ខឹម វាសនា ព្រមានអតីតសមាជិក«រកកន្លែងងាប់ហើយ»
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 31, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើរាប់ពីថ្ងៃទី១៩ ខែឧសភាមក «វិន័យ»ដ៏ពិសេសមួយ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលហាមសមាជិក និងអ្នកគាំទ្រ កុំឲ្យធ្វើការតបតរ ជាមួយក្រុមអតីតសមាជិករបស់គណបក្ស មានសុពលភាពអនុវត្តន៍ ត្រឹមតែ១សប្ដាហ៍ជាងប៉ុណ្ណោះ។ ព្រោះថ្ងៃនេះ លោក ខឹម វាសនា ខ្លួនលោក គឺជាអ្នកឆ្លើយឆ្លងដោយផ្ទាល់ ទៅកាន់លោក អោក វ៉េត អតីតអគ្គលេខាធិការរបស់គណបក្ស ដោយព្រមានអតីតសមាជិករូបនោះ ថាកំពុង«រកកន្លែងងាប់» និង«វាស់បង្រួមដីដើរ» ដោយហេតុ«តាំងខ្លួនជាសត្រូវ នៃសេចក្ដីល្អ»។
លោក ខឹម វាសនា បានសរសេរដូច្នេះ នៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «បង វ៉េត រកកន្លែងងាប់ហើយ។ [គាត់]វាស់បង្រួមដីដើរហើយ [ព្រោះ]តាំងខ្លួនជាសត្រូវនៃសេចក្តីល្អ តើមានទីឈរធំប៉ុណ្ណាទៅ?»។
សំណេរឆ្លើយឆ្លងដោយផ្ទាល់ ទៅកាន់អតីតសមាជិកដូច្នេះ ទំនងជាប្រមុខ«ទ័ពជួង» អត់ទ្រាំមិនបាន ទៅនឹងការបកស្រាយ របស់លោក អោក វ៉េត ដែលរំលឹកឡើងវិញពីមូលហេតុ ដែលលោកបានចាកចេញ ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ កាលពីម្សិលម៉ិញ អតីតអគ្គលេខាធិការគណបក្ស «ជួង» រូបនេះ នៅបានបបួលលោក ខឹម វាសនា មកស្បថឲ្យ«រន្ទះបាញ់ ឬស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍»នោះផង ប្រសិនជាទាំងសងខាង មានម្ខាងណានិយាយពាក្យ«មុសា»។
លោក អោក វ៉េត បានសរសេរ នៅក្នុងក្រុមជជែកពិភាក្សាមួយថា៖ «មានសមាជិក ឬអ្នកគាំទ្រ LDP មួយចំនួន បានវាយប្រហារមក[លើ]ខ្ញុំ ដោយពាក្យសម្តីប្រមាថ កាច់មួលប្រាស់ចាកពីភាពសុច្ចរិត ដែលជាបាតគ្រឹះរបស់ LDP ពីព្រោះពួកគេទទួលបានព៌តមាន តែម្ខាងពីលោកខឹម វាសនា។ ថ្ងៃនេះខ្ញុំជំរាបជូន ពីប្រវត្តិខ្លះៗទាក់ទងនឹងការស្គាល់គ្នា រវាងខ្ញុំ និងលោក ខឹម វាសនា និងដំណើរការបង្កើត LDP ព្រមទាំងព៌តមានខ្លះៗ ដើម្បីអោយបងប្អូនបានជ្រាប ពីមូលហេតុដែលខ្ញុំលាឈប់ ពីអគ្គលេខា LDP ហើយជាចុងក្រោយ ឈប់ចូលរួមសកម្មភាព ជាមួយ ខឹម វាសនា។»។
អតីតមន្ត្រីជាន់ខ្ពស់ របស់គណបក្សជួង បានសរសេរបបួលស្បថដូច្នេះថា៖ «ដោយសារខ្ញុំគ្មានឯកសារឬ ខ្សែអាត់សម្លេង ជាភស្តុតាងបញ្ជាក់ ថាជាការពិតនោះ ខ្ញុំសូមស្បថថា បើការអះអាងរបស់ខ្ញុំនេះ មានចេតនាបង្កាច់បង្ខូច លោក ខឹម វាសនា សូមអោយរន្ទះបាញ់ ឬគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចុះ។ តែបើរាល់ការថ្លែងរបស់លោក ខឹម វាសនា មានចេតនាបង្កាច់បង្ខូច រូបខ្ញុំ និងសមាជិក LDP ដែលបានចាកចេញវិញនោះ សូមអោយលោក ខឹម វាសនា ត្រូវរន្ទះបាញ់ ឬគ្រោះថ្នាក់ចរាចរណ៍ ស្លាប់លើដងផ្លូវ។»។
តែសម្រាប់ប្រធានគណបក្ស«ជួង» វិញ បានហៅក្រុមអតីតសមាជិកគណបក្ស ដែលបានលាឈប់ ឬត្រូវបានបណ្ដេញចេញទាំងនោះ ថាសុទ្ធតែ ជាពួក«នំគម»ទាំងអស់។ លោក ខឹម វាសនា សរសេរបន្ត ដោយយកទម្រង់ តាមចម្រៀង«ដដែលៗ»ថា៖ «LDP រស់មកដល់សព្វថ្ងៃ មិនមែនព្រោះសត្រូវ ពួកវាអនុគ្រោះឲ្យ LDP ទេ។ តែព្រោះពួកគេផ្គុំគ្នាវាយ LDP មិនងាប់តើ។ ពួកគេឃើញ LDP ធំ គេស្តាយនំគមខ្លាំងណាស់។»៕
» ភាគបន្តនៅថ្ងៃនេះ របស់លោក អោក វ៉េត ជុំវិញការចាកចេញពីគណបក្ស «ជួង»៖