«ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៧ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 07, 2016
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលមានទីតាំងនៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានទម្លាយឲ្យដឹងនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»ដ៏អស្ចារ្យ នៃក្រុមគ្រួសារផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំងនោះ ថាមានកម្រិតច្រើនជាង ៥០០លានដុល្លារ។
នៅក្នុងរបាយការណ៍នោះ បានលើកមកនិយាយយ៉ាងលំអិត និយាយពី កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅពីលើក្រុមហ៊ុន-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែលធ្វើការបណ្ដាក់ទុន ទៅលើវិស័យដ៏សំខាន់ៗ ដែលល្បីល្បាញថា ជាវិស័យដែលមានពោរពេញ ដោយអំពើពុករលួយ នៅកម្ពុជា។
វិស័យរកទទួលទាន របស់ផៅសន្ដានត្រកូល ហ៊ុន មានចំនួនប្រមាណជា២០ រាប់ចាប់ពីវិស័យហិរញ្ញវត្ថុ រហូតដល់វិស័យព្រៃឈើ ជាពិសេស វិស័យឧស្សាហកម្មរ៉ែ ថាមពល អចលនវត្ថុ និងបនល្បែង និងព្រមទាំងមានកិច្ចសហការជាដៃគូ ជាមួយក្រុមហ៊ុនយីហោអន្តរជាតិធំៗ ដូចជាក្រុមហ៊ុន «Apple» «Unilever» «Honda» និងក្រុមហ៊ុន «General Electric»ជាដើម។
យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អង្គការ គ្លបប៊ល វិតណេស មិនបានបង្ហាញភ័ស្តុតាងជាក់លាក់ណាមួយថា មហាផៅសន្ដានត្រកូល ហ៊ុន ទទួលបាន ឬពង្រីកផលប្រយោជន៍ លើមុខជំនួញរបស់ខ្លួន ដោយខុសច្បាប់នោះទេ ដោយគ្រាន់តែបានបង្ហាញ ពីការរំលោភច្បាប់ និងសិទ្ធិខ្លះដោយក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ។ ហើយភាគច្រើននៃរបាយការណ៍ គឺជាការដកស្រង់ចេញ ពីសំណុំឯកសារសាជីវកម្មសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលអាចរកបាន នៅតាមប្រព័ន្ធអុីនធឺណិត។
អង្គការ គ្លបប៊ល វិតណេស បាននិយាយថា លទ្ធផលដែលខ្លួនរកឃើញ គ្រាន់តែមួយចំណែកតូចប៉ុណ្ណោះ ពីព្រោះសំណុំឯកសារទាំងនោះ មិនបានចុះបញ្ជីនាយក ឬម្ចាស់ភាគហ៊ុនទាំងអស់ ជាលក្ខណៈប្រព័ន្ធទេ ដោយហេតុថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្សព្វផ្សាយតែភាគហ៊ុនណា ដែលប្រកាសជាផ្លូវការប៉ុណ្ណោះ។ ការចុះបញ្ជីទាំងនោះ បានធ្វើឲ្យគេជឿថា ក្រុមអ្នកមានអំណាចនៅកម្ពុជា បានលាក់ផលប្រយោជន៍ នៃសាជីវកម្មរបស់ខ្លួន ឬស្ថិតនៅនៅពីក្រោយមនុស្សជំនិត ដែលគ្រប់គ្រងក្រុមហ៊ុនរកទទួលទាន។ មនុស្សជំនិតទាំងនោះ អាចមានត្រឹមតែសម្បកក្រៅ និងមានឈ្មោះមិនពិត។
រាជនី នៃចក្រភពជំនួញ៖ អ្នកស្រី ហ៊ុន ម៉ាណា
អ្នកស្រី ហ៊ុន ម៉ាណា ជាកូនស្រីច្បង របស់លោក ហ៊ុន សែន និងត្រូវបានរបាយការណ៍ ផ្ដល់រហស្សនាមឲ្យថា ជារាជិនី នៃចក្រភពជំនួញរបស់គ្រួសារនេះ។ អ្នកស្រី ជាអ្នកគ្រប់គ្រង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលរួមមានវិទ្យុ និងទូរទស្សន៍បាយ័ន រួមនឹងកាសែតកម្ពុជាថ្មី ដែលចេញផ្សាយប្រចាំថ្ងៃនោះផង។ ប៉ុន្តែ កំណត់ត្រារបស់ក្រសួងពាណិជ្ជកម្ម បានភ្ជាប់អ្នកស្រី ហ៊ុន ម៉ាណា ទៅនឹងក្រុមហ៊ុនសរុប ចំនួន២២ ដោយក្នុង១៨ក្រុមហ៊ុន អ្នកស្រីជាប្រធាន ឬជានាយក ដែលមានដើមទុនភាគហ៊ុនចុះបញ្ជី ចំនួន៦៦,៧លានដុល្លារ។
ភាគហ៊ុនផ្សេងៗទៀត ដែលកូនស្រីច្បងនាយករដ្ឋមន្ត្រីមាន នៅក្នុងមុខរបរទទួលទាននោះ រួមមានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម «Moon Media» ក្រុមហ៊ុន «The Museum Company» ដែលគ្រប់គ្រងសារមន្ទីរជាតិអង្គរ ក្នុងក្រុងសៀមរាប ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលក្រសួងទេសចរណ៍ណែនាំ ឲ្យធ្វើពិធីជាផ្លូវការ ក្រុមហ៊ុនវិនិយោគរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន «Cambodia Electricity Private» ដែលលក់អគ្គិសនី ឱ្យទៅក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរបស់រដ្ឋ «EDC» ជាដើម។
នៅក្នុងរបាយការណ៍ដដែល ក៏បានលើកឡើងដែរ ពីអ្នកស្រី ហ៊ុន សេងនី (ប្អូនស្រីរបស់លោក ហ៊ុន សែន) អ្នកស្រី ហ៊ុន ចន្ថា អ្នកស្រី ហ៊ុន គឹមឡេង (កូនស្រីរបស់លោក ហ៊ុន ណេង ដែលជាបងប្រុស របស់លោក ហ៊ុន សែន) អ្នកស្រី ពេជ្រ ច័ន្ទមុន្នី (ភរិយារបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន) អ្នកស្រី យឹម ឆៃលីន (ភរិយារបស់លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី២ របស់លោក ហ៊ុន សែន) និងលោក សុខ ពុទ្ធិវុធ (ស្វាមីរបស់អ្នកស្រី ហ៊ុន ម៉ាលី ដែលជាកូនស្រីរបស់លោក ហ៊ុន សែន)។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះបញ្ជីលោកឧត្ដមសេនីយ៍ ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោក ហ៊ុន សែន ថាជាប្រធានក្រុមហ៊ុនអគ្គិសនី «Cambodia Electricity Private» ជាមួយបងប្អូនស្រីរបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី។ តែក្នុងថានៈជាមន្ត្រីយោធានោះ លោក ហ៊ុន ម៉ានិត ត្រូវបានរារាំងដោយច្បាប់ ស្ដីពីលក្ខន្តិកៈទូទៅនៃយោធា ដែលហាមមន្ត្រីយោធា មិនឲ្យក្លាយជាសមាជិកក្រុមប្រឹក្សានាយក នៃក្រុមហ៊ុនឯកជនណាមួយឡើយ។
ចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា...
អង្គការ គ្លបប៊ល វីតណេស បានលើកយកមកចុះផ្សាយ នៅក្នុងរបាយករណ៍នោះដែរ នូវការបកស្រាយរបស់លោក សុខ ពុទ្ធិវុធ ស្វាមីរបស់អ្នកស្រី ហ៊ុន ម៉ាលី (ដែលជាកូនស្រីរបស់លោក ហ៊ុន សែន) និងជាមនុស្សតែម្នាក់គត់ ដែលបានឆ្លើយតប នឹងការស្នើសុំធ្វើអត្ថាធិប្បាយ របស់អង្គការនេះទៅកាន់មនុស្សជាច្រើន ដែលមានឈ្មោះនៅក្នុងរបាយការណ៍។
លោក សុខ ពុទ្ធិវុធ ដែលមានជាប់ទាក់ទង ទៅនឹងក្រុមហ៊ុនចំនួន៧ ជាពិសេសក្រុមហ៊ុន សោម៉ាគ្រុប (Soma Construction & Development) ដែលលោកធ្វើជានាយកប្រតិបត្តិនោះ បានអះអាងថា៖ «ខ្ញុំអាចយល់បាន នូវការសន្និដ្ឋាន របស់អង្គការគ្លបប៊ល វិតណេស ដែលថា ខ្ញុំបានរំលោភអំណាចរបស់ខ្ញុំ ដើម្បីឈានទៅដល់ចំណុចមួយ ដែលខ្ញុំមានក្នុងពេលសព្វថ្ងៃ។ ប៉ុន្តែ ខ្ញុំសូមធានាថា ខ្ញុំទទួលខុសត្រូវដ៏ច្បាស់លាស់ ចំពោះការអភិវឌ្ឍន៍ ហើយគោរពវិស័យឯកជន។ ខ្ញុំទទួលស្គាល់ថា ការអភិវឌ្ឍន៍នៅមិនទាន់ចប់ទេ។ ទោះជាយ៉ាងណា ខ្ញុំបានបង្កើតក្រុមហ៊ុនដ៏ល្អមួយ ដែលខ្ញុំជឿថា មានចក្ខុវិស័យដូចខ្ញុំ ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។»។
មន្ត្រីរដ្ឋាភិបាល ជាពិសេសកូនប្រុសពីរនាក់របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត បានបដិសេធមិនធ្វើអត្ថាធិប្បាយ ទៅលើរបាយការណ៍ខាងលើនេះទេ។ តែលោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងតាមរយៈសារព័ត៌មានក្នុងស្រុក ចាត់ទុករបាយការណ៍ របស់អង្គការ គ្លបប៊ល វិតណេស ថាកំពុងព្យាយាមញុះញង់ ឲ្យមាន«ការបះបោរ» ឬការ«ធ្វើបដិវត្តន៍» ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សមាជិកក្រុមប្រឹក្សានាយកមួយរូប នៃអង្គការគ្លបប៊ល វីតណេស លោក ស្តេហ្វិន ភីល (Stephen Peel) បានអះអាងក្នុងរបាយការណ៍នេះថា៖ «ការធ្វើជំនួញជាមួយក្រុមហ៊ុននានា ដែលជាផ្នែកមួយ ឬគ្រប់គ្រងដោយគ្រួសារអ្នកកាន់អំណាច នៅក្នុងប្រទេស មិនត្រឹមតែបង្កឲ្យមានការចោទសួរ អំពីក្រមសីលធម៌ប៉ុណ្ណោះទេ វាក៏មានហានិភ័យខ្លាំងណាស់ដែរ ទាក់ទងនឹងផ្លូវច្បាប់ ហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះ។ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន វិនិយោគិននៅកម្ពុជា ត្រូវពិនិត្យពិច័យដោយប្រុងប្រយ័ត្នថា មូលនិធិរបស់ខ្លួន មិនត្រូវបានបញ្ជូនចូល ក្នុងយុទ្ធនាការគាបសង្កត់ របស់លោក ហ៊ុន សែន (និងក្រុមគ្រួសាររបស់លោក)។»។
លោក ភែទ្រីក អែលី (Patrick Alley) សហស្ថាបនិក របស់អង្គការអន្តរជាតិដដែលនេះ បានមានបញ្ជាក់ដែរថា៖ «គ្រួសាររបស់លោក ហ៊ុន សែន បានក្តោបក្តាប់សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ ហើយពលរដ្ឋកម្ពុជា (ជាពិសេស) ក្នុងរាជធានីភ្នំពេញ ទំនងជាព្យាយាមជាច្រើនដងក្នុងមួយថ្ងៃ ដើម្បីចៀសវាងការរកលុយ ដើម្បីបញ្ជូនទៅឲ្យ ក្រុមអ្នកគាបសង្កត់ពួកគេ។ វិនិយោគិនបរទេសអាច និងគួរតែដកខ្លួន ចេញពីរបបគ្រប់គ្រងមួយនេះ ដែលសម្លាប់មនុស្ស បំភិតបំភ័យ និងចាប់អ្នករិះគន់ខ្លួនដាក់ពន្ធនាគារ។»៕
------------------
» អានសេចក្ដីប្រកាសព័ត៌មាន របស់អង្គការ គ្លបប៊ល វិតណេស ចុចនៅលើទំព័របន្ទាប់។