សុខ ឥសាន៖ កម្លាំងប្រជាជនជាឧបករណ៍«ដាច់ថ្លៃ» ពីរដ្ឋាភិបាល
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២២ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 23, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទំនងជាមិនបានត្រៀមខ្លួន ក្នុងការឆ្លើយតបទៅនឹងសំនួររន្ថាន់ ឥតព្រាងទុករបស់អ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែប្រសិនជាអ្នកសារព័ត៌មាន បង្កើនការសាកសួរដេញដោល ទៅកាន់វាគ្មិនណាមួយនោះ ដោយព្រោះចង់ឲ្យវាគ្មិននោះ និយាយចេញមកឲ្យអស់ ពីក្នុងខ្លួន ជាជាងប្រើតែភាសា«ការទូត» ដែលល្អមើលតែខាងក្រៅ និងមិនឆ្ងាញ់ពិសារនៅផ្នែកខាងក្នុង (ឬខ្មែរហៅ ភាសាស្គរប្រហោងក្នុង)។
សម្រាប់លោក សុខ ឥសាន បានហៅការសាកសួរដេញដោល ពីសំណាក់លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីពេលកន្លងមក ថាជា«ការពូកែបន្លប់»លោក។ តើសំនួររបស់លោក ជុន ច័ន្ទបុត្រ ពិតជាមានឥទ្ធិពល«បន្លប់» រហូតដល់ធ្វើឲ្យអ្នកនាំពាក្យ របស់គណបក្សកាន់អំណាច ច្រឡំហៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ទៅជាប្រទេស«ម៉ាយ៉ាមី»ដូច្នេះឬ?
តែមិនដូចជាអញ្ចឹងទេ ព្រោះបើសូម្បីលោក ជុន ច័ន្ទបុត្រ មិនបានសម្រុកសួរខ្លាំងៗក៏ដោយ ក៏លោក សុខ ឥសាន បានភ្លាត់មាត់បញ្ចេញពាក្យសំដី ដ៏កម្រប៉ុន្មានឃ្លា យ៉ាងដូច្នេះថា៖ «កម្លាំងប្រជាជន ត្រូវប្រើប្រាស់ ដើម្បីបង្ក្រាប ព្រោះកម្លាំងប្រជាជនណ្នឹង ជាឧបករណ៍ដាច់ថ្លៃ ពីរាជរដ្ឋាភិបាលស្របច្បាប់។ មិនអាចឲ្យជនណា ឬក្រុមណា ធ្វើផ្ដេសផ្ដាសបានទេ។»។
លោក សុខ ឥសាន ចង់និយាយពី«កម្លាំងប្រដាប់អាវុធ»?
តាមពិតទៅ ការភ្លាត់សម្ដីរបស់លោក សុខ ឥសាន ជាការឆ្លើយតប ទៅនឹងសំនួររបស់លោក សុន ឆៃ តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់ មកពីគណបក្សសង្គ្រោះជាតិ ដែលបានអង្គុយរួមតុពិភាក្សាជាមួយលោក នៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី នារាជធានីភ្នំពេញ ក្នុងយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។ បន្ទាប់ពីបានរៀបរាប់ ពីសុច្ឆ័ន្ទៈរបស់គណបក្សសង្គ្រោះជាតិ ក្នុងបំណងចង់ជួបចរចា ដែលតែងត្រូវបានគណបក្សប្រជាជនកម្ពុជាបដិសេធ ម្ដងជាពីរដងនោះ លោក សុន ឆៃ លើកជាសំនួរថា៖ «វាចេះតែសរសេរនេះ ខុសនោះ... ឥឡូវខ្ញុំមិនដឹងរកវិធីណា ក៏ប៉ុន្តែចង់សួរផ្ទាល់ (ទៅលោក សុខ ឥសាន) ថាគួរយើងខ្ញុំធ្វើម៉េចទៅវិញ»?
ជាចម្លើយសង្ខេប អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងឡើងថា៖ «យើងដែលជាគណបក្សកាន់អំណាច គឺយើងមានអំណាចនៅក្នុងដៃ មិនអាចឲ្យបុគ្គលណាមួយ បង្កើតអស្ថិរភាព នៅក្នុងសង្គមបាននោះទេ ព្រោះសន្តិភាពនេះ ពិបាករកណាស់។ (...) នៅក្នុងពេលដែលគ្រប់គ្រងនេះ បើសិនណាជាបាតុភាពអសកម្ម (បាតុកម្ម?) កើតឡើង ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នេះ មិនអាចអនុញ្ញាតបានទេ។ កម្លាំងប្រជាជន ត្រូវប្រើប្រាស់ដើម្បីបង្ក្រាប។»
បើស្ដាប់តាមន័យនេះ បានសេចក្ដីថា លោក សុខ ឥសាន លើកយកមកនិយាយ ពីកង«កម្លាំងប្រដាប់អាវុធ» និងមិនមែនជា«កម្លាំងប្រជាជន»នោះទេ។ ណាមួយទៀត គណបក្សប្រជាជនកម្ពុជា មិនចូលចិត្តនរណាម្នាក់ ដែលប្រើពាក្យ«កម្លាំងប្រជាជន» ឬ«កម្លាំងមហាជន»នេះឡើយ។ តែចំណុចមួយ ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ពាក្យ «ឧបករណ៍ដាច់ថ្លៃ» ទៅវិញទេ។ តើគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាលកាន់អំណាច ចង់និយាយថា «កងកម្លាំងប្រដាប់អាវុធ ជាឧបករណ៍ដាច់ថ្លៃ» របស់ខ្លួនឬ?