ហ៊ុន សែន​គម្រាម​មាន​បាតុកម្ម​ធំ​ទូទាំង​ប្រទេស បើ​កឹម សុខា​មិន​សុំ​ទោស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានជាសាធារណៈថា នឹងមានបាតុកម្មរបស់មហាជននៅទូទាំងប្រទេសប្រឆាំងនិង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកពុំព្រមសុំទោសជាសារណៈ ទាក់ទិនទៅការចោទប្រកាន់ថា គុកទួលស្លែង ជាគុកសិប្បនិម្មិត្ត ដែលរៀបចំឡើងដោយប្រទេសវៀតណាម។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: May 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានជាសាធារណៈថា នឹងមានបាតុកម្មរបស់មហាជននៅទូទាំងប្រទេស​ប្រឆាំងនិង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកពុំព្រមសុំទោសជាសារណៈ ទាក់ទិន​ទៅ​ការចោទប្រកាន់ថា គុកទួលស្លែង ជាគុកសិប្បនិម្មិត្ត ដែលរៀបចំឡើងដោយប្រទេសវៀតណាម។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា។

ការកំដៅសាច់ដុំតាមរយៈសង្គ្រាម ពាក្យសម្តីរបស់គណបក្សនយោបាយ បានចាប់ផ្តើមមានឡើងនៅខណៈការបោះឆ្នោត ខិតជិតចូលមកដល់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តមង្គលវង្ស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ថា នៅពេលនេះ កំដៅនយោបាយ បានកើនឡើងកំដៅ រវាងអ្នក​នយោបាយប្រឆាំងម្នាក់ ជាមួយប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយមេបក្សប្រឆាំងម្នាក់បាននិយាយថា គុកទួលស្លែង ជាកន្លែងសិប្បនិម្មិត្ត ប៉ុន្តែមកដល់ពេលនេះ បុគ្គលនោះមិនបានសុំទោស។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖«បើមេដឹកនាំនយោបាយមិនសុំទោសទេ បាតុកម្មទ្រង់ទ្រាយធំ អាចកើតមាន មិនថា​ក្នុងរាជធានីភ្នំពេញទេ តែទូទាំងប្រទេស ពីព្រោះជម្លោះនេះ មិនមែនជម្លោះជាមួយនាយករដ្ឋមន្ដ្រី ជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជននោះឡើយ ប៉ុន្ដែជាជម្លោះជាមួយប្រជាជននៅទូទាំងប្រទេសតែម្ដង»។

លោកហ៊ុនសែន បានគម្រាមថា បាតុកម្មទ្រង់ទ្រាយធំមួយ នឹងកើតឡើង នៅទូទាំងប្រទេស ទោះបីជាបុគ្គលនោះ ទៅដល់​ទីណាក៏ដោយ ក៏នឹងមានបាតុកម្មកើតឡើងដែរ ដោយសារតែបុគ្គលនោះ បាននិយាយបំពានទៅលើប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹងរបបខ្មែរក្រហម។ បាតុកម្មនោះ គឺនៅចាំតែសំឡេងជួងរបស់លោក ជុំ ម៉ី និងលោក ប៊ូ ម៉េង ទេ។ លោកបានថ្លែងឲ្យ​ដឹង​ទៀតថា ៖«ក្នុងនាមខ្ញុំជានាយករដ្ឋមន្ដ្រី ក្នុងឋានៈជាមេដឹកនាំប្រទេស ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលចូល​រួមបាតុកម្ម ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀប រៀបរយនិងកុំប្រើអំពើហិង្សា»។

លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា ដើម្បីវាយប្រហារគណបក្សប្រជាជន រាជរដ្ឋាភិបាល គេសុខចិត្ដប្រមាថ ព្រលឹងប្រជា​ពលរដ្ឋដែលស្លាប់ ដោយការកាប់សម្លាប់នៅក្នុងរបបប៉ុលពត ជាពិសេសប្រជាពលរដ្ឋ ដែលរងទុក្ខវេទនា​និងស្លាប់​នៅក្នុង​គុកទួលស្លែង។ លោកបានថ្លែងថា ៖«បុគ្គលតែម្នាក់ ប៉ុន្ដែបំផ្លាញគណបក្សទាំងមូលតែម្ដង បើសិនជាខ្ញុំវិញ ខ្ញុំនឹងចុះចេញ​ពីតំណែងភ្លាម។ ខ្ញុំមិនជឿថាការកាត់តសំឡេងរបៀបនេះ ធ្វើកើតនោះឡើយ បើទោះបីក្រុមភាពយន្ដរបស់ហូលីវូត​ក៏​ដោយ ពីព្រោះនេះគឺជាសម្លេង»។

រីឯលោកជុំ ម៉ី ប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានថ្លែងឲ្យដឹងថា លោក ទុក​ពេល​ឲ្យលោក កឹម សុខា ចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ បើសិនមិន​ចេញ​មកសុំទេ ពួកគាត់នឹងធ្វើមហាបាតុកម្មទាមទារឲ្យលោក កឹម សុខា សុំទោសជាសាធារណៈនៅគុកទួលស្លែង។

លោកបានថ្លែងឲ្យដឹងទៀតថា ៖ «៥ថ្ងៃទៀតបើគាត់ពុំសុំទោសទេ ពួកខ្ញុំនឹងហែរក្បួនមហាបាតុកម្ម ទៅស្នាក់ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យលោក កឹម សុខា ធ្វើការសុំទោសជាសាធារណៈនៅគុកទួលស្លែង ខ្ញុំមិនអាចនៅ​ស្ងៀមឲ្យអ្នកនយោបាយ ប្រើភាសារបែបនេះបំភ័ន្តប្រជាជនកម្ពុជា និងមនុស្សជាតិទូទាំងពិភពលោកបានជាដាច់ខាត»។

លោក កឹម សុខា ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយទេ ដោយលោកបានចេញទៅអាមេរិក កាលពីព្រលប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៣ ប៉ុន្តែកាលពីល្ងាចថ្ងៃទី២៩ ខែ ឧសភា លោក កឹម សុខា បានបដិសេធនៅក្នុងសន្និសីទកាសែត ថាចំពោះករណីគុកទួលស្លែង (ស-២១) ដែលមានជនមួយក្រុមបានយកពាក្យសំដីលោក មកកែច្នៃបកស្រាយ គឺផ្ទុយពី​ខ្លឹមសារ និងគោលនយោបាយ ដែលលោកចង់និយាយទាំងស្រុង។ លោកបានថ្លែងថា ៖ «ខ្ញុំមិនដែលនិយាយថា គុក​ទួលស្លែងជាគុកសិប្បនិមិត្តឡើយ។ ខ្លឹមសារ ដែលខ្ញុំធ្លាប់បាននិយាយពាក់ព័ន្ធគុកទួលស្លែង ស២១ គឺ ជនរងគ្រោះ ដែល​ត្រូវបានគេធ្វើទារុណកម្ម និងកាប់សម្លាប់ក្នុងគុកនោះត្រូវបានគេមួលបបង្កាច់ ដោយរៀបចំភស្តុតាងក្លែងក្លាយ ដើម្បីទម្លាក់​កំហុសដាក់ពួកគាត់៕»

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...