សង្ឃ​ប្រកាស របស់​គណសង្ឃ​ទាំង​ពីរ​និកាយ៖ តួនាទី​របស់​ព្រះសង្ឃ និង​ច្បាប់

ភាពចម្រូងចម្រាស់ក្នុងការបែងចែកនូវ«ឋានៈ និងតួនាទី»របស់ព្រះសង្ឃ ក្នុងការចូលរួមក្នុង​សង្គម​ប្រជាធិបតេយ្យ។ ភាព​ស្រពិចស្រពិលនេះ មិនទាន់ការកំណត់ច្បាស់លាស់ណាមួយនៅនោះទេ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏យើងបានដឹង​ច្បាស់ដែរថា ព្រះសង្ឃមាន«សិទ្ធិ» ក្នុងការចូលរួមការបោះឆ្នោត។ នេះបើយោងតាមសារាចរណ៍ ដែលចេញដោយសម្តេច​ព្រះសង្ឃរាជ​គណមហានិកាយក្នុងឆ្នាំ២០០៦។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពចម្រូងចម្រាស់ក្នុងការបែងចែកនូវ«ឋានៈ និងតួនាទី»របស់ព្រះសង្ឃ ក្នុងការចូលរួមក្នុង​សង្គម​ប្រជាធិបតេយ្យ។ ភាព​ស្រពិចស្រពិលនេះ មិនទាន់ការកំណត់ច្បាស់លាស់ណាមួយនៅនោះទេ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏យើងបានដឹង​ច្បាស់ដែរថា ព្រះសង្ឃមាន«សិទ្ធិ» ក្នុងការចូលរួមការបោះឆ្នោត។ នេះបើយោងតាមសារាចរណ៍ ដែលចេញដោយសម្តេច​ព្រះសង្ឃរាជ​គណមហានិកាយក្នុងឆ្នាំ២០០៦។


ពិធីសូត្រព្រះធម៌ ដោយព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ ដើម្បីប្រារព្ធ​ព្រះ​រាជ​ពិធី​ខួប​គម្រប់ ១០០ថ្ងៃ ឧទ្ទិស​ថ្វាយ​ព្រះ​បរម​សព។ (រូប​ថត៖ Sovanna Kem)

ព្រះភិក្ខុ សៀង សុវណ្ណារ៉ា ប្រធានស្តីទីសមាគមន៍ខ្មែរកម្ពុជាក្រោម បានមានសង្ឃដីកាតាមកិច្ចសម្ភាស ជាមួយ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូថា ក្នុងធម៌វិន័យព្រះពុទ្ធសាសនា បានកំណត់ថា អំពើណាដែលយុត្តិធម៌ អំពើណាដែលត្រឹមត្រូវ​ព្រះសង្ឃមានសិទ្ធិចូលរួម ជួយសង្គមឲ្យមានយុត្តិធម៌។ អ្វីដែលត្រឹមត្រូវ អ្វីដែលសច្ចៈ ទៀងត្រង់ព្រះសង្ឃ​មានសិទ្ធិ​ចូលរួម។ ព្រះអង្គរូបនេះបន្តរសង្ឃដីកាថា «ព្រះសង្ឃមានតួនាទី ជួយសង្គ្រោះនូវពុទ្ធបរិស័ទដែលកំពុងតែរងគ្រោះ។ (…) តាមពុទ្ធវិន័យ មិនមានការហាមឃាត់ ចំពោះការចូលរួមការងារក្នុងសង្គម ការជួបជុំរបស់ព្រះសង្ឃក្នុងការពិភាក្សា ឬប្រជុំ​គ្នាដើម្បីស្វែងរកដំណោះស្រាយណាមួយជួយជាតិនោះទេ។ (…) ព្រះសង្ឃដាច់ខាត ត្រូវតែជួយនូវអ្វីដែលអាក្រក់ឲ្យ​ទៅ​ជាល្អ។»

ព្រះអង្គក៏បានបញ្ជាក់ថាតាមពុទ្ធវិន័យដដែលនេះ រាល់អំពើល្អទាំងអស់ជាការងារមួយ ដែលព្រះសង្ឃគ្រប់អង្គត្រូវចូលរួម «ព្រះសង្ឃធ្វើអ្វីៗទាំងអស់ដើម្បីពុទ្ធបរិស័ទ ដើម្បីប្រទេសជាតិ។ អំពើជាសីលធម៌ ជួយសត្វឲ្យរួចផុតពីទុក្ខទោស កម្មពារ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍។ ការដោះស្រាយនូវបញ្ហាទាំងនេះមិនមានអ្វីខុសនោះទេ។» ព្រះអង្គបន្តរថា ទោះបីជា​មានការតវ៉ាជាញឹកញាប់ពីសំណាក់ព្រះសង្ឃ តែអ្វីទាំងនោះក៏ដើម្បីតែសិទ្ធិសេរីភាព ដែលផ្តល់ឲ្យដោយរដ្ឋធម្មនុញ្ញ​នោះ​ដែរ។

រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបសល់កម្ពុជា មាត្រា៣៤ បានចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត»។ និងមាត្រា៣៥ នៃច្បាប់កំពូលដដែលនេះបានចែងបន្ថែមថា «ប្រជាពលរដ្ឋខ្មែរ​ទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ»។

«បើពលរដ្ឋ​មានទុក្ខ​តើ​លោក​សង្ឃ ត្រូវតែគង់នៅក្នុងវត្តឬយ៉ាងណា?»

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោកឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយឯករាជ្យ បាន​ពន្យល់តាម​គោល​ការណ៍ថា ព្រះពុទ្ធចាត់ទុកថាព្រះសង្ឃមានតួនាទីជាច្រើនក្នុងសង្គម ដូចពាក្យមួយលើកឡើងថា «ទុក្ខ​របស់អ្នក ជាទុក្ខ​របស់គថាគត សុភមង្គលរបស់អ្នក ជាសុភមង្គលរបស់គថាគត»។ លោកបានចោទឡើងថា បើពលរដ្ឋ​មានទុក្ខ​តើ​លោក​សង្ឃ ត្រូវតែគង់នៅក្នុងវត្តឬយ៉ាងណា? លោកបន្តរថា ក្រៅពីគង់ចាំព្រះវស្សា ព្រះសង្ឃត្រូវនិមន្តទៅក្រៅ ដើម្បីធ្វើការផ្សព្វ​ផ្សាយនិងទូន្មាន ។ មួយទៀតមិនមានការកំណត់ ឬតែងតាំងតាមការនឹងឃើញរបស់បុគ្គលខ្លួនឯងនោះទេ ត្រូវជ្រើការ​ជ្រើសរើសព្រះសង្ឃណា ដែលមានវ័យចំណាស់ក្នុងការដឹកនាំ។

បន្ថែមពីលើនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឃមណ្ឌលសិទ្ធិមនុស្ស និងជាអ្នកវិភាគឯករាជ្យ ក៏បានបញ្ជាក់ពីតួនាទីរបស់​ព្រះសង្ឃ ក្នុងសង្គមប្រជាធិបតេយ្យដែរថា បុគ្គលជាខ្មែរទាំងអស់មានសិទ្ធិ ការចូលរួមធ្វើបាតុកម្មជាសេរីភាព​ក្នុងការ​បញ្ចេញ​មតិ គ្មានច្បាប់ណាមួយហាមឃាត់ព្រះសង្ឃ មិនឲ្យបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យនោះទេ។ លោក​បាន​បន្តរថា «មិនអាចយកវត្តអារាមជាចំណាប់ខ្មាំង និងជាកម្មសិទ្ធិផ្តាច់មុខនោះទេ។ វត្តអារាមសុទ្ធតែកើតឡើងដោយ​បច្ឆ័យ​របស់​ប្រជាពលរដ្ឋ ព្រះសង្ឃក៏ទទួលសង្ហាញ់ពីប្រជាពលរដ្ឋ ដូច្នេះអ្វីដែលព្រះសង្ឃត្រូវធ្វើក៏ដើម្បីប្រជាពលរដ្ឋដែរ។» លោកក៏​បាន​សំណូមពរឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ធ្វើការអង្កេតដោយខ្លួនឯង នូវសម្មភាពរបស់មន្រ្តី​សង្ឃ​ធំៗ​មួយចំនួន តើគាត់ធ្វើដើម្បីផលប្រយោជន៍ព្រះពុទ្ធសាសនា ឬយ៉ាងណា? មុននឹងធ្វើការសម្រេចចិត្តក្នុងការគោរព និង​ប្រតិបត្តិតាម។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់ដែលនៅជាធរមានបានផ្តល់សិទ្ធិ ដល់ព្រះសង្ឃគ្រប់អង្គស្មើគ្នា ក្នុងនាមជាពលរដ្ឋខ្មែរ។ សកម្មភាពរបស់ព្រះសង្ឃ ក្នុងសង្គមប្រធាធិបតេយ្យ មានន័យថាព្រះសង្ឃបានអនុវត្តនូវសិទ្ធិ ដែលមានតាំងពីកំណើត​ជាពលរដ្ឋ បំពេញនូវកាតព្វកិច្ច និងឱកាសក្នុងការស្វែងរក សេចក្តីសុខពិតប្រាកដជូនពុទ្ធបរិស័ទ សង្គម និងប្រទេសជាតិ​របស់ខ្លួន។

«ការបង្គាប់បញ្ជា ...ដែលមិនមានសុពលភាពក្នុងការអនុវត្ត»

រីឯច្បាប់គណបក្សនយោបាយ មាត្រា១៥ បានចែងថា «បុព្វជិត (…) អាចចូលរួមជាសមាជិកបក្ស​នយោបាយ​បាន តែ​មិន​អាចធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សណាមួយឡើយ»។ លោក ឡៅ ម៉ុងហៃ បានចាត់ទុកថា រាល់ការហាមប្រាម​ព្រះសង្ឃ មិនឲ្យធ្វើអ្វីមួយដែលច្បាប់នេះ ក៏ដូចច្បាប់ធម្មនុញ្ញបានផ្តល់ឲ្យ ជាកិច្ចការមួយដែលមានកំហុស«ធ្ងន់ធ្ងរ» ក្នុង​ការរំលោភសិទ្ធិសេរីភាពបុគ្គល ហើយការបង្គាប់បញ្ជានោះទៀតសោធ នឹងមិនមានសុពលភាពក្នុងការអនុវត្តនោះទេ។ ដូច្នេះ សម្តេចសង្ឃរាជទាំងពីរគណៈ ដែលបានចេញលិខិតចុះថ្ងៃទី៥ ខែកញ្ញា ហាមប្រាមដល់ព្រះសង្ឃទាំងអស់ មិនឲ្យ​ចូលរួមក្នុងកិច្ចការសង្គមនានា ជាការបំបាត់សិទ្ធិសេរីភាពបុគ្គល។ លោកបន្តថា កាលពីខែធ្នូ ឆ្នាំ២០១១ មានសង្ឃ​ប្រកាស​មួយ ដែលបានគាំទ្របេក្ខភាពលោក នាយករដ្ឋមន្រ្តី គ្រប់អាណត្តិតទៅមុខ នេះបង្ហាញថា រំលោភច្បាប់ហើយ ព្រោះមាន​និន្នាការលើគណបក្សនយោបាយចំពោះមុខ។

សូមរម្លឹកថា មុនសេចក្ដីប្រកាសថ្ងៃទី៥ខែកញ្ញានេះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ សម្តេចសង្ឃរាជ ទេព វង្ស សម្តេច​សង្ឃរាជ បួរ គ្រី និងសម្តេចសង្ឃនាយក នន្ទ ង៉ែត បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីគោលជំហរគាំទ្រលទ្ធផល​បោះឆ្នោត និងស្នើរដល់សាធារណៈជនទូទៅ ជៀសវាងការចូលរួមទាមទារនានា ទាក់ទងនឹងការបោះឆ្នោត ហើយត្រូវ​គោរពច្បាប់និងស្ថាប័ននានា ដែលច្បាប់និងរដ្ឋធម្មនុញ្ញបានកំណត់ឲ្យមានកាតព្វកិច្ច ដោះស្រាយ ភាពមិនប្រក្រតី​ក្រោយ​ការបោះឆ្នោត។

-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...