ប្រតិកម្មប្រឆាំងការអំពាវនាវរបស់សម្តេចសង្ឃ មិនឲ្យព្រះសង្ឃធ្វើបាតុកម្ម
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្របពេលដែលគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃស្អែកនេះ កាលពីថ្ងៃទី៥ខែកញ្ញា សម្តេចព្រះសង្ឃរាជខ្មែរទំាងពីរគណៈ បានចេញសង្ឃប្រកាស ដោយព្រមានមិនឲ្យព្រះសង្ឃក្នុងប្រទេសកម្ពុជាចូលរួមធ្វើបាតុកម្ម និងមិនអនុញ្ញាតឲ្យយកទីអារាមធ្វើជាកន្លែងជួបជុំគ្នា ក្នុងរូបភាពដែលផ្ទុយនឹងច្បាប់។ មន្រ្តីបក្សប្រឆំាងបានចាត់ទុក ព្រះរាជសង្ឃប្រកាសនេះថា គឺជាការរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។
ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយសម្តេច បួរ គ្រី សម្តចព្រះមហាសង្ឈរាជគណៈធម្មយុត្តិកនិកាយ ក្នុងព្រះជន្មាយុ គម្រប់៦៦ យាងចូល៦៧ព្រះវស្សា កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០១១ នៅវត្តស្វាយពពែ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ហ៊ុន សែន។ (រូបថត MONOROOM.info/ Dara)
បន្ទាប់ពីបានចេញសេចក្តីថ្លែងការណ៍ លើកដំបូងកាលពីថ្ងៃទី ០១ ខែកញ្ញាកន្លងទៅ ដែលត្រូវរិះការរិះគន់ជា ច្រើនពីសំណាក់មហាជនទូទៅថា ជាសេចក្តីថ្លែងការមានចរិតនយោបាយ ដោយមាននិន្នាការគាំទ្របក្សកាន់អំណាចរួចមក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សម្តេចសង្ឃទាំងពីរគណៈនៃប្រទេសកម្ពុជា គឺ សម្តេចសង្ឃរាជគណៈមហានិកាយ ទេព វង្ស និងសម្តេចសង្ឃរាជគណៈធម្មយុត្តិ ប៊ូរ គ្រី បានចេញព្រះរាជ សង្ឃប្រកាសលើកទី ២ ដោយអំពាវនាវកុំឲ្យព្រះសង្ឃទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចូលរូមធ្វើបាតុកម្មឡើយ។
លោក ហូ វ៉ាន់ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអំាងហ្វូ នៅថ្ងៃនេះថា គណបក្សសង្គ្រោះជាតិមានការសោកស្តាយណាស់ ចំពោះចំណាត់ការរបស់សម្តេចសង្ឃខ្មែរបែបនេះ។ លោកថា ការហាមមិនឲ្យព្រះសង្ឃចូលរួមក្នុងការធ្វើបាតុកម្មអហិង្សា គឺជាការបំបិទសិទ្ធិសេរីភាពរបស់ព្រះសង្ឃ និងជាការរំលោកលើច្បាប់រដ្ឋធម្មនុញ្ញ ពីព្រោះថា ព្រះសង្ឃក៏ជាពលរដ្ឋមួយរូបរបស់ប្រទេសជាតិផងដែរ។ មន្រ្តីបក្សប្រឆាំងរូបនេះ បានហៅការចេញព្រះរាជសង្ឃប្រកាសនេះថា មានការលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា មិនមែនមានចេតនាចង់ឲ្យប្រទេសជាតិមានសន្តិភាពពិតប្រាកដនោះទេ។
ពាក់ព័ន្ធនឹងការហាមមិនឲ្យយកទីអារាម ក្នុងការជួបជុំគ្នានេះ ត្រូវបានលោក ហូ វ៉ាន់ បានធ្វើអធិប្បាយថា វាជាការប្រសើរណាស់ ប្រសិនបើយកវត្តអារាមជាទីសក្ការៈ មិនឲ្យជួបជុំគ្នាណាមួយ ដើម្បីផលប្រយោជន៍បក្ស គឺលោកសូមគាំទ្រទាំងស្រុង។ ក៏ប៉ុន្តែប្រសិនបើកន្លែងវត្តអារាម សម្រាប់បម្រើផលប្រយោជន៍ តែសម្រាប់បក្សណាមួយនោះទេ វាមិនប្រសើរឡើយ។ លោកថា នាពេលកន្លងមក ប្រសិនបើមានកម្មវិធីជួបជុំរបស់ គណបក្សប្រជាជនកម្ពុជា គ្មាននរណាហាមឃាត់ឡើយ តែបើគណបក្សប្រឆាំងវិញមានការរារាំងជានិច្ច។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់អង្គការ លីកាដូ បានឲ្យដឹងថា ព្រះរាជសង្ឃប្រកាសបែបនេះ មិនត្រឹមត្រូវទេ ពីព្រោះថា ព្រះសង្ឃក៏ជាពលរដ្ឋមូយផងដែរ ដែលលោកមានសិទ្ធិ សេរីភាព ក្នុងការចូលរួមធ្វើ បាតុកម្មអហិង្សា ដែលមានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ សកម្មជនសិទ្ធិមនុស្សអង្គការលីកាដូររូបនេះ បានបន្តថា វត្តអារាមគឺជាកន្លែងគោរពបូជា ដែលប្រជាពលរដ្ឋអ្នកកាន់ព្រះ ពុទ្ធសាសនាគ្រប់ទិសទី អាចចូលមកទីនេះ បួងសួងសុំសុខសន្តិភាព និងភាពរីកចម្រើនដើម្បីខ្លួនឯង និងដើម្បីសង្គមជាតិទាំងមូល។ ដូច្នេះគេមិនគួរ មិនអនុញ្ញាតឲ្យពុទ្ធបរិស័ទ យកកន្លែងវត្តអារាម ដើម្បីជួបគ្នា សុំសុខសន្តិភាព ជាពិសេសការធ្វើបាតុកម្មអហិង្សារបស់គណបក្សប្រឆាំង ដែលធ្វើឡើងដោយការស្មឹងស្មាធដោយសន្តិវិធីនោះទេ។
នៅក្នុងព្រះរាជសង្ឃប្រកាសចុះថ្ងៃទី ០៥ ខែកញ្ញា ដែលឡាយព្រហស្ថលេខាដោយសម្តេចសង្ឃទាំងពីរគណៈ គឺសម្តេចសង្ឃ ទេព វង្ស និងសម្តេច ប៊ូរ គ្រី បានសរសរថា ព្រះសង្ឃជាឧត្តមភេទ ជាទីគោរព សក្ការ ជាបូជនីយបុគ្គល ពោលគឺជាបុគ្គលដែលពុទ្ធបរិស័ទគោរពបូជា មិនត្រូវធ្វើការងារណាមួយ ដូចជាគ្រហស្ថក្នុងសកម្មភាព បាតុកម្ម កូដកម្ម កុបកម្ម ឬសកម្មភាពណាមួយជំទាស់ដល់ធម៌វិន័យ និងច្បាប់រដ្ឋ តាមគ្រប់គ្រងរដ្ឋតាមគ្រមរូបភាព ដែលបង្កឲ្យមានការប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់សង្គមជាតិ និងសាសនា។ នៅក្នុងព្រះរាជសង្ឃប្រកាសនោះ បានបញ្ជាក់ទៀតថា គ្រប់វត្តអារាមនៅទូទាំងប្រទេសកម្ពុជាទំាងអស់ មិនអនុញ្ញាតឲ្យធ្វើការជុំជួប ប្រមូលផ្តុំគ្នា ធ្វើរូបភាពអ្វីមួយដែលមិនមែនជាផ្លូវព្រះពុទ្ធសាស និងផ្លូវជាតិ។ មិនតែប៉ុណ្ណោះ ព្រះសង្ឃ ឬអ្នកនៅក្នុងវត្តទាំងអស់ ដែលប្រព្រឹត្តផ្ទុយនឹងព្រះរាជសង្ឃប្រកាសនេះ ត្រូវទទួលទោសតាមច្បាប់រដ្ឋនិងច្បាប់សាសនា។
សួមបញ្ជាក់ថា កាលពីថ្ងៃទី ០២ ខែកញ្ញា កន្លងទៅ មេដឹកនាំបក្សប្រឆំាងលោក សម រង្ស៊ី បានប្រកាសពីគោលជំហរនៃ ការធ្វើមហាបាតុកម្មថា ធ្វើឡើងក្នុងលក្ខណៈស្មឹងស្មាធ សន្តិភាព បួងសួងសុំសន្តិភាព។ លោក សម រង្ស៊ី បញ្ជាក់ថា ការធ្វើមហាបាតុកម្មនោះ នឹងធ្វើឡើងនៅទូទាំងប្រទេសកម្ពុជាតែម្តង ហើយអ្នកនៅភ្នំពេញធ្វើឡើង នៅទីលានប្រជាធិបតេយ្យ។ ចំណែកពលរដ្ឋដែលនៅតាមបណ្តាខេត្តវិញ អាចជួបជុំគ្នានៅតាមវត្តអារាម នៅក្នុងឃុំ ភូមិ រៀងៗខ្លួន ដើម្បីបួងសួងសុំសន្តិភាព និងធ្វើការសមាធិ រយៈពេលមួយព្រឹក។
មន្រ្តីរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និង លោក ទិត្យ សុធា នៅថ្ងៃនេះ មិនអាចសុំការអត្ថាធិប្បាយបានទេជុំវិញបញ្ហានេះ ដោយសារតែលោកកំពុងជាប់រវល់ប្រជុំ។ តែយ៉ាងណាក៏ដោយ រាល់ការអំពាវនាវនានា របស់សម្តេចសង្ឃទាំងពីរ គណៈនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកត្រូវគេមើលឃើញថា តែងតែធ្វើឡើងស្របតាមគោលដៅ និងការចង់បានរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ព្រះរាជសង្ឃប្រកាសខាងលើនេះ បានធ្វើឡើងស្របពេលដែលនាពេលកន្លងមក ជារឿយៗគេតែងតែសង្កេតឃើញថា មានព្រះសង្ឃនៅតាមរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមជាមួយនឹងគណបក្សប្រឆាំង ឲ្យតែមានពិធីជួបជុំគ្នាណាមួយ ដែលរៀបចំដោយគណបក្សនេះ។ កាលពីបុន្មានសប្តាហ៍មុនព្រះសង្ឃមួយអង្គ គង់នៅក្នុងវត្តបទុមវតី ដោយសារតែចូលរួមនៅក្នុងវេទិកាគណបក្ស សង្គ្រោះជាតិដែលធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ត្រូវបានមេគុណរាជធានីភ្នំពេញ គម្រាមបណ្តេញចេញពីវត្ត។
ជាញឹកញាប់ព្រះសង្ឃដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង និងចូលរួមនៅក្នុងសកម្ម ភាពសង្គមតែងតែប្រឈមមុខនឹងការគម្រាបចាប់ផ្សឹក និងបណ្តេញចេញពីវត្តជាដើម។ ប៉ុន្តែប្រសិន បើព្រះសង្ឃមាននិន្នាការគាំទ្របក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនោះ មិនដែលជួបបញ្ហា ឬខុស នឹងច្បាប់ជាតិ និងច្បាប់សាសនាឡើយ តែផ្ទុយទៅវិញបែជាទទួលបាននូវលាភសក្ការៈច្រើន និងពេលខ្លះ ទទួលបានតួនាទី«ថានះ»ល្អ នៅក្នុងសង្គមសង្ឃទៀត៕
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ