ខឹម វាសនា ​ឲ្យ​គណបក្ស​ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​ឌីជេ​អាចារ្យ​ធំ

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានប្រកាសនៅព្រឹកថ្ងៃអាទិត្យនេះ ថាលោកសម្រេចចិត្ត ឲ្យគណបក្សដាក់ពាក្យបណ្ដឹង ប្ដឹងលោក«អាចារ្យធំ» នៅកាន់តុលាការ ទាក់ទងនឹងការលើកឡើង របស់យុវជនរូបនេះ នៅលើបណ្ដាញសង្គម ចោទលោក ខឹម​ វាសនា ថាបានលើកដៃអនុម័ត្រច្បាប់ ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែម ដែលអនុញ្ញាតឲ្យមាន«ការកាត់កោះត្រល់ ទៅឲ្យយួន»។
ខឹម វាសនា ​ឲ្យ​គណបក្ស​ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​ឌីជេ​អាចារ្យ​ធំ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ខឹម វាសនា ប្រធានសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅខ្លួនឯងថា «បក្សជួង»។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 02, 2017
  • ប្រធានបទ: យុត្តិធម៌-ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើលោក ខឹម វាសនា បានលើកឡើងក្នុងពេលកន្លងមក ទាក់ទងនឹងឯករាជ្យភាព ដែលពោរពេញដោយមន្ទិល របស់តុលាការកម្ពុជានោះ នៅថ្ងៃនេះ លោកប្រធានគណបក្ស«ជួង»រូបនេះ បានសម្រេចចិត្តថា នឹងត្រូវពឹងពាក់ប្រព័ន្ធយុត្តិធម៌មួយនេះ ដើម្បីរក«ស-ខ្មៅ»ជូនលោក។

ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសនៅមុននេះថា លោកបានសម្រេចចិត្ត ឲ្យគណបក្សលោកដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការ ដើម្បីប្ដឹងយុវជនមួយរូប ដាក់រហស្សនាម DJ «អាចារ្យធំ» ទាក់ទងនឹងការលើកឡើង របស់យុវជនរូបនេះ កាលពីពេលកន្លងមក ចោទលោក ខឹម វាសនា ថាបានលើកដៃក្នុងរដ្ឋសភា កាលពីឆ្នាំ២០០៥ ដើម្បីចូលរួម​អនុម័ត្រច្បាប់ ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែម ដ៏ប្រទាំងប្រទើស ដែលអនុញ្ញាឲ្យមាន «ការកាត់កោះត្រល់ ឲ្យយួន»។

លោក ខឹម វាសនា បានសរសេរនៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖ «ពូបានសំរេចចិត្តឲ្យ​ បក្សដាក់ពាក្យបណ្តឹង [ប្ដឹង]អាចារ្យធំទៅតុលាការ រឿងអាចារ្យធំចោទពូថា លើកដៃកាត់កោះត្រល់ឲ្យយួននេះហើយ»។​

ប្រមុខបក្សរូបនេះ បានលើកឡើងបន្ត ដើម្បីបង្ហាញឲ្យឃើញ ពី«ក្ដីសណ្ដោស»របស់លោកដូច្នេះថា៖ «ឲ្យពូសុំទោស ក្មួយអាចារ្យធំផងចុះ​ ពូធ្វើនយោបាយដើម្បីជួយខ្មែរ​ បេះដូងពូពិតជាសណ្តោសណាស់​ ពូអត់អោនណាស់​។ បើត្រឹមតែប៉ះពាល់មុខមាត់​ កេរ្ត៍ឈ្មោះរបស់ពូ​ ពូមិនប្តឹងក្មួយទេ​ តែនេះ​ ក្មួយបានបំពុលបរិយាកាសសង្គម ហួសដែនកំណត់ហើយ។​»។

លោក ខឹម វាសនា បានពន្យល់ឡើងថា៖ «ក្មួយគ្មានដឹងអ្វីបន្តិចសោះ ពីរឿងសន្ធិសញ្ញាព្រំដែននេះ​ តែក្មួយឆ្កាដៃឆ្កាជើង​ ដូចក្មួយដឹងណាស់​ ក្មួយស្នេហាជាតិណាស់។​ ដើម្បីទប់ស្កាត់​ ការបង្កភាពច្រឡំបល់​ រកមុខរកបាតមិនឃើញ ក្នុងការចោទពូរឿងលើកដៃ គាំទ្រសន្ធិសញ្ញាបំពេញបន្ថែមនេះ​ ចាំទៅជួបគ្នា នៅតុលាកាចុះណាក្មួយ»។

យុវជន ឌីជេ អាចារ្យធំ នៅមិនទាន់ឃើញប្រតិកម្មអ្វីមកវិញនៅឡើយ ក្នុងពេលភ្លាមៗ។ ប៉ុន្តែការលើកឡើងរបស់យុវជនរូបនេះ ត្រូវបានធ្វើឡើង នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ ដែលត្រូវបានលប់ចេញទៅវិញ នៅពេលក្រោយមក។ ជាការលប់ចោលទៅវិញ ដែលហាក់ដូចជាយឺតពេលបន្តិច ព្រោះផ្នែកមួយនៃសំដីរបស់ ឌីជេអាចារ្យធំ ទាក់ទងនឹងការលើកឡើងនេះ ត្រូវបានថតទុក និងយកមកចែករំលែកវិញ នៅពាសពេញបណ្ដាញសង្គម។

យ៉ាងណាចំពោះការលើកដៃ អនុម័ត្រច្បាប់ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែម ត្រូវបានលោក ខឹម វាសនា ខ្លួនលោកទទួលស្គាល់ ថាពិតជាបានធ្វើមែន តែថាការលើកដៃមួយសម្លេងរបស់លោក មិនមានឥទ្ធិពលអ្វី ទៅលើការអនុម័ត្រច្បាប់នេះ នៅពេលនោះទេ។ ប៉ុន្តែចង់មិនចង់ក៏ដោយ ក៏ពាក្យបណ្ដឹងរបស់លោក​ អាចនឹងគាស់កកាយ រឿងដ៏រសើបនេះត្រឡប់មកវិញ ខណៈរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានព្រមាន ថានឹងធ្វើការបង្ក្រាប ទៅលើនរណា ឬក្រុមណា​ក៏ដោយ ដែលនៅតែបន្តនិយាយ​វែកញែក អំពីរឿងព្រំដែន ខ្មែរ-យួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...