គ.ជ.ប ហៅ​គណបក្ស​មក​ជជែក​គ្នា​ទៀត ក្រោម​ការ​រិះគន់​របស់​សង្គម​ស៊ីវិល

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្តីប្រកាសអញ្ជើញជាថ្មីម្តងទៀតទៅ ដល់​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមដើម្បីសម្រេចបង្កើតគណៈកម្មការពិសេសមួយ សម្រាប់​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍​អំពីភាពមិនប្រក្រតីទាំងឡាយក្នុងថ្ងៃបោះឆ្នោត។ សេចក្ដីអញ្ជើញនេះ ធ្វើឡើងក្នុង​ពេលដែលក្រុមសង្គមស៊ីវិល ប្រមាណជា៤០អង្គការ បានចេញសេចក្ដីថ្លែងការណ៍សម្ដែងការខកចិត្ត នឹងស្ថាប័ននេះ ថាគ្មាន«តម្លាភាព»។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: August 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្តីប្រកាសអញ្ជើញជាថ្មីម្តងទៀតទៅ ដល់​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមដើម្បីសម្រេចបង្កើតគណៈកម្មការពិសេសមួយ សម្រាប់​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍​អំពីភាពមិនប្រក្រតីទាំងឡាយក្នុងថ្ងៃបោះឆ្នោត។ សេចក្ដីអញ្ជើញនេះ ធ្វើឡើងក្នុង​ពេលដែលក្រុមសង្គមស៊ីវិល ប្រមាណជា៤០អង្គការ បានចេញសេចក្ដីថ្លែងការណ៍សម្ដែងការខកចិត្តនឹងស្ថាប័ននេះ ថា​គ្មាន«តម្លាភាព»។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

តាមសេចក្តីប្រកាសរបស់គ.ជ. ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ បានលើកឡើងថា កន្លងមក យោងតាមសំណើរបស់​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញ​គណបក្ស​ទាំងពីរ មកជួបប្រជុំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ ហើយបានឯកភាពគ្នាជាគោលការណ៍ ក្នុងការបង្កើត​គណៈកម្មការ​ពិសេសមួយ ដើម្បីដោះស្រាយភាពមិនប្រក្រតី ក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

នៅក្នុងសេចក្តីប្រកាស់នោះបានឲ្យដឹងទៀតថា ជាថ្មីម្តងទៀត ចំពោះមុខការទទួលខុសត្រូវ និងក្នុងស្មារតីស្ថាបនា​សំដៅ​ធ្វើឲ្យសម្រេចនូវយន្តការមួយមាន តម្លាភាព គជប សូមអញ្ជើញគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំ ដើម្បីសម្រេចបង្កើតគណៈកម្មការពិសេសមួយ សម្រាប់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍​អំពីភាពមិន​ប្រក្រតី​ទាំងឡាយ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ដែលគជប បានទទួល ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ កន្លងមក។ នៅក្នុងសេចក្តីប្រកាស់នោះបានឲ្យដឹងទៀតថា ៖ «គជប មានជំនឿយ៉ាងមុតមាំ ចំពោះ​សុឆន្ទៈរបស់គណបក្សនយោបាយទាំងពីរ ក្នុងការចូលរួមប្រជុំបង្កើតគណៈកម្មការនេះ ឲ្យបានឆាប់រហ័ស ដើម្បីដោះ​ស្រាយ​បញ្ហា ដែលមាននៅក្នុងរបាយការណ៍ នៃភាពមិនប្រក្រតីដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត បានទទួល»។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បានសម្រេចកោះអញ្ជើញគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្គ្រោះជាតិ ជាថ្មីម្តងទៀត ដើម្បីចូលរួមបង្កើតគណៈកម្មការពិសេស ផ្ទៀងផ្ទាត់លើរបាយការណ៍​នៃភាពមិន​ប្រក្រតីដែល គ.ជ.ប ទទួលបានចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ដើម្បីដោះស្រាយឲ្យមានតម្លាភាព។ លោកបាន​បញ្ជាក់ថា ៖ «គ.ជ.ប មិនទាន់កំណត់ពេលប្រជុំជាក់លាក់នៅឡើយទេ ដោយរង់ចាំការឆ្លើយតបពី​គណបក្សទាំងពីរ​ជាមុន​សិន»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិឲ្យដឹងថា លោកមិនទាន់ទទួលសេចក្តីអំពាវនាវនោះ ជាផ្លូវការនៅ​ឡើយ តែទោះជាយ៉ាងណា លោកថា គណបក្សសង្គ្រោះជាតិពេលនេះ ត្រូវការភាពស្ងៀមស្ងាត់ ដើម្បីដោះស្រាយ​ភាពមិន​ប្រក្រតី​នៃការបោះឆ្នោតទាំងនោះ។ លោកបាននិយាយថា ៖ «ខ្ញុំមិនទាន់ទទួលលិខិតនោះ​នៅឡើយទេដូច្នេះគណបក្ស​ខ្ញុំត្រូវការភាពស្ងៀមស្ងាត់ ដើម្បីស្វែងរកដំណោះស្រាយ»។

រីឯលោក អ៊ក គឹមហាន មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា បានបដិសេធពុំធ្វើការ​អត្ថាធិប្បាយនោះទេដោយលោកមានប្រសាសន៍ថា ៖«ខ្ញុំជាប់ប្រជុំ»។

កាលពីថ្ងៃទី៨ ខែ សីហា បន្ទប់ ស្ថានការណ៍នៃអង្គការ សមាគមរដ្ឋាភិបាលប្រមាណជាង៤០ សម្តែងការខកចិត្តយ៉ាងខ្លាំង​ចំពោះការម្រេចចិត្តមិនច្បាស់លាស់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធានាតម្លាភាពក្នុងការ​ដោះស្រាយភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត និងកិច្ចស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដោយ គ.ជ.ប មិនមានយន្តការ​ឬសកម្មភាពជាក់លាក់ ឆ្លើយតបនឹងការទាមទារបើកកិច្ចស៊ើបអង្កេតទេ តែគ.ជ.ប ហាក់មានបំណងឲ្យ​ដំណើរការ​ដោះស្រាយទំនាស់ ឬបណ្តឹងបោះឆ្នោតទៅតាមទម្លាប់ និងប្រតិទិនរបស់ខ្លួន ដោយមិនបានពិចារណា​អំពីទំហំនៃភាព​មិនប្រក្រតី ដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត និងសិទ្ធិអ្នកបោះឆ្នោត។

សូមរម្លឹកថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ គជប ទទួលបានរបាយការណ៍ ស្តីពីភាពមិនប្រក្រតី​នៅថ្ងៃ​បោះឆ្នោត ចំនួន ១៤ របាយការណ៍ មកពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និង​អាជ្ញាធរស្រុក។ ភាពមិនប្រក្រតីទាំងនោះ ពាក់ព័ន្ធនឹងការបាត់ឈ្មោះ ពលរដ្ឋមិនបានបោះឆ្នោត និងការរារាំងអ្នក​បោះ​ឆ្នោតជាដើម៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...