពីសប្ដាហ៍មុន។ ការរិះគន់បានបន្តធ្វើ រហូតមកដល់ថ្ងៃបុណ្យសព ខួប៧ថ្ងៃ កាលថ្ងៃអាទិត្យម្សិលម៉ិញនេះទៀត ដូចជាពាក្យមួយឃ្លា «ទាល់តែគេរិះគន់ ទើបនាំគ្នាទៅ» នេះជាដើម។
ជាការពិតហើយ ថាសំណេររបស់អ្នកនាង ចន ច័ន្ទលក្ខិណា ជាការតបតរ បែបទ្រគោះបោះបោក ត្រឡប់ទៅអ្នករិះគន់វិញ ដែលអ្នកនាងជឿជាក់ថា អ្នកសិល្បៈដូចជារូបនាង ក៏មានសិទ្ធិ«រិះគន់»ដែរ។ មិនត្រឹមតែប៉ុណ្ណឹង តារារាងខ្ពស់ស្រឡះ បានចាត់ទុកក្រុមអ្នកវិះគន់ទាំងនោះ ថាជាក្រុម «ហៃអើ និងរេតាមខ្យល់» នោះផងទៀត។
ដូចការពន្យល់ របស់អ្នកនាង នៅពេលក្រោយបន្តិចមក យ៉ាងដូច្នេះថា៖ «ប្រភេទមនុស្សអគតិ មនុស្សមារក្នុងចិត្ត (SIC 1) ទោះគេធ្វើអ្វី ក៏គ្មានយកសតិមកពិចារណាដែរ (SIC 2)! រិះគន់គេ (នៅពេល)គេរិះគន់វិញ តាំងរកល្បិចទំលាក់កំហុសលើគេ។ អ្នកឯងមានសិទ្ធរិះគន់ ពួក(អ្នក)សិល្បៈគ្មានសិទ្ធរិះគន់ទេឬ? ហៃអើ រេតាមខ្យល់ គ្មានពិចារណាវែងឆ្ងាយ។»៕