ផ្ទុះ​គ្រាប់​បែក​នៅ​ ម៉ានីល របួស​១៤នាក់ មុន​​​ជំនួប​​កំពូល​​អាស៊ាន

គ្រាប់បែកឆ្នៃមួយគ្រាប់ ត្រូវបានបំផ្ទុះ នៅកណ្ដាលរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន បណ្ដាលឲ្យមនុស្ស១៤នាក់ រង​របួស។ នេះបើតាមការអះអាង របស់នគរបាល និងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។ ការផ្ទុះបាន​កើតឡើង នៅ​យប់​ថ្ងៃ​សុក្រ នៅមុន​ជំនួបកំពូល​​អាស៊ាន ដែលត្រូវបើក​កិច្ច​ប្រជុំ​ច្រើនថ្ងៃ​របស់​ខ្លួន ចាប់ពីថ្ងៃសៅរ៍​ស្អែក​ឡើង។
ផ្ទុះ​គ្រាប់​បែក​នៅ​ ម៉ានីល របួស​១៤នាក់ មុន​​​ជំនួប​​កំពូល​​អាស៊ាន
នគរបាលហ្វីលីពីនកំពុងធ្វើការអង្កេត នៅនឹងកន្លែងផ្ទុះគ្រាប់បែកឆ្នៃ នៅកណ្ដាលរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន។ (រូបថតសហការី)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 30, 2017
  • ប្រធានបទ: បំផ្ទុះគ្រាប់បែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្ស១៤នាក់ បានរងរបួស ក្នុងនោះ មាន២នាក់បានរងរបួសធ្ងន់ ពីការបំផ្ទុះគ្រាប់បែកឆ្នៃមួយគ្រាប់ ក្នុងសង្កាត់ «Quiapo» កណ្ដាលរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន នៅវេលាម៉ោង ២៣ យប់ថ្ងៃសុក្រ នៅមុនជំនួបកំពូលអាស៊ាន តែប៉ុន្មានម៉ោងប៉ុណ្ណោះ (ចាប់ផ្ដើមប្រជុំ នៅព្រឹកថ្ងៃសៅរ៍)។ នេះបើតាមការអះអាងរបស់នគរបាល និងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។

ទីកន្លែងកើតហេតុ ស្ថិតនៅចំងាយប្រមាណ ៥គីឡូម៉ែត្រ ពីអាគារនៃជំនួបកំពូលអាស៊ាន លើកទី៣០ ដែលត្រូវបានរៀបចំធ្វើ នៅឆ្នាំនេះ ក្នុងវេនរបស់ប្រទេសហ្វីលីពីន ដោយមានការចូលរួម ពីប្រមុខរដ្ឋាភិបាលអាស៊ាន ទាំង១០ប្រទេស ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរូបផង។

អាជ្ញាធរនៃប្រទេសហ្វីលីពីន បានច្រានចោល ការជាប់ទាក់ទងពីការបំផ្ទុះគ្រាប់បែកនេះ ទៅនឹងកិច្ចប្រជុំអាស៊ាន ហើយថាកំពុងស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅចាប់ជនបង្ក។

ចំនួនជនរងរបួស ទាំង១៤នាក់នេះ ត្រូវបានឲ្យដឹងនៅថ្ងៃសៅរ៍ ខណៈភ្លាមៗក្រោយពេលកើតហេតុ (ក្នុងយប់ថ្ងៃសុក្រ) នគរបាលអះអាងថា មានមនុស្សរបួសត្រឹមតែ ១២នាក់ប៉ុណ្ណោះ។ អ្នកនាំពាក្យ​នគរបាល បានពន្យល់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គ្រាប់បែកនេះ ត្រូវបានឆ្នៃឡើង ដោយមានចង់ភ្ជាប់ ​នឹង​រំសេវ​ផ្ទុះ​កំរិត​ទាប ​ស្មើនឹង​រំសេវ ​ដែល​យកមកផលិត​ផាវ​។

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មូលហេតុនៃការបំផ្ទុះ នៅមិនទាន់ប្រាប់ឲ្យដឹង ហើយក៏មិនទាន់ មានជនសង្ស័យណាម្នាក់ ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរនៅឡើយដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...