បោះឆ្នោត២០១៣៖ គណៈកម្មការចម្រុះអាចមានរូបរាង ដើម្បីអង្កេតភាពមិនប្រក្រតី
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពមិនចុះសម្រុងគ្នា រវាងគណៈបក្សប្រជាជនកម្ពុជា និងគណៈបក្សសង្រ្គោះជាតិ ដែលនឹងបណ្តាលឲ្យមានវិបត្តិជាប់គាំង ខាងនយោបាយក្រោយការបោះឆ្នោត ទំនងជានឹងអាចដោះស្រាយរួច ហើយស្ថានភាពគ្រប់យ៉ាងនឹងអាចប្រសើរឡើងវិញ។ នេះបើយោងលើសេចក្ដីប្រកាសព័ត៌មានចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣។
មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៩ ខែសីហាឆ្នាំ២០១៣ របស់គណៈបក្សសង្រ្គោះជាតិឲ្យដឹងថា តំណាងគណៈបក្សប្រជាជនកម្ពុជា បីរូបរួមមានលោក ជាម យៀប លោក ព្រំ សុខា និងលោក អ៊ុក គឹមហាន បានជួបតំណាងគណបក្សសង្រ្គោះជាតិបីរូប រួមមានលោក សុន ឆ័យ លោក កុយ ប៊ុនរឿន និងលោក ញ៉ែម បុញ្ញឬទ្ធិ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានបង្ហាញសញ្ញាវិជ្ជមាន ដោយគណបក្សទាំងពីរបានឯកភាពគ្នា ពិនិត្យមើលលទ្ធភាពជ្រើសរើសអង្គការមិនមែនរដ្ឋាភិបាល ដែលមានជំនាញ និងបទពិសោធន៍លើការងារបោះឆ្នោត ដើម្បីបំពេញការងារក្នុងក្រុមបច្ចេកទេស ដែលមានអង្គការសហប្រជាជាតិ អង្គការជាតិនិងអន្តរជាតិឯទៀត ជាអ្នកសង្កេតការណ៍។
ទន្ទឹមនឹងនេះលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌នៅថ្ងៃដដែលនេះថា គ្រប់បញ្ហាអាចនឹងប្រសើរឡើង ព្រោះគណបក្សសង្រ្គោះជាតិ និងគណបកប្រជាជនកម្ពុជាបានយល់ព្រម ត្រលប់ចូលមកតុចរចារវិញហើយ។
លោក យឹម សុវណ្ណ មន្ត្រីអ្នកនាំពាក្យគណបក្សសង្រោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរមព័ងអាំងហ្វូថា កិច្ចប្រជុំរវាងមន្រ្តីជាន់ខ្ពស់ របស់គណបក្សទាំងពីរបានសម្រេចឯកភាពគ្នាលើពីរចំណុច៖
១. គណៈប្រតិភូជាន់ខ្ពស់របស់គណបក្សទាំងពីរ នឹងចរចារបន្តថា តើមានសមាសភាពណាខ្លះដាក់បញ្ចូល ទៅក្នុងគណៈកម្មការចម្រុះ។
២. គណបក្សទាំងពីរយល់ស្របថា អង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍ ក្នុងការស្រាវជ្រាវ និងតាមដានពីភាពមិនប្រក្រតី នៃដំណើរការបោះឆ្នោត។
សូមរម្លឹកថាការឯកភាពរបស់ភាគីទាំងពីរនៅពេលនេះ កើតមានឡើងក្រោយពីភាពមិនចុះសម្រុងគ្នា រវាងភាគីទាំងពីរចំពោះតួនាទី របស់អង្គការសហប្រជាជាតិ នៅក្នុងគណកម្មការចម្រុះ កាលពីកិច្ចប្រជុំថ្ងៃទី៣ សីហា ឆ្នាំ២០១៣។ គណៈកម្មការចម្រុះ ដែលស្នើឲ្យបង្កើតដោយគណបក្សង្រោះជាតិ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នា ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ ការឯកភាពគ្នានេះ ក៏បានកើតឡើងស្របពេល នឹងលិខិតរបស់គ.ជ.បដែរ ដែលបានចេញនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣នេះ ស្នើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចូលរួមប្រជុំជាថ្មី។
លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងថា គណកម្មការចម្រុះអាចបង្កើតបានឬអត់ គឺអាស្រ័យលើយន្តការដែលបានលើកឡើង គណបក្សទាំងពីរអាចទទួលបានឬអត់។ រីឯការដាក់បញ្ចូលសមាសភាព របស់អង្គការសហប្រជាជាតិ ទៅក្នុងគណកម្មការច្រុះ លោកបានពន្យល់ថា ប្រសិនបើគណបក្សទាំងពីរ មិនមានជំនឿចិត្តចំពោះគ្នា និងលើ គ.ជ.ប ហើយពួកគេចង់ឲ្យមានតម្លាភាព គេអាចរកជំនួយពីភាគីផ្សេងបាន ដូចជាអង្គការសហប្រជាជាតិជាដើម ហើយក៏មិនខុសច្បាប់ដែរ។
លោកប៉ា ងួនទៀង បន្ថែមថា រដ្ឋាភិបាលកម្ពុជាកន្លងមក ក៏ធ្លាប់ស្វែងរកជំនួយពីប្រទេសឥណ្ឌូនេស៊ី តុលាការយុត្តិធម៌អន្តរជាតិ និងអង្គការសហប្រជាជាតិ ខណៈកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយមិនអាចដោះស្រាយរួចតាមយន្តការទេ្វភាគី៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ