ហ៊ុន សែន បង្ហោះវីដេអូថាលោកកំពុងស្ថិតក្នុងភ្នំពេញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 15, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រតិកម្មទៅនឹងការលើកឡើង ថាលោកមានជំងឺជាទម្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ លោកនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមុខ មកអះអាងថា លោកកំពុងមានវត្តមាន នៅក្នុងរាជធានីភ្នំពេញ និងជិះរថយន្ដជាប់ក្នុងការស្ទះចរាចរណ៍ ដូចគេឯង។
ការថ្លែងអះអាងនេះ ត្រូវបានធ្វើឡើង នៅក្នុងវីដេអូមួយ ដែលលោក ហ៊ុន សែន បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក នៅមុននេះបន្តិច។ ប៉ុន្តែវីដេអូ ដែលមានរយៈពេលជាង១នាទី មិនមែនជាវីដេអូផ្សាយផ្ទាល់ ដូចដែលក្រុមការងាររបស់លោក ធ្លាប់ធ្វើរាល់ដងនោះទេ ហើយនៅក្នុងវីដេអូ លោកក៏មិនបង្ហាញឲ្យច្បាស់ ថាតើរូបភាពខាងក្រៅ ទាក់ទងននឹងការអះអាងរបស់លោក មានលក្ខណៈយ៉ាងដូចម្ដេចឡើយ។
យ៉ាងណាក៏ពាក្យលេចឮ ថាលោកធ្លាក់ខ្លួនឈឺនោះ មិនមែនគ្រាន់តែ ជាការលើកឡើង ដោយក្រុមមនុស្សដទៃ ឬក្រុមមាននិន្នាការមិនស្របលោកប៉ុណ្ណោះទេ តែបើសូម្បីក្មួយបង្កើតរបស់លោក ក៏បានយល់ដែរថា លោក ហ៊ុន សែន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងប្រទេសបារាំង។ លោក ហ៊ុន សែន បានមានប្រសាសន៍អះអាង ដោយខ្លួនលោកថា៖ «ហើយក្មួយបង្កើតរបស់ខ្ញុំ ក៏បែរជាយល់ថា ខ្ញុំកំពុងត្រូវបញ្ជូន ទៅប្រទេសបារាំង។ មួយចំនួនទៀត ថាខ្ញុំកំពុងបញ្ជូនពីសាំងហ្គាពួរ (ប្រទេសសិង្ហបូរី) ទៅហុងកុង។»។
បុរសខ្លាំងកម្ពុជា ដែលមិនបានបង្ហាញខ្លួន ជាសាធារណៈ តាំងពីចុងខែមិថុនាមក បានបន្តរៀបរាប់ នៅក្នុងវីដេអូនោះទៀតថា៖ «ឥឡូវនេះ ខ្ញុំកំពុងនៅមុខសណ្ឋាគារភ្នំពេញ បានសេចក្ដីថា ខ្ញុំកំពុងជិះសង្កេតមើលទីក្រុងភ្នំពេញតែម្ដង។»។
នៅក្នុងការអះអាងមួយ របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានឲ្យដឹងដែរថា ពិធីអបអរសាទរ នៃការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនឹងប្រព្រឹត្តិនៅក្នុងថ្ងៃទី១៧ ខែកក្កដាខាងមុខ នៅរាជធានីភ្នំពេញ ក៏នឹងមានវត្តមានចូលរួម ជាអធិបតី នៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ នេះ បើតាមការរបាយការណ៍មួយ របស់សារព័ត៌មានក្នុងស្រុក។
លោក ហ៊ុន សែន បានហៅការលេចឭថា លោកមានជំងឺជាទម្ងន់នោះ គឺជាពាក្យចចាមអារាមដ៏អាក្រក់ និងគួរតែបំបាត់ចោល តាមរយៈការបកស្រាយ នៃឃ្លីបវីដេអូ ដែលលោកបានបង្ហោះនេះ។ លោកបានពន្យល់បន្តថា៖ «សូមបងប្អូនពិនិត្យមើល ថាអ្នកដែលបំផុសហ្នឹង គេមានចេតនាអ្វីឲ្យពិតប្រាកដ ព្រោះថា នាយករដ្ឋមន្ត្រីដែលបាត់ខ្លួន (...) ដូចដែលគេបានលើកឡើងនោះ ប្រាកដណាស់ថា ប្រទេសនេះនឹងច្របូកច្របល់»។
តាំងពីច្រើនថ្ងៃមកហើយ មានប្រភពមន្ត្រីក្នុងស្រុកជាច្រើន ដែលសុំមិនបញ្ចេញឈ្មោះ និងដែលត្រូវបានស្រង់សំដី ដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមានទីតាំង នៅក្រៅប្រទេស បានអះអាងថា អវត្តមានច្រើនសប្ដាហ៍ របស់លោក ហ៊ុន សែន បណ្ដាលមកពីលោកនាយករដ្ឋមន្ត្រី ចេញទៅព្យាបាលជំងឺ នៅក្នុងប្រទេសសិង្ហបូរី។ ប្រភពទាំងនោះ ថែមទាំងរៀបរាប់ទៀតថា លោក ហ៊ុន សែន មានជំងឺធ្ងន់ធ្ងរ ទាក់ទងនឹងឆ្អឹងខ្នង។
ប្រភពច្បាស់ការផ្សេងទៀត គួរឲ្យទុកចិត្តបាន ក៏បានអះអាងប្រាប់វិទ្យុអាស៊ីសេរី (RFA) ដែរថា លោក ហ៊ុន សែន កំពុងសម្រាកព្យាបាលរបួស នៅក្រៅប្រទេស តែមិនបានបញ្ជាក់ថា ជាប្រទេសណាមួយទេ។ ប្រភពនោះបាននិយាយថា ក្នុងពេលលេងវាយកូនហ្គោល កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានដួលបាក់ឆ្អឹងត្រគាក រួចបានចេញ ទៅសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យនៅក្រៅប្រទេស និងត្រូវសម្រាកព្យាបាលរបួសនោះ រហូតដល់រយៈពេល ១ខែ។
តែបើទោះជាលោក ហ៊ុន សែន ទទួល ឬមិនទទួលស្គាល់ ថាខ្លួនលោកមានជំងឺក៏ដោយ តែរូបថតដែលបង្ហោះ ដោយលោក ហ៊ុន សែន ខ្លួនឯង នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីប៉ុន្មានថ្ងៃមុន បានបង្ហាញពីភាពមិនប្រក្រតី ខុសពីរាប់សិបដង។ នោះគឺប្រដាប់អបឆ្អឹង ដែលលោកកំពុងពាក់ ព័ទ្ធនៅជុំវិញចង្កេះ ទាំងពេលលោកចេញដើរ ពាក់អាវធំ (ដែលហាក់ទប់ខ្លួនជានិច្ច) និងទាំងពេលលោក នៅក្នុងបន្ទប់គេង ពាក់អាវនៅផ្ទះ ដូចរូបខាងក្រោម៖