ហុង សុខហួរ អាចប្រឈមនឹងបទចោទ ចំនួន៣ករណី
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 16, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្សី និងជាអ្នកជំនាញខាងព្រំដែន របស់គណបក្សសង្គ្រោះជាតិ លោក ហុង សុខហួរ អាចនឹងប្រឈមទល់នឹងបទចោទ ចំនួន៣ ដែលបទចោទណាមួយ ក៏សុទ្ធតែមានទោស ត្រូវជាប់ពន្ធនាគារ ជាច្រើនឆ្នាំ។ នេះបើតាមប្រភព ពីមន្ត្រីតុលាការ បានថ្លែងបង្ហើបដឹង នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ។
នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នេះ លោក ហុង សុខហួរ ត្រូវបានក្រុមអាជ្ញាធរ បញ្ជូនត្រឡប់មកតុលាការវិញ ដើម្បីអនុញ្ញាឲ្យចៅក្រមស៊ើបសួរ លោក កោ វណ្ឌី ធ្វើការសាកសួរ។ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំងរូបនេះ ត្រូវបានអាជ្ញាធរ គ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនកាលពីព្រឹកថ្ងៃម្សិលម៉ិញ ពីក្នុងគេហដ្ឋានរបស់តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក យន្ដ ថារ៉ូ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា ទាំងអភ័យឯកសិទ្ធិនេះ បានធ្វើឡើងតាមបញ្ជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសកាលពីថ្ងៃទី១៣ ខែសីហា បញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច តាមស្វែងរកចាប់ខ្លួន លោក ហុង សុខហួរ។ លោក ហ៊ុន សែន បានចោទលោក សុខហួរ ពីបទ«ក្បត់ជាតិ» បន្ទាប់ពីសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំងរូបនេះ បានធ្វើអត្ថាធិប្បាយ ពីសន្ធិសញ្ញា កម្ពុជា-វៀតណាម នាឆ្នាំ១៩៧៩ ទាក់ទងនឹងឃ្លាមួយ ដែលលោក ហ៊ុន សែន បានចាត់ទុកថា ជាការក្លែងបន្លំមួយ មានចេតនាបង្កចល្លាចល។
ការធ្វើអត្ថាធិប្បាយ ថតជាវីដេអូ ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថា ជាការប្រព្រឹទ្ធបទល្មើសជាក់ស្ដែង ហើយអាចអនុញ្ញាតឲ្យអាជ្ញាធរ ធ្វើការចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះ ដោយមិនចាំបាច់ មានការដកអភ័យឯកសិទ្ធិជាមុន។
ក្រោយពីចាប់ខ្លួន លោក សុខហួរ ត្រូវបានបញ្ជូនខ្លួនភ្លាមៗ ទៅធ្វើការស៊ើបសួរ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មុននឹងបញ្ចូនទៅតុលាការសាលាដំបូង នៅរសៀលថ្ងៃដដែល។ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង ដែលបានទទួលបន្ទុកសាកសួរ សមាជិកព្រឹទ្ធសភានោះ បានស្នើឲ្យចោទប្រកាន់ លោក ហុង សុខហួរ នូវបទចោទប្រកាន់ ចំនួន៣ករណី៖ បទក្លែងលិខិតសាធារណៈ បទប្រើលិខិតសាធារណៈក្លែង និងបទញុះញង់ អោយមានបទល្មើសមជ្ឈឹម ឬឩក្រិដ្ឋមិនបានសម្រេច។ ប៉ុន្តែគេមិនឃើញ មានបទចោទ ទាក់ទងនឹង«ទង្វើក្បត់ជាតិ»នោះទេ។
លោក ហុង សុខហួរ ត្រូវបានបញ្ជូនត្រឡប់ទៅឃុំខ្លួន នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងយប់ថ្ងៃទី១៥ ខែសីហា មុននឹងបញ្ជូនខ្លួន មកសាលាដំបូងរាជធានី ជាថ្មីទៀត នាព្រឹកនេះ។ ចៅក្រមស៊ើបសួរ អាចនឹងកំណត់ពីបទចោទទាំងនេះ នៅបន្ទាប់ពីធ្វើការសាកសួររួច។
ក្នុងច្បាប់ក្រមព្រហ្មទណ្ឌកម្ពុជា ត្រង់មាត្រា ៦២៩. បទក្លែងបន្លំឯកសារសាធារណៈ បានចែងថា ការក្លែងបន្លំប្រព្រឹត្ត នៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្ត នៅក្នុងឯកសារដែលចេញឲ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ រីឯមាត្រា ៦៣០. បទប្រើប្រាស់ឯកសារសាធារណៈក្លែង នៃក្រមព្រហ្មទណ្ឌដដែល បានចែងថា ការប្រើប្រាស់ឯកសារក្លែង ដែលមានក្នុងមាត្រា៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល៕