ដើម្បីចេញទៅធ្វើការនៅថៃវិញ ត្រូវមានប្រាក់យ៉ាងហោច ៤៩ដុល្លា
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានលោក អ៊ិត សំហេង ជារដ្ឋមន្ត្រី បានថ្លែងកំណត់តម្លៃក្រដាសស្នាម ដើម្បីផ្ដល់ជូនពលករខ្មែរ ក្នុងការចូលទៅធ្វើការក្នុងប្រទេសថៃ មានចំនួន ៤៩ ដុល្លា។ ពីក្នុងចំនួននោះ មានតម្លៃធ្វើលិខិតឆ្លងដែនថ្មី របស់រដ្ឋាភិបាល ចំនួន៤ដុល្លារ ដែលទើបនឹងប្រកាសរួចកាលពីពេលថ្មីៗនេះ ត្រូវបានអនុវត្តចូលនោះផង។
លិខិតឆ្លងដែន កម្ពុជា។
ក្រដាសស្នាមការងារ - កិច្ចប្រជុំជាមួយបានរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលករ ទៅក្រៅប្រទេសចំនួនជាង៤០ កាលពីថ្ងៃទី២៤ ខែមិថុនាម្សិលម៉ិញនេះ។ ក្នុងកិច្ចប្រជុំនោះដែលផ្តល់សិទ្ធិ ទៅឲ្យក្រុមហ៊ុនរហូតដល់៤០ ធ្វើជាភ្នាក់ងារបញ្ជូនពលករ ចេញទៅធ្វើការនៅប្រទេសថៃ ក្នុងនាមជាពលករស្របច្បាប់។ ក្នុងការនាំពលករខ្មែរទៅប្រទេសថៃ ក្រសួងក៏បានអនុញ្ញាតិឲ្យក្រុមហ៊ុនទាំងនោះ យកថ្លៃរហូតដល់៤៩ដុល្លាក្នុងមនុស្សម្នាក់។
តម្លៃ៤៩ដុល្លា នេះជាការចេញជំនួសមកវិញនូវ ប័ណ្ឌជាពលករខ្មែរទៅធ្វើការនៅបរទេស (១០ដុល្លារ) ថ្លៃលិខិតឆ្លងដែន (៤ដុល្លារ) ទិដ្ឋាការការងារនៅស្ថានទូតថៃប្រចាំប្រទេសកម្ពុជា (២០ដុល្លារ)។ ជាសរុប ប្រមាណ (៣៤ដុល្លារ)។ បន្ថែមពីលើតម្លៃនេះ ពលករ សិស្ស និងនិស្សិត ត្រូវចេញខ្លួនឯង នូវសោហ៊ុយធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត (១០ដុល្លារ) និងប្រាក់អាហារតាមផ្លូវធ្វើដំណើរ(៥ដុល្លារ) ថែមទៀត ដើម្បីបង្គ្រប់៤៩ដុល្លារ។ នេះជាការបញ្ជាក់ របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបញ្ចប់កិច្ចប្រជុំ ជាមួយក្រុមហ៊ុនបញ្ជូនពលករកាលពីថ្ងៃទី២៤ ខែមិថុនាម្សិលម៉ិញនេះ។
អនុក្រិត្យរបស់រដ្ឋាភិបាល ដែលចុះហត្ថលខា ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមិថុនា ស្តីពីការផ្តល់លិខិតឆ្លងដែនធម្មតា ជូនពលករ ពលការិនី សិស្ស និស្សិត លើមាត្រ១ និង២ បានចែងយ៉ាងដូច្នេះថា «ផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករ ពលការិនីខ្មែរ ដែលត្រូវទៅធ្វើការដោយស្របច្បាប់ នៅបរទេសដោយអាករជាបន្ទុករបស់រដ្ឋ។ ប៉ុន្តែពលករ ពលការិនី ត្រូវបានបង់ប្រាក់ចំនួន៤ដុល្លារអាមេរិកសម្រាប់ថ្លៃថតរូប។ (...) ផ្តល់លិខិតឆ្លងដែន ធម្មតាជូនសិស្ស និស្សិតខ្មែរ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅ ប្រទេស ដោយអាករជាបន្ទុករបស់រដ្ឋ បន្តែសិស្ស និងនិស្សិតត្រូវបង់ប្រាក់ចំនួន៤ដុល្លារ សម្រាប់ថ្លៃថតរូប។ សំណើសុំផ្តល់លិខិតឆ្លងដែនរបស់សិស្ស និស្សិតខ្មែរ ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ត្រូវមានការបញ្ជាក់ពីក្រសួងអប់រំយុវជន និងកីឡា។»
បើតាមការអះអាង របស់មន្រ្តីនាយកដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែន ក្នុងល័ក្ខខ័ណ្ឌមិនបញ្ជាក់ឈ្មោះ បានលើកឡើងថា ទាំងពលករ ទាំងសិស្ស និងនិស្សិត អាចធ្វើលិខិតឆ្លងដែនក្នុងតម្លៃ៤ដុល្លារនេះបាន លុះត្រាអ្នកទាំងនោះ បានចុះឈ្មោះជាមុននៅមូលដ្ឋានរបស់ខ្លួន ហើយមន្ត្រីថ្នាក់មូលដ្ឋាននឹងបញ្ជូនទៅកាន់ថ្នាក់ស្រុក ថ្នាក់ខេត្ត និងជាចុងក្រោយមកខេក្រសួងការងារ។ លោកបន្តថាការធ្វើបែបនេះ ដើម្បីបញ្ជាក់ថាប្រជាពលរដ្ឋទាំងនោះពិតជាពលករ។ ហើយក្រសួងក៏តម្រូវឲ្យពលករទាំងអស់ មានកិច្ចសន្យាការងារច្បាស់លាស់មួយទៀត ជាមួយក្រុមហ៊ុននាំពលករទៅក្រៅប្រទេសដែរ។
មកទល់ពេលនេះ បញ្ហាពាក់ព័ន្ធនឹងតម្លៃលើលិខិតឆ្លង សម្រាប់ពលករខ្មែរ ស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។ ទោះយ៉ាងនេះក្តីការកំណត់តម្លៃ៤ដុល្លា សម្រាប់លិខិតឆ្លងដែននេះនៅតែជាមន្ទិលសង្ស័យនៅឡើយ។ ឯអ្នកគាំទ្រ និងអ្នកមិនគាំទ្រ បានបង្ហាញនូវភាពគ្មានជំនឿចិត្ត ចំពោះការអនុវត្តរបស់ក្រសួងពាក់ព័ន្ធទាំងនោះថា នឹងធ្វើឡើងដោយមានតុល្យភាព និងភាពស្អាតស្អំនោះឡើយ។
បើយោងតាមមាត្រាបីនៃអនុក្រិត្យ ចុះហត្ថលេខាដោយលោក ហ៊ុន សែន ដដែល បានបញ្ជាក់ពីពេលវេលា ដែលនឹងទទួលបានលិខិតឆ្លងដែនធម្មតានេះថា នឹងត្រូវផ្តល់ជូនពលករ ពលការិនី សិស្ស និស្សិតខ្មែរ ក្នុងរយៈពេលយ៉ាងយូរ២០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីទទួលពាក្យស្នើសុំ។ ឯទីកន្លែងទទួលធ្វើលិខិតឆ្លងដែនមានពីរ មួយកន្លែងនៅភ្នំពេញ និងមួយកន្លែងទៀតនៅបាត់ដំបង។ តែការិយាល័យលិខិតឆ្លងដែនទាំងពីរនោះ មកដល់ថ្ងៃនេះ មិនទាន់បើកទ្វារជាផ្លូវការនៅឡើយ ដោយអះអាងថា មិនទាន់មានគោលការណ៍ណែនាំច្បាស់លាស់ពីថ្នាក់ក្រសួង៕