ធន សារាយ៖ ស្រីមុំ មានការពិតពីរបែប
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មេសា ២០១៦
- កែប្រែចុងក្រោយ: April 26, 2016
- ប្រធានបទ: យុត្តិធម៌-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក លោក ធន សារាយ បានឲ្យដឹងថា មនុស្សតែម្នាក់ និងការពិតមានពីរយ៉ាង។ មនុស្សនោះ គឺស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលរងការដាក់បន្ទុកថា មានទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ននេះ ជាប្រធានស្ដីទី) របស់គណបក្សសង្គ្រោះជាតិ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ លោក ធន សារាយ មិនបានរៀបរាប់ក្បោះក្បាយទេ ពីការពិតទីពីររបស់នាង ខុម ចាន់តារាទី នៅពេលនាងទៅឆ្លើយ នៅចំពោះមុខតុលាការ ដែលជាចម្លើយមួយ ខុសពីចម្លើយនៅសមាគម អាដហុក។
ការពិតទីមួយ
ប៉ុន្តែចំពោះការពិតទីមួយ ត្រូវបានប្រធានសមាគមរូបនេះ អះអាងថា គឺជាការពិតនៃចម្លើយ ដែលចេញពីនាង ខុម ចាន់តារាទី ខ្លួនឯងសុទ្ធសាធ និងដោយគ្មានការបង្ខិតបង្ខំ ឬការប្រលោមលួងលោមណាមួយ ពីសំណាក់មន្ត្រីរបស់សមាគមលោក ទាល់តែសោះ។ ជាចម្លើយ ដែលបានធ្វើឲ្យសមាគម ឈានទៅផ្ដល់ ការប្រឹក្សាផ្នែកច្បាប់ឲ្យនាង ចាន់តារាទី ក្នុងការចូលខ្លួន ទៅតាមការកោះហៅនានា របស់ក្រសួងមហាផ្ទៃ ក៏ដូចជាពីសំណាក់តុលាការ។ ការជួយនោះទៀតសោធ ត្រូវបានសម្រេចធ្វើ តាមការស្នើសុំរបស់ជនរងគ្រោះ និងខណៈដែលជនរងគ្រោះ មានភាពភ័យខ្លាច។
លោក ធន សារាយ បានថ្លែងថា អ្វីដែលសមាគមធ្វើ គឺតាមគោលការណ៍របស់សមាគម និងតាមច្បាប់កម្ពុជា។ លោកមានប្រសាសន៍ថា៖ «រឿងនេះ ជារឿងមិនត្រឹមត្រូវ អ្វីដែលបានចោទប្រកាន់ មកបុគ្គលិកយើងខ្ញុំ»។ យ៉ាងណាក៏ដោយ លោកមិនបានអះអាង ពីការប្ដឹងបកទៅនាង ខុម ចាន់តារាទី វិញឡើយ។
ហេតុអ្វី...?
ប្រធានសមាគម អាដហុក បានអះអាងថា សមាគមមានភស្តុតាងគ្រប់គ្រាន់ ដែលអាចបញ្ជាក់ថា មន្ត្រីសមាគមមិនបានបង្ខិតបង្ខំ ឲ្យនាងនិយាយកុហក ទៅតុលាការនោះឡើយ។ នៅក្នុងវីដេអូមួយ ដែលត្រូវបានចាក់បញ្ចាំង នាពេលធ្វើសន្និសីទសារព័ត៌មាន គេឃើញ ស្រីមុំ និងម្ដាយ បានស្នើសុំការជួយផ្នែកច្បាប់ លើករណីនេះ និងបានបដិសេធសំឡេងសន្ទនា នៅក្នុងខ្សែអាត់ (ដែលត្រូវបានបង្ហោះចេញ តាមបណ្ដាញសង្គម)។ នាង ចាន់តារាទី បានអះអាងទៀតថា នាងមិនមានទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា នោះទេ។
លោកបានសម្ដែងការងឿងឆ្ងល់ថា បុគ្គលិកសមាគម មិនបានប្រព្រឹត្តអំពើពុករលួយទេ តែហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅទៅសាកសួរ? នៅក្នុងការជួយឧបត្ថម្ភនាង ខុម ចាន់តារាទី នេះ សមាគមបានផ្ដល់ប្រាក់ចំនួន ២០៤ដុល្លារ ដើម្បីជាការធ្វើដំណើរ ដែលជាការស្នើសុំរបស់សាមីខ្លួន បន្ទាប់ពីបានត្អូញត្អែរ ថានាងនិងគ្រួសារជួបការលំបាក ក្នុងជីវភាព។ ប្រធានសមាគម បានពន្យល់ទៀតថា កន្លងទៅស្រីមុំ និងគ្រួសារបានស្នើសុំ ទៅក្រៅប្រទេស តែលោកថា សមាគមគ្រាន់តែប្រឹក្សាយោបល់ផ្នែកច្បាប់ លើដំណើរទៅក្រៅប្រទេស តែប៉ុណ្ណោះ។ រីឯការសម្រេចឈប់ផ្ដល់មេធាវី ទៅជួយការពារក្ដីឲ្យនាងនោះ មិនមែនដោយសារខឹង នឹងនាងដែលនិយាយ«ការពិតទីពីរ» ខុសពី«ការពិតទីមួយ» នៅចំពោះតុលាការនោះឡើយ។ តែនោះ គឺជាគោលការណ៍របស់ស្ថាប័ន។
លិខិតចំហរ...
មន្ត្រីសមាគមអាដហុក ចំនួនបួននាក់ និងមេធាវីម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅឲ្យចូលខ្លួន ដើម្បីស្ដាប់ចម្លើយ នៅថ្ងៃទី ២៧ និងថ្ងៃទី២៨ ខែមេសា ខាងមុខ ទាក់ទងនឹងការលើកឡើង នៅក្នុងលិខិតចំហររបស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលបានសរសេរដាក់បន្ទុក ទៅលើមនុស្ស៧រូប ថាបានលួងលោមបញ្ចុះបញ្ចូល ឲ្យនាងនិយាយកុហក ជុំវិញទំនាក់ទំនងរបស់នាង ជាមួយលោក កឹម សុខា។ មនុស្សទាំង៧រូប រួមមានមន្ត្រីសមាគមអាដហុក (ADHOC) ចំនួនបួននាក់ (លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី) - ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ - មន្ត្រីអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស លោក ស៊ឺន សាលី និងមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក ស៊ាង ចែត។
សូមបញ្ជាក់ដែរថា ការពិតទីមួយរបស់នាង ខុម ចាន់តារាទី ក៏ត្រូវបាននាងខ្លួនឯង ថ្លែងជាញឹកញាប់ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន នៅក្នុងប្រទេសកម្ពុជាដែរ រាប់ចាប់តាំងពីខ្សែអាត់សម្លេង ត្រូវបានយកមកបង្ហោះ រហូតលុះត្រាមកដល់ថ្ងៃទី១៩ ខែមេសានេះ។ នៅចំពោះការសម្ភាស របស់សារព័ត៌មានទាំងនោះមួយចំនួន នាង ចាន់តារាទី ថែមទាំងធ្វើការយំសម្បារ ចេញទឹកភ្នែកទឹកសំបោរ បដិសេធជារៀងរាល់លើក ថានាងគ្មានទំនាក់ទំនងស្នេហាអ្វី ជាមួយលោក កឹម សុខា នោះទេ៕