រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាល«ក្បាលធំ»? ញ៉ែម ប៉ុញ្ញារិទ្ធ ប្រាប់ចម្លើយ!
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ មេសា ២០១៥
- កែប្រែចុងក្រោយ: April 20, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋខ្មែរទូទៅ ឲ្យមានការស្វែងយល់ នឹងត្រូវដឹង ពីប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធដឹកនាំ រួមជាមួយ នឹងប្រសិទ្ធិភាពការងារ នៃប្រព័ន្ធទាំងនោះ។ សម្រាប់មន្ត្រីគណបក្សប្រឆាំងរូបនេះ ការចូលរួមយល់ដឹង របស់ប្រជាពលរដ្ឋទូទៅ លើប្រព័ន្ធគ្រប់គ្រងនេះ គឺដើម្បីកែលម្អ សម្រាប់ជាផលប្រយោជន៍ ដល់ប្រជាជាតិ និងសម្រាប់កូនខ្មែរអង្គរ ទាំងមូល និងជាពិសេស ទៅលើប្រព័ន្ធដឹកនាំ ដែលមានក្បាល«ធំ»ដូចសព្វថ្ងៃ។
លោក ញ៉ែម ប៉ុញ្ញារិទ្ធ បានសរសេរបែបនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ម្សិលម៉ិញ នៅក្នុងទំព័រហ្វេសប៊ុក របស់លោក។ លោក បានសរសេរថា៖ «ហេតុអ្វីបានជាគេថា រដ្ឋាភិបាលក្បាលធំ ? (…) មិនទាន់គិតទីប្រឹក្សា ហើយមានសមាជិករដ្ឋាភិបាល ច្រើនលើសលប់ អាចបំបែកឯតទគ្គកម្ម ពិភពលោកបាន ទើបគេឲ្យឈ្មោះថា “រដ្ឋាភិបាលក្បាលធំ”។ (១) គណៈរដ្ឋមន្ត្រីរួមមាន៖ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ។ និង (២) មន្ត្រីរាជការ មានឋានៈពី អគ្គនាយក ចុះមក…។»
អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានដាក់ឈ្មោះខ្លួនថា ជាក្រុមបញ្ញវន្តកំណែទម្រង់សង្គម បានចោទសួរថា តើរដ្ឋាភិបាលអាណត្តិទី៥ មាននរណាខ្លះ? ហើយមានចំនួនប៉ុន្មាន និងមានប្រសិទ្ធិភាពការងារ នៃរដ្ឋាភិបាលមួយនេះ មានដល់កំរិតណា? ក្រុមបញ្ញវន្តកំណែទម្រង់សង្គមនេះ បានបង្ហាញនូវព្រះរាជក្រិត្យ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្ដីពីការតែងតាំងមន្រ្តីជាន់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រួមមាន នាយករដ្ឋមន្រ្តីម្នាក់, ឧបនាយករដ្ឋមន្ត្រី មានចំនួន៩នាក់, ទេសរដ្ឋមន្ត្រីចំនួន១៥ នាក់, រដ្ឋមន្ត្រីចំនួន២៨ នាក់ និងរដ្ឋលេខាធិការចំនួន១៩០ នាក់ និងនៅមានអនុរដ្ឋសេខាធិការ ជាច្រើនរយនាក់ផ្សេងទៀត។
សម្រាប់លោក ញ៉ែម ប៉ុញ្ញារិទ្ធ វិញ លោកបានធ្វើការប្រៀបធៀប នូវចំនួនមនុស្ស ដែលត្រូវបានប្រើប្រាស់ ដ៏ច្រើនលើសលប់ បើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជាដ៏តូច ហើយមានភាពខុសគ្នាទាំងស្រុង ពីបណ្តាប្រទេសមហាអំណាច ក៏ដូចជាប្រទេសជិតខាង របស់កម្ពុជា។
រីឯចំនួនទីប្រឹក្សារដ្ឋាភិបាល ក្នុងឆ្នាំ២០១៥នេះ ក៏មានយ៉ាងសម្បូរហូរហៀដែរ។ បើរាប់ត្រួសៗ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ទីប្រឹក្សារដ្ឋាភិបាល មានចំនួនប្រមាណជា ២២៥នាក់ ដែលត្រូវចំណាយលើប្រាក់ខែ អស់មិនតិចជាងមួយលានដុល្លាឡើយ ក្នុងមួយឆ្នាំ។
» សូមអានអត្ថបទលំអិត “មានទីប្រឹក្សា និងជំនួយការច្រើន ព្រោះខ្លួន«ល្ងង់» និងចង់បំបង់ថវិកាជាតិ?”