គល់ បញ្ញា៖ អ៊ុំ សំអាន ជាតំណាងរាស្ត្រ«ខ្លាំង»ដែលបំពេញតួនាទី
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៣ មេសា ២០១៦
- កែប្រែចុងក្រោយ: April 14, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើការចាប់ចងតំណាងរាស្ត្រ ទាំងស្ថិតក្នុងអភ័យឯកសិទ្ធិ ក្រោមមូលហេតុ ថាបានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ពិតជាធ្វើឡើង តាមបទដ្ឋានច្បាប់ និងស្របតាមនីតិវិធីត្រឹមត្រូវមែនឬ? តើការលើកឡើងនានា ទាក់ទងនឹងបូរណភាពទឹកដី ដែលខុសទៅនឹងការចង់បាន របស់រដ្ឋាភិបាលកម្ពុជា និងមិត្រភ័ក្រវៀតណាម វាពិតជាបទល្មើសជាក់ស្ដែង ហើយត្រូវតែមានទោស រងនូវចាប់ខ្លួនដូច្នេះឬ? ក្នុងរយៈពេល ជាច្រើនខែមកនេះ តើមានមនុស្សប៉ុន្មាននាក់ ឬប៉ុន្មានក្រុមហើយ ដែលបានយកការលើកឡើង របស់លោក អ៊ុំ សំអាន ដែលជាប់ពាក់ព័ន្ធ នឹងបញ្ហាព្រំដែន ទៅប្រព្រឹត្តិជាបទឧក្រិដ្ឋ ឬបង្កឲ្យមានចល្លាចលសង្គម?
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានឆ្លើយនឹងសំនួរខាងលើថា តំណាងរាស្ត្រ អ៊ុំ សំអាន បានបំពេញតាមតួនាទីរបស់លោក ជាតំណាងរាស្ត្រ ដែលត្រូវបម្រើជាតិបម្រើពលរដ្ឋ និងមិនបានប្រព្រឹត្តិបទល្មើសនោះទេ។ លោក បញ្ញា បានពន្យល់ នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីថា ក្រៅពីតួនាទីតាក់តែងធ្វើច្បាប់ អ្នកតំណាងរាស្ត្រ ត្រូវតាមឃ្លាំមើលការអនុវត្តច្បាប់ របស់រដ្ឋាភិបាល ហើយក៏មិនត្រឹមតែតទល់ជាមួយរដ្ឋាភិបាល តែរវាងមាត់ទល់នឹងមាត់នោះដែរ តែចាំបាច់អ្នកតំណាងរាស្ត្រ ត្រូវស្វែងរកភស្ដុតាង ដើម្បីយកមកធ្វើជាអំណះអំណាង ក្នុងការចង្អុលបង្ហាញ ថាតើនិតិប្រតិបត្តិ (រដ្ឋាភិបាល) បានអនុវត្តច្បាប់ត្រឹមត្រូវឬអត់។
ផ្ទុយទៅវិញ ទង្វើរបស់លោក អ៊ុំ សំអាន ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកhភស្ដុតាង ឬព័ត៌មានលំអិត ដើម្បីយកមកបញ្ជាក់ នៅក្នុងការលើកឡើងនានា របស់លោកនោះ គឺជាសកម្មភាពដ៏ប្រសើរ ដែលគេគួរធ្វើការកោតសរសើរ។ លោក គល់ បញ្ញា បានថ្លែងបន្តថា៖ «អានេះជាចំណុចខ្លាំង របស់អ្នកតំណាងរាស្ត្រទេ ដែលខិតខំធ្វើអញ្ចឹង ជៀសជាងនិយាយ ឬចោទប្រកាន់ ដោយគ្មានមូលដ្ឋាន»។
តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលល្បីល្បាញ ខាងការស្រាវជ្រាវលើបញ្ហាព្រំដែន មកបង្ហាញគេឯងនោះ ត្រូវបានកងកម្លាំងអាជ្ញាធរចាប់ខ្លួន កាលពីយប់រលងអាធ្រាត ចូលមកព្រឹកព្រហាមថ្ងៃចន្ទ ទី១១ ខែមេសាកន្លងមក ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅឯពន្ធនាគារព្រៃស នៅថ្ងៃអង្គារស្អែកឡើង ក្រោមបទចោទប្រកាន់ ថាបានញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ និងបង្កចល្លាចលក្នុងសង្គម។ រដ្ឋសភាដែលមានការចូលរួមប្រជុំ តែពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា បានលើកដៃអនុម័ត ក្នុងថ្ងៃអង្គារដដែល អនុញ្ញាតឲ្យតុលាការបន្ត«នីតិវិធី» ដើម្បីធ្វើការស៊ើបសួរទៅលើករណីរបស់លោក អ៊ុំ សំអាន បន្តទៅមុខទៀត ទាំងនៅ«អភ័យឯកសិទ្ធិ»ជាសមាជិកសភា។
សម្រាប់គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានចាត់ទុកនូវរាល់ការលើកឡើង របស់លោក អ៊ុំ សំអាន ថាជាការបញ្ចេញមតិ ហើយសេរីភាពនេះទៀតសោត ត្រូវបានការពារយ៉ាងមាំទាំ ពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជានោះផង។
លោកនាយកខុមហ្វ្រែល បានថ្លែងឲ្យដឹង ជុំវិញការបញ្ចេញមតិថា៖ «នៅកន្លែងណាក៏ដូចជាកន្លែងណាដែរ វាតែងមានការលើសលួស។ ហើយការលើសលួសនេះ អ្នកនយោបាយក្ដី ឬអ្នកតំណាងរាស្ត្រក្ដី គេត្រូវចេះអត់អោនឲ្យគ្នា។ សូម្បីតែពលរដ្ឋសមញ្ញ ដែលនិយាយលើសលួសគ្នា ក៏គេចេះអត់អោនឲ្យគ្នាដែរ។ ព្រោះបើគ្រាន់តែជេរប្រទេចគ្នា រួចប្ដឹងគ្នាចាប់ដាក់ពន្ធនាគារនោះ ម្លេះពេលនេះ គ្មានពន្ធនាគារដាក់ជនទាំងនោះទេ។»
លោក គល់ បញ្ញា បានបញ្ជាក់ថា អ្នកណាក៏ដោយ ដែលបញ្ចេញមតិទៅ មានបញ្ហាឆ្គាំឆ្គង ឬតែពីសតែពាស នោះប្រជាពលរដ្ឋដែលកំពុងតាមដាន នឹងធ្វើការឲ្យពិន្ទុ និងធ្វើការវាយតម្លៃ។ ហើយជននោះ នឹងទទួលត្រឡប់មកវិញ នូវភាពបរាជ័យ ផ្នែកនយោបាយដោយខ្លួនឯង៕