ប៉ិប ហ្គាឌីអូឡា ត្រៀមខ្លួនបើកសករាជថ្មី ជាមួយបាយឺនម៉ូនិជ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុមបាយឺន ម៉ូនិជ (Bayern Munich) លោក ប៉ិប ហ្គាឌីអូឡា (Pep Guardiola) សង្ឃឹមថា គ្រប់ក្រសែភ្នែកអ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់ នឹងសម្លឹងមកមើលក្រុមគាត់ នៅក្នុងការប្រកួតនៅយប់ថ្ងៃសុក្រ ខណៈដែលក្របខ័ណ្ឌ បូដេសលីកា (Bundesliga) របស់អាឡឺម៉ង់ នឹងចាប់ផ្តើម។
លោក ប៉ិប ហ្គាឌីអូឡា គ្រូបង្វឹករបស់ក្រុមបាល់ទាត់ បាយឺន ម៉ូនិជ។ (soccerreport.com)
បុរសសញ្ជាតិអេស្ប៉ាញ វ័យ៤២ឆ្នាំ កំពុងតែរៀបចំក្រុមរបស់លោក ដើម្បីប្រកួតបើកឆាកក្នុងក្របខ័ណ្ឌបូដេសលីកា លើកដំបូងរបស់ខ្លួន ខណៈដែលត្រូវប៉ះជាមួយក្រុម បូរ៉ាស្សៀ ម៉ុងឆេងហ្គាឡាបាច់ (Borussia Monchengladbach) ហើយលោកនឹងក្លាយជាទីចាប់អារម្មណ៏ខ្លាំងបំផុតមួយ សម្រាប់ប្រិយមិត្តនិយមបាល់ទាត់ជុំវិញពិភពលោក។
បាយឺន ម៉ូនិជ ជាក្រុមមហាជោគជ័យមួយ កាលពីរដូវកាលមុន ដោយបានឈ្នះពានរង្វាន់៣ ក្នុងមួយរដូវកាល៖ ឆែមពានលីក (Champions League), បូដេសលីកា និងពានរង្វាន់ ឌីអេហ្វប៊ី ប៉ូកាល់ (DFB-Pokal) ដែលកំឡុងពេលនោះ ស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកចាស់ ជឺប ហៃណ័កស៏ (Jupp Heynckes)។ ទោះជាយ៉ាងណា លោកហ្គាឌីអូឡា សង្ឃឹមថា គាត់នឹងធ្វើឲ្យបានល្អបំផុតដូចគ្នា នៅក្នុងកីឡាដ្ឋាន អាឡាន អារ៉េណា (Allianz Arena)។
អតីតគ្រូបង្វឹកឆ្នើម ក្រុមបាសេឡូណារូបនេះ បាននិយាយថា៖ «ខ្ញុំមិនមែនជាគ្រូបង្វឹកល្អបំផុតនៅលើពិភពលោកនោះទេ ប៉ុន្តែខ្ញុំជាគ្រូបង្វឹក ដែលបានដឹកនាំក្រុមល្អបំផុតនៅលើពិភពលោក។ យើងលេងបានល្អជាយូរណាស់មកហើយ ប៉ុន្តែគ្រូបង្វឹកត្រូវពឹងផ្អែកទៅលើកីឡាករ។ ដូច្នេះវាមិនសំខាន់ថា ខ្ញុំល្អប៉ុណ្ណានោះទេ។»
គាត់បន្តថា៖ «ខ្ញុំគ្រាន់តែជួយណែនាំបន្តិចបន្តួច ដល់កីឡាកររបស់ខ្ញុំ និងជួយគាំទ្រពួកគេ គ្រប់ការប្រកួតទាំងអស់។ នោះជាគោលដៅរបស់ខ្ញុំ ដែលខ្ញុំត្រូវតែធ្វើឲ្យបានល្អ។ បញ្ហាសំខាន់ ធ្វើយ៉ាងណាឲ្យកីឡាករទាំងអស់ក្នុងក្រុម ទទួលយក និងអនុវត្តន៏នូវការណែនាំរបស់ខ្ញុំ ហើយវាពិតជាសំខាន់ខ្លាំងណាស់ នៅពេលដែលកីឡាករក្នុងក្រុមមានការជឿជាក់លើខ្ញុំ។»
លោកហ្គាឌីអូឡា ក៏បានព្យាយាមដឹកនាំក្រុមថ្មីរបស់គាត់ ឲ្យមានទម្រង់លេង ដូចទៅនឹងអ្វីដែលគាត់ចង់បាន។ ទោះបីជាដឹងថា បើក្រុមលេងមិនបានល្អ គាត់នឹងត្រូវរងការរិះគន់ក៏ដោយ ក៏ គ្រូបង្វឹករូបនេះនៅតែចង់ធ្វើ ហើយគាត់នឹងធានាខុសត្រូវគ្រប់យ៉ាងចំពោះលទ្ធផល។
គាត់បានបន្ថែមថា៖ «តាមពិតទៅខ្ញុំបានដឹងច្បាស់ តាំងពីមុនពេលខ្ញុំមកកាន់ទីនេះម្លេះ ថាខ្ញុំមកកាន់ទីនេះ ចាំបាច់ត្រូវតែដឹកនាំក្រុមឲ្យឈ្នះដាច់ខាត។ បើយើងចាញ់ វានឹងក្លាយជាកំហុសរបស់ខ្ញុំ។ ទោះជាយ៉ាងណា ខ្ញុំនឹងទទួលយកនូវការរិះគន់គ្រប់បែបយ៉ាង៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ