យុវវ័យខ្មែរសម័យទំនើប ចាប់អារម្មណ៍ស្លៀកពាក់សម័យលង្វែក
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី០៤ មិនា ២០១៥
- កែប្រែចុងក្រោយ: March 04, 2015
- ប្រធានបទ: ប្រពៃណី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មានអារម្មណ៍ថា ប្លែកណាស់បង ពេលដែលស្លៀកពាក់ទៅ បង្ហាញអំពីបុគ្គលិកលក្ខណៈខ្លួនឯង ថាជាកូនខ្មែរ។ និយាយពីប្អូនស្លៀកពាក់ទៅ ឃើញថាខ្លួនឯងសមសួន ជាកូនខ្មែរមែនទែន»។ នេះការរៀបរាប់ ជាមួយទឹកមុខរីករាយ ក្នុងសំលៀកបំពាក់ ជានារីសម័យលង្វែក របស់កញ្ញា ដួង ច័ន្ទសូរិយ។ ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កញ្ញាបានសម្ដែងអារម្មណ៍ថា ប្លែកមែនទែន ក្នុងការស្លៀកសំលៀកបំពាក់ របស់ខ្មែរបូរាណ របៀបនេះ។
យុវតីរូបនេះ បានបន្តថា នាងចង់មានកម្មវិធីជួបជុំ ស្លៀកសំលៀកបែបបុរាណខ្មែរបែបនេះ លើកក្រោយៗទៀត។ សូរិយាចង់ឱ្យយុវវ័យខ្មែរ សម័យទំនើបទាំងអស់ ចូលរួមស្លៀកពាក់ដូចកញ្ញាដែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ សម័យបុរាណឱ្យនៅគង់វង្ស។ «បើសិនជាអាច សាកឱ្យប្រជាជនខ្មែរស្លៀកជុំវិញប្រទេស មិនដឹងជាល្អមើលប៉ុណ្ណាទេ» សូរិយាបន្ថែម។
ចំណែកលោក អ៊ឹម ខេណូរ៉ា បានប្រាប់ដែរថា កម្មវិធីដែលបំផុស ឱ្យយុវវ័យខ្មែរសម័យទំនើប បានដឹង និងយល់ពីវប្បធម៌ នៃការស្លៀកពាក់បែបខ្មែរបុរាណនេះ ពិតល្អខ្លាំងណាស់ ដែលធ្វើឱ្យពួកគាត់យល់ពីវប្បធម៌ និងប្រៃណីនាសម័យនោះ។
លោកបន្តថា លោកពេញចិត្តខ្លួនឯង ក្នុងសម្លៀកបំពាក់បែបនេះ។ បើទោះបីជាវាពិបាក ក្នុងការស្លៀក ដើរ ឈរអង្គុយក៏ដោយ ប៉ុន្តែលោកចូលចិត្ត។ បើសិនជាកម្មវិធីនេះ មាននៅលើកក្រោយទៀត លោកនឹងចូលរួមបន្តទៀត ព្រោះថាការចូលរួមក្នុងកម្មវិធីបែបនេះ ជួយលើកស្ទួយដល់វប្បធម៌ និងជួយផ្សព្វផ្សាយ ពីអរិយធម៌ខ្មែរ ពីសម័យអតីតកាលផងដែរ។ ណូរ៉ា បានបន្ថែមថា៖ «ព្រោះអីកូនខ្មែរសម័យថ្មី គេមិនទាន់យល់ច្បាស់ ពីសំលៀកបំពាក់ខ្មែរសម័យបុរាណ។ តែឥលូវ យុវវ័យសម័យថ្មី គេអាចស្លៀកពាក់បុរាណអញ្ចឹងបាន។ បន្ទាប់ពីចូលរួម ក្នុងកម្មវិធីយប់នេះហើយ ខ្ញុំនឹងធ្វើការផ្សព្វផ្សាយ តាមហ្វេសប៊ុកពីកម្មវិធីនេះ។»
» សូមទស្សនារូបភាព ពីកម្មវិធីនេះឡើងវិញ ដោយចុចនៅលើទីនេះ។
នាយកសាលាតន្ត្រីមរតកហ្វូណន លោក ស៊ុប ស័ក្ករ៉ា ដែលបានផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង បានឱ្យប្រាប់ឱ្យដឹងថា យុវវ័យមានចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងស្លៀកពាក់ បែបខ្មែរបុរាណ។ លោកមើលឃើញថា នាពេលបច្ចុប្បន្ននេះ យុវវ័យខ្មែរ បានងាកមកចាប់អារម្មណ៍ ជាមួយនឹងវប្បធម៌របស់ខ្លួន ខុសពីប៉ុន្មានឆ្នាំមុន ដែលយុវជនកម្ពុជា បានភ្លើតភ្លើននឹងវប្បធម៌បរទេស។
លោកបានអះអាងថា៖ «ពិតជាការជោគជ័យ ដែលយើងនឹកស្មានមិនដល់មែន យើងកំណត់មុនដំបូង តែអ្នកចូលរួមតែ៨០នាក់តែប៉ុណ្ណោះ ខ្ញុំគិតថា ប្រហែលជាគ្មានអ្នកចូលរួមទេ ព្រោះវាជាកម្មវិធីលើកដំបូង គេមិនដែលស្គាល់ ប៉ុន្តែឥលូវនេះ លើសរហូត ទៅដល់១៤០នាក់»។
គ្រោងរៀបចំធ្វើ បីសម័យកាល
នាយកសាលាតន្ត្រីមរតកហ្វូណនរូបនេះ បានឱ្យដឹងដែរ ថាបន្ទាប់ពីជោគជ័យ ក្នុងការរៀបចំកម្មវិធីលើកទីមួយនេះ លោកនឹងរៀបចំធ្វើ នៅឆ្នាំក្រោយទៀត ឱ្យមានលក្ខណៈធំដុំជាងនេះ ព្រមទាំងធ្វើរម្លឹក ពីបីសម័យកាលចូលគ្នា ដែលអ្នកចូលរួម អាចស្លៀកពាក់សម្លៀកបំពាក់សម័យអង្គរ សម័យលង្វែក និងសម័យចតុមុខ។
លោកបានស្នើទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យរៀបចំកម្មវិធីបែបវប្បធម៌ ឱ្យបានច្រើនដើម្បីទាក់ទាញយុវជនងាកមរកវប្បធម៌ខ្មែរ កុំឈ្លក់វង្វេង នឹងវប្បធម៌បរទេសច្រើនពេក។ លោករៀបរាប់បន្ថែម៖ «មួយរយៈចុងក្រោយ គឺគាត់អាចគិតឃើញថា ងាកមកបន្តិចម្តងៗ អញ្ចឹង យើងនឹងបង្កើតកម្មវិធីវប្បធម៌ ឱ្យបានច្រើន យើងនឹងអាចទាញពួកគាត់វិញបានហើយ។»៕