សមាជិកសភាអាស៊ានបារម្ភ ចំពោះបរិយាកាសបោះឆ្នោតនៅកម្ពុជា
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 31, 2017
- ប្រធានបទ: ការបោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃនេះ សមាជិសភាអាស៊ាន ដែលហៅកាត់ជាភាសាអង់គ្លេស «APHR» បានសម្ដែងក្ដីបារម្ភរបស់ពួកគេ នៅចំពោះការគម្រាមកំហែង ដែលត្រូវបានធ្វើឡើង ម្ដងហើយម្ដងទៀត ដោយសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឈានមកដល់ នៅថ្ងៃអាទិត្យខាងមុខ ក្នុងប្រទេសកម្ពុជា។
កាលពីប៉ុន្មានសប្ដាហ៍មុន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានព្រមានថា លោកសុខចិត្តឲ្យ «ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែលោកត្រូវបង្ក្រាបឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ប្រឆាំងនឹងចលនាណាក៏ដោយ ដែលធ្វើឲ្យខូច ដល់សណ្ដាប់ធ្នាប់សាធារណៈ។ បន្ទាប់មកទៀត លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ថែមទាំងបានព្រមាន ថានឹង«វ៉ៃបែកធ្មេញ» ប្រឆាំងជនណា ឬក្រុមណា ដែលហ៊ានងើបឡើងតវ៉ា ប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោតនោះផងទៀត។
បន្ថែមពីលើនេះ លោក ហ៊ុន សែន បានថ្លែងព្រមានខ្លាំងៗ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងមក ថាលោកត្រៀមធ្វើសង្គ្រាម ប្រឆាំងបដិវត្តន៍ពណ៌ ឬប្រសិនជាគណបក្សរបស់លោកចាញ់ឆ្នោត និងត្រៀមកំចាត់មន្ត្រីគណបក្សប្រឆាំង ១០០ ទៅ២០០នាក់ចោល ដើម្បីអ្វីមួយ ដែលលោកហៅថា នឹងសង្គ្រោះជីវិតប្រជាជនកម្ពុជា រាប់លាននាក់។
ប៉ុន្តែសម្រាប់ក្រុមសមាជិកសភាអាស៊ាន បានហៅការគម្រាមកំហែងទាំងនោះ ថាបង្កើតឲ្យមានបរិយាកាស នៃការភ័យខ្លាច ដែលបានបំផ្លាញរួចទៅហើយ នូវការរំពឹងទុក ចំពោះការបោះឆ្នោតដោយសេរី និងត្រឹមត្រូវពិតប្រាកដ។
ប្រតិកម្មរបស់សមាជិកសភាអាស៊ាន មិនមែនទើបតែកើតមាន ជាលើកទីមួយទេ សម្រាប់ស្ថានការណ៍នយោបាយ នៅកម្ពុជា។ តែរាល់ប្រតិកម្មរបស់ក្រុមសមាជិកអាស៊ានទាំងនោះ តែងត្រូវបានរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឆ្លើយតបវិញ យ៉ាងជូរចត់។ កាលអំឡុងខែកុម្ភៈកន្លងទៅ ការថ្កោលទោសមួយ ពីសំណាក់សមាជិកសភាអាស៊ាន ចំពោះការធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយកម្ពុជានោះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកជាការលូកដៃ ចូលកិច្ចផ្ទៃក្នុងកម្ពុជា ដែលផ្ទុយពីធម្មនុញ្ញ របស់អាស៊ាន៕
» សេចក្ដីថ្លែងការណ៍ទាំងស្រុង របស់សមាជិកសភាអាស៊ាន ក្នុងថ្ងៃនេះ៖