ជាម យៀប៖ មិនបាច់ពីរភាគបី ក៏ស្ថាប័នបោះឆ្នោតអាចឯករាជ្យបានដែរ
មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានអះអាងថា ស្ថាប័នបោះឆ្នោតនៅកម្ពុជា អាចធានាឲ្យមានភាពឯករាជ្យបាន ដោយមិនចាំបាច់ដាក់ជាស្ថាប័នរដ្ឋធម្មនុញ្ញ ហើយត្រូវអនុម័តដោយសម្លេងពីរភាពបី នៃសមាជិកសភាទាំងមូលនោះទេ។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។
នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមទូរស័ព្ទនៅថ្ងៃទី២៧ មីនា នេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានពន្យល់ថា ការណ៍ដែលគណបក្សសង្រ្គោះជាតិ ស្នើដាក់ស្ថាប័នបោះឆ្នោត ជាស្ថាប័នរដ្ឋធម្មនុញ្ញ ហើយចាំបាច់ត្រូវអនុម័តដោយសម្លេងពីរភាគបីនោះ វានឹងនាំឲ្យកម្ពុជា ឈានទៅរកភាពទាល់ច្រកជាថ្មី ព្រោះការបង្កើតសម្លេងពីរភាគបីនៅក្នុងរដ្ឋសភា គឺជាការពិបាកតាំងពីអតីតកាល។
លោក ជាម យៀប អះអាងថា ការបង្កើតស្ថាប័នបោះឆ្នោត មិនចាំបាច់មានសម្លេងពីរភាគបីនៅក្នុងរដ្ឋសភានោះទេ តែត្រូវមានការឯកភាពផ្នែកនយោបាយ វាគ្រប់គ្រាន់សម្រាប់ធានាថា ស្ថាប័នបោះឆ្នោត នឹងមានភាពឯករាជ្យ។ លោកបានបញ្ជាក់ថា៖ «យើងស្នើបទបញ្ជា នីតិវីធី យន្តការ ដាក់ចូលច្បាប់បោះឆ្នោតតែម្តងទៅ ដើម្បីធានាការបោះឆ្នោតយុត្តិធម៌ត្រឹមត្រូវ។ ស្ថាប័នបោះឆ្នោតហ្នឹង ឲ្យមានពីរគណបក្សទៅ តែសំខាន់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកំពូល។»
ការថ្លែងរបស់លោក ជាម យៀប បានធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ក្នុងសន្និសីទការសែតនៅថ្ងៃម្សិលមិញ បានអត្ថាធិប្បាយថា ការស្នើសុំរបស់គណបក្សសង្រ្គោះជាតិ ដែលចង់ដាក់ស្ថាប័នបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ ហើយត្រូវអនុម័តដោយសមាជិកភាព ដោយសម្លេងពីរភាគបី មិនមែនជាសំណើរដាច់ខាតនោះទេ តែវាជាការពិភាក្សាតាមបែបប្រជាធិបតេយ្យ ដើម្បីធានាថាប្រទេសកម្ពុជាដើរលើផ្លូវត្រឹមត្រូវ។
ប្រមុខគណបក្សជំទាស់រូបនេះ បានសង្កត់ធ្ងន់ថា៖ «ដើម្បីធានាថាស្ថាប័នបោះឆ្នោតមានភាពឯករាជ្យ គណបក្សសង្រ្គោះជាតិ គ្រាន់តែស្នើរូបមន្ត រូបមន្តមានច្រើន មិនមែនបានន័យថា គណបក្សសង្រ្គោះជាតិស្នើរូបមន្តហ្នឹង គណបក្សប្រជាជនកម្ពុជា ត្រូវតែទទួលនោះទេ។ បើគណបក្សប្រជាជនកម្ពុជា មានរូបមន្តណាមួយផ្សេងទៀត ដែលធានាឯករាជ្យភាពស្ថាប័នបោះឆ្នោត យើងក៏នឹងត្រៀមពិនិត្យ ថ្លឹងថ្លែង សិក្សាជាមួយគ្នា។»
លោកស៊ូរីយ៉ា ស៊ូបេឌី តំណាងពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីពេលកន្លងមក បានផ្តល់អានុសាសន៍ថា វាគឺជាការពិបាកជឿជាក់ថា ស្ថាប័នបោះឆ្នោតមួយមានភាពឯករាជ្យតាមរយៈការបង្កើតឡើង ដោយគណបក្សតែមួយ ដូច្នេះស្ថាប័នបោះឆ្នោត ចាំបាច់ត្រូវមានការព្រមព្រៀងផ្នែកនយោបាយ រវាងគណបក្សដែលមានអាសនៈ នៅក្នុងរដ្ឋសភា នោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មីនា ២០១៤