សភាអ៊ឺរ៉ុប៖ ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជាមិនរារែក ក្នុងការប្រើហិង្សា
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ មេសា ២០១៦
- កែប្រែចុងក្រោយ: April 26, 2016
- ប្រធានបទ: សិទ្ធិមនុស្ស-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងអត្ថបទមួយ របស់សារព័ត៌មានអ៊ឺរ៉ុប «NEW EUROPE» ដែលចេញផ្សាយប្រចាំសប្ដាហ៍ បានអះអាងថា ការដើរថយក្រោយ នៃស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បានជំរុញឲ្យគណៈប្រតិភូមួយក្រុម របស់សភាអ៊ឺរ៉ុប ធ្វើដំណើរមកធ្វើទស្សនកិច្ច នៅក្នុងប្រទេសនេះ កាលពីដើមខែកន្លងមក។ ដំណើរទស្សនកិច្ច របស់ប្រតិភូដែលមានសមាជិក មកពីគណកម្មការសិទ្ធិមនុស្ស របស់សភាអ៊ឺរ៉ុប មានគោលបំណង ធ្វើការវាយតម្លៃ ទៅលើសភាពការណ៍នយោបាយចុងក្រោយបង្អស់ និងពីកិច្ចសហប្រតិបត្តិការ របស់សហគមន៍អ៊ឺរ៉ុប នៅក្នុងវិស័យសិទ្ធិមនុស្ស។
សារព័ត៌មានបានសរសេថា នៅក្នុងឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីចាស់វស្សា លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក បានបង្កើតច្បាប់ជាច្រើន សំដៅឃាត់ឃាំងកាន់តែច្រើនឡើង នូវសិទ្ធិសេរីភាពជាមូលដ្ឋាន និងសំដៅបន្ទុចបង្អាក់សកម្មភាព របស់ក្រុមសង្គមស៊ីវិលនៅក្នុងប្រទេស។ ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៥នោះមក ការចាប់ខ្លួនដាក់ពន្ធនាគារ បានកើតឡើងជាច្រើនករណី ទៅលើសមាជិករបស់គណបក្សប្រឆាំង និងរបស់អង្គការសមាគមក្រៅរដ្ឋាភិបាល។ ជាពិសេស នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ដីការឲ្យចាប់ខ្លួនមួយ ត្រូវបានធ្វើឡើង ដើម្បីឃាត់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ទាក់ទងនឹងការថ្លែងជាសាធារណៈមួយ តាំងពីឆ្នាំ២០១១ (Editor's Note៖ ជាសំនុំរឿងបរិហាកេរ្តិ៍ លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេស)។
ត្រូវបង្កើតវប្បធម៌សន្ទនាឡើងវិញ...
លោក ផេត្រាស អូស្ត្រេវីស៊ីយូស (Petras Auštrevičius) សមាជិកសភាអ៊ឺរ៉ុបមួយរូប ដែលមានវត្តមាន ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថា គណបក្សសង្គ្រោះជាតិ បានប្រឈមមុខជាប្រចាំ ទៅនឹងការសង្កត់សង្កិត ពីសំណាក់ក្រុមអ្នកមានអំណាច។ ការបំបិតសិទ្ធិសេរីភាព និងការគម្រាមកំហែង ប្រឆាំងនឹងសមាជិករបស់គណបក្សប្រឆាំង និងសមាជិករបស់អង្គការសង្គមស៊ីវិល បានរីកដុះដាលឡើង កាន់តែខ្លាំង។ លោក ផេត្រាស បានបញ្ជាក់ថា៖ «នៅក្នុងស្ថានភាពនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាននិរទ្ទេសខ្លួនចេញក្រៅប្រទេស»។
ប្រតិភូសភាអ៊ឺរ៉ុប បានជឿជាក់ថា លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក មិនដែលរារែកឡើយ ក្នុងការប្រើអំពើហិង្សា។ ជាឧទាហរណ៍ ដូចយ៉ាងតំណាងរាស្ត្រពីររូប របស់គណបក្សប្រឆាំង បានរងការវាយតប់ទាត់ធាក់ នៅជាប់នឹងរបងទ្វារដ្ឋសភាជាតិ ដែលជាស្ថាប័នកំពូលរបស់ប្រទេស។
ប្រធានប្រតិភូសភាអ៊ឺរ៉ុប លោក ចូសេហ្វ វ៉ៃដេនហូលជើរ (Josef Weidenholzer) បានផ្ដល់អនុសាសន៍ថា៖ «វាត្រូវការចាំបាច់ និងជាបន្ទាន់ ការដាក់ឲ្យមានឡើងវិញ នូវវប្បធម៌សន្ទនា»។
ស្នើឲ្យបញ្ជូនបេសកកម្មឃ្លាំមើល...
សារព័ត៌មានអ៊ឺរ៉ុបដដែល បានសរសេរទៀតថា មានការពិភាក្សាជាច្រើន ជុំវិញច្បាប់ថ្មីៗ ទាក់ទងនឹងដំណើរប្រព្រឹត្តិទៅ នៃអង្គការសមាគម ជាពិសេសច្បាប់ ស្ដីពីការបោះឆ្នោត។ ហើយច្បាប់នេះទៀតសោធ នឹងត្រូវអនុវត្តនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ក្រុមប្រតិភូបានយល់ឃើញថា ច្បាប់ខាងលើអាចមានឥទ្ធិពល សំដៅបំបិតមាត់ក្រុមប្រឆាំង និងសំខាន់បំផុត សម្រាប់យកមកអនុវត្តន៍ នៅក្នុងការបោះឆ្នោត។ ស្ថានភាពរបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះកាន់តែជ្រៅ ហើយក្រុមប្រតិភូអ៊ឺរ៉ុប មានគម្រោងស្នើសុំទៅ «EEAS (ការិយាល័យអ៊ឺរ៉ុប សម្រាប់សកម្មភាពខាងក្រៅ)» ដើម្បីបញ្ជូនបេសកកម្មឃ្លាំមើលមួយ សម្រាប់ការបោះឆ្នោតខាងមុខ។
សមាជិកប្រតិភូមួយរូបទៀត លោក បារបារ៉ា ឡូឆប៊ីល័រ (Barbara Lochbihler) បានថ្លែងទៀតថា៖ «នៅក្នុងជំនួបរវាងខ្ញុំ និងក្រុមអង្គការសហជីព ខ្ញុំបានដឹងថា ពួកគេបានព្រួយបារម្ភ ពីការបំបិតសិទ្ធិសេរីភាព ក្នុងការធ្វើបាតុកម្ម និងសិទ្ធិក្នុងការជួបប្រជុំគ្នា។ ករណីនេះ ធ្វើឲ្យមានការបារម្ភដ៏ខ្លាំង។ នៅចំពោះស្ថានភាពដ៏ពិបាកនេះ វាពិតជាសំខាន់ណាស់ ដែលសហគមន៍អ៊ឺរ៉ុប ត្រូវបង្កើតនូវការឃ្លាំមើលមួយ ទៅលើការបោះឆ្នោតទាំងឡាយ។»
សភាអ៊ឺរ៉ុបលំអៀង?
មិនអាចទាក់ទងសមាជិករដ្ឋាភិបាលកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការលើកឡើងខាងលើបានទេ នៅព្រឹកថ្ងៃអង្គារនេះ។ តែកន្លងមកមន្ត្រីរដ្ឋាភិបាល តែងតែច្រានចោលជាដរាប នូវរបាយការណ៍ទាំងឡាយណា ដែលលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានសភាពអាក្រក់។ បន្ថែមពីលើនេះ សភាអ៊ឺរ៉ុបតែងត្រូវបានមន្ត្រីរដ្ឋាភិបាលទាំងនោះ ធ្វើការវាយបកមកវិញថា បានធ្វើការដោយលំអៀង និងគាំទ្រគណបក្សប្រឆាំង នៅកម្ពុជា។
សូមបញ្ជាក់ដែរថា នៅក្នុងអំឡុងពេល នៃការធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រតិភូសភាអ៊ឺរ៉ុបបានជួបជាមួយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងរបស់រដ្ឋសភា ប្រធានគណៈកម្មាធិការរដ្ឋសភា ទទួលបន្ទុកកិច្ចការបរទេស គណបក្សសង្គ្រោះជាតិ ក្រុមអង្គការសង្គមស៊ីវិល តំណាងមកពីសាលាក្ដីខ្មែរក្រហម និងសហគមន៍ពលរដ្ឋរងគ្រោះ។ សហភាពអ៊ឺរ៉ុប ជាដៃគូផ្ដល់ជំនួយដ៏សំខាន់មួយ ក្នុងចំណោមដៃគូផ្ដល់ជំនួយជាច្រើន សម្រាប់ប្រទេសកម្ពុជា៕