សង្គមស៊ីវិល៖ សុចរិតភាព​និង​យុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​ធ្លាក់​ចុះ

ក្រុមអង្គការសង្គមស៊ីវិលជាង៤០ បានរកឃើញថាសុចរិតភាព និងយុត្តិធម៌ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត​ក្នុងនីតិកាលទី៥នេះបានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៤។ មន្ត្រីអង្គការ​សង្គមស៊ីវិលទាំងនោះ ថែមទាំងបានលើកឡើង ពីភាពខ្វះចន្លោះ ពីយន្ដការទាំងឡាយសម្រាប់ដំណើរប្រព្រឹត្តិទៅ​នៃការ​បោះឆ្នោត រហូតមានការស្នើសុំឲ្យធ្វើវិសោធនកម្ម នៃច្បាប់បោះឆ្នោតថែមទៀត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអង្គការសង្គមស៊ីវិលជាង៤០ បានរកឃើញថាសុចរិតភាព និងយុត្តិធម៌ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត​ក្នុង​នីតិកាលទី៥នេះបានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៤។ មន្ត្រីអង្គការ​សង្គមស៊ីវិលទាំងនោះ ថែមទាំងបានលើកឡើង ពីភាពខ្វះចន្លោះ ពីយន្ដការទាំងឡាយសម្រាប់ដំណើរប្រព្រឹត្តិទៅ​នៃការ​បោះឆ្នោត រហូតមានការស្នើសុំឲ្យធ្វើវិសោធនកម្ម នៃច្បាប់បោះឆ្នោតថែមទៀត។


មន្ត្រីមេដឹកនាំអង្គការសង្គមស៊ីវិល ដែលធ្វើការជិតស្និតទៅនឹងការបោះឆ្នោតសកលឆ្នាំ២០១៣ ក្នុងប្រទេសកម្ពុជា ធ្វើ​សន្និសិទការសែតថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U. Bory)

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិជាង៤០ ស្តីពីការវាយតម្លៃអំពីដំណើរការទាំងមូល នៃការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ ដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣ នេះបង្ហាញថា​ការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៥នេះ«មិនទាន់សេរី និងយុត្តិធម៌ទេ» បើទោះជាមានការថយចុះ​ករណី​ហិង្សាធ្ងន់ធ្ងរ និងគ្នានការសម្លាប់សកម្មជន អ្នកនយោបាយ និងមានការចូលរួមយ៉ាងសកម្មរបស់យុវជន ក្នុងយុទ្ធនាការ​បោះឆ្នោតក៏ដោយ។

សេចក្តីថ្លែងការណ៍ដដែល បានអះអាងពីការរកឃើញភាពមិនយុត្តិធម៌ និងភាពមិនប្រក្រតីជាច្រើនរួមមាន ការបំភិតបំភ័យ ការគំរាមកំហែងដល់ម្ចាស់ឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីសាធារណៈនានាពុំអព្យាក្រិត្យ ប្រើប្រាស់ធនធានរដ្ឋ​មិន​ត្រឹមត្រូវ និងការរកឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លំអៀងទៅរកគណបក្សកាន់អំណាច ហើយ​បង្ករឲ្យមានការបាត់ឈ្មោះអ្នកបោះឆ្នោត និងខ្មៅទឹកខ្មៅជ្រលក់ដៃអាចលាងជ្រះជាដើម។

«ការបោះឆ្នោតសភាអាណត្តិទី៥នេះ បើទោះជាអំពើហិង្សាធ្ងន់ធ្ងរបានធ្លាក់ចុះក្តី តែក្រុមអង្គការសង្គមស៊ីវិល​បានរក​ឃើញ​ថាភាពយុត្តិធម៌ និងសុចរិតភាពមានការធ្លាក់ចុះ ហើយចំនុចមួយចំនួនទៀត មិនទាន់បានកែលម្អរឲ្យប្រសើរឡើងនៅ​ឡើយទេ» នេះជាការលើកឡើងរបស់ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយ​សេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) ហើយដែលបានចូលរួមក្នុងសេចក្តីថ្លែងការណ៍​រួមនោះ​ដែរ។ លោក គល់ បញ្ញា បាបន្ថែមថា នៅពេលអ្វីគ្រប់យ៉ាងដែលមិនល្អ ហើយមិនត្រូវបានកែប្រែ នោះវាអាចនឹងបង្ករបញ្ហា សម្រាប់ការបោះឆ្នោតនៅអាណត្តិខាងមុខទៀត។

រីឯប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុខ សំអឿន ពន្យល់ថា ដើម្បីឲ្យភាពមិនប្រក្រតីក្នុងកំឡុង​ពេល​បោះឆ្នោត ដែលយើងរកឃើញនៅអាណត្តិនេះត្រូវបានលុបបំបាត់ និងកាត់បន្ថយយើងគួរតែពិនិត្យច្បាប់បោះឆ្នោត​ឡើង​វិញ។ លោក សុខ សំអឿន ថ្លែងថា៖ «បើទោះជាក្រុមប្រឹក្សាធម្មនុញជាស្ថាប័នកំពូលក្តី តែពេលខ្លះ គ.ជ.ប មានអំណាច​លើសក្រុមប្រឹក្សាធម្មនុញទៅទៀត ដែលគេអាចធ្វើអ្វីធ្វើទៅស្រេចតែចិត្ត»។

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង បានធ្វើការបដិសេធលទ្ធផបោះឆ្នោតបណ្តោះអាសន្ន ដែលប្រកាស​ឲ្យដឹង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយបានចោតប្រកាន់ស្ថាប័ននេះ ថាបានឃុបឃិតគ្នា​លួចបន្លំសន្លឹកឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ តែ គ.ជ.ប និងគណបក្ស​ប្រជាជន​កម្ពុជាកន្លងមក បានថ្លែងការពារចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥នេះ ដោយបានអះអាង​ថាករណីមិនប្រក្រតី នៅក្នុងអាណត្តិនេះមានចំនួនតិចតួច ហើយវាមិនបានបង្ករផលប៉ះពាល់ធំដុំដល់​លទ្ធផលបោះឆ្នោត​នោះទេ។

ប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) និងជាប្រធានស្តីទី ក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សា​យុវជនកម្ពុជាលោក យង់ គឹមអេង បានថ្លែងថាយន្តការដោះស្រាយទំនាស់របស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ​ពុំអាច​ដោះស្រាយពាក្យបណ្តឹង ដែលប្តឹងដោយគណបក្សនយោបាយ ប្រកបដោយភាពយុត្តិធម៌នៅឡើយទេ ដូចច្នេះកម្ពុជា​ចាំបាច់ត្រូវធ្វើការកែលម្អរស្ថាប័នទាំងនេះឡើងវិញ៕

---------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...