កូន ហោ ណាំហុង នឹងប្ដឹង«ចំពោះការបរិហារកេរ្ត៍ និងការប្រមាថ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២០ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 21, 2015
- ប្រធានបទ: ការទូត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសអង់គ្លេស លោក ហោ ណាំបូរ៉ា បានសរសេរ បង្ហាញការសោកស្តាយ ចំពោះមនុស្ស«មួយក្រុម» ដែលបានប្រើប្រាស់ បណ្ដាញសង្គម ដើម្បីផ្សាយនូវព័ត៌មានមិនពិត បំភ្លៃព័ត៌មានស ទៅជាខ្មៅ និងដើម្បីតែចំណេញនយោបាយខ្លួន តែបោកប្រាស់ប្រជាពលរដ្ឋ។ លោកបានសរសេរ នៅលើជញ្ជាំងគណនីហ្វេសប៊ុកថា ក្រុមលោក សម្រេចចិត្តប្តឹង ចំពោះការបរិហារកេរ្ត៍ និងការប្រមាថ ដែលមិនអាចអត់ឱនឲ្យបាន។
លោក ហោ ណាំបូរ៉ា បានសរសេរថា៖ «លោកអ្នកសម្តែង ហាក់ដូចជាស្គាល់យើងខ្ញុំណាស់ តែធាតុពិត មិនដឹងអ្វីទាំងអស់ ហើយសុទ្ធតែ មិនមែនជាការពិត ឬដឹងហើយ លឺហើយ តែធ្វើបំពាន»។ (សូមអាន ប្រតិកម្មរបស់លោក ហោ ណាំបូរ៉ា នៅក្នុងរូបផ្តិតចេញពីអេក្រង់ហ្វេសប៊ុក នៅខាងក្រោម)។
ប្រតិកម្មរបស់លោក ណាំបូរ៉ា បានកើតឡើង បន្ទាប់ពីរលកចលនាជាតិនិយម ទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម បានផ្ទុះឡើងយ៉ាងខ្លាំងក្លា នៅក្រោយពេលដែលឪពុករបស់លោក គឺលោក ហោ ណាំហុង បានចេញលិខិតផ្លូវការមួយ កាលពីពេលថ្មីៗនេះ បំភ្លឺទៅរដ្ឋសភាអះអាង ពីការរំលោភបំពានទឹកដីរៀតណាម ចំនួនជាង១៦ហិចតា ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា នៅជាប់តំបន់ព្រំដែន។
កាលពីពាក់កណ្ដាលខែមេសា ពលរដ្ឋវៀតណាម ក្រោមការជួយការពារជ្រោមជ្រែង ពីអាជ្ញាធរវៀតណាម បានចូលមកកាន់ទីនោះ ហើយបានបាញ់ថ្នាំបំពុល ធ្វើឲ្យដំណាំកសិផលរបស់ពលរដ្ឋខ្មែរ រលួយងាប់អស់។ ហេតុការណ៍ដ៏ក្រៀមក្រំ របស់ពលរដ្ឋខ្មែរ បានជំរុញឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង ចុះទៅដល់កន្លែង ហើយបានធ្វើលិខិតសុំឲ្យបំភ្លឺមួយ ពីសំណាក់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា។
មិនត្រឹមតែប៉ុណ្ណឹង នៅថ្ងៃទី១៩ ខែឧសភានេះ ក្រុមយុវជនមួយក្រុម ដែលជាអ្នកតាមដានបញ្ហាព្រំដែន យ៉ាងជិតស្និតនោះ បានចុះទៅដល់តំបន់នោះ ដោយផ្ទាល់ ហើយពួកគេរបានរកឃើញ និងទទួលបានការអះអាង ពីពលរដ្ឋកម្ពុជារស់នៅទីនោះ ថាទឹកដីទំហំជាង១៦ហិចតា ជារបស់កម្ពុជាតាំងពីដូនតាមក។ សូមទស្សនាវីដេអូ បញ្ជាក់ពីការអះអាង របស់ពលរដ្ឋទាំងនោះ ដូចតទៅ៖
ប៉ុន្តែ នៅមានវីដេអូមួយទៀត ដែលត្រូវបានលោក ហោ ណាំបូរ៉ា បុត្រាលោក ហោ ណាំហុង បានប្រតិកម្មខ្លាំងៗ ដោយហៅការលើកឡើង នៅក្នងវីដេអូនេះ ថាបាន«បំភ្លៃការពិតទាំងស្រុង ដើម្បីផលប្រយោជន៍នយោបាយ»។ លោក ណាំបូរ៉ា បានសរសេរពន្យល់តបវិញថា៖ «ហើយបើគ្រួសាររបស់ ហោ ណាំហុង ក្បត់ជាតិមែន តើយើងតស៊ូ សង្រ្គាមស្លាបប៉ាការ ស្លាប់រស់ និងការតស៊ូមតិ ចរចារជាមួយថៃ ដើម្បីអធិបតេយ្យភាពកម្ពុជាធ្វើអី? តើយើងចចារជាមួយវៀតណាម យ៉ាងស្វិតស្វាញ លើបញ្ហាព្រំដែនធ្វើអី?»
» សូមទស្សនាវីដេអូ មួយនេះដូចខាងក្រោម៖
» នេះជាសំណេរទាំងស្រុង របស់លោក ហោ ណាំបូរ៉ា (សូមចុចពីលើ ដើម្បីពង្រីកអាន)៖