រ៉យ ហ៊ដសិន៖ វ៉ែន រ៉ូនី ចាំបាច់ត្រូវតែចូលលេង ជម្រើស១១នាក់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកជម្រើសជាតិតោកំណាចអង់គ្លេស លោករ៉យ ហ៊ដសិន (Roy Hodgson) បានព្រមានដល់ខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) ថាគាត់អាចនឹងបាត់បង់ដំណែងជម្រើសជាតិ បើសិនជាគាត់មិនបានលេង ជាប់ជាជម្រើសដំបូង នៅក្នុងក្រុមជម្រើសជាតិរបស់គាត់។
កីឡាករដ៏ល្បីឈ្មោះ វ៉ែន រ៉ូនី ដែលទាត់នៅក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត AP)
សេចក្តីរាយការណ៏មួយ បានឲ្យដឹងថា រ៉ូនី គាត់ក៏មានការព្រួយបារម្មណ៏ដូចគ្នា ព្រោះតែនៅក្នុងក្រុមម៉ែនញូ គាត់ជាជម្រើសទី២ បន្ទាប់ពីខ្សែប្រយុទ្ធហូឡង់ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ទើបគាត់ទទូចចង់ចាកចេញ ខណៈដែលក្លិបឆែលស៊ី (Chelsea) កំពុងតែចង់បានរូបគាត់ស្រាប់ផង។ ប៉ុន្តែទោះជាយ៉ាងណា ម៉ែនញូ បានបដិសេធការដេញថ្លៃចំនួន២លើក របស់ក្រុមតោខៀវរួចមកហើយ។
លោករ៉យ ហ៊ដសិន ក៏មានការឈឺក្បាលខ្លាំងណាស់ដែរ ចំពោះភាពរកាំរកូសរបស់ខ្សែប្រយុទ្ធរ៉ូនី ជាមួយនឹងក្រុមម៉ែនញូ ហើយគាត់និយាយថា គាត់ពិតជាពិបាកជ្រើសរើសយករ៉ូនីណាស់ បើសិនជាគាត់ មិនបានចូលលេងឲ្យក្រុមម៉ែនញូ ជាជម្រើស១១នាក់ដំបូងឲ្យបានទៀតទាត់ និងលេងឲ្យបានល្អទេនោះ។
បុរសសញ្ជាតិអង់គ្លេស វ័យ៦៦ឆ្នាំ បាននិយាយថា៖ «វាជារឿងល្អមួយ សម្រាប់គ្រូបង្វឹកក្រុមជម្រើសជាតិ នៅពេលដែលកីឡាកររបស់ពួកគេ កំពុងតែលេងឲ្យក្លិបបានទៀតទាត់ និងលេងបានល្អ។ ប៉ុន្តែវាជាការព្រួយបារម្មណ៏ដ៏ធំមួយ នៅពេលដែលកីឡាករសំខាន់ៗរបស់ពួកគេជាច្រើន ពុំសូវបានបង្ហាញខ្លួនចូលលេងឲ្យក្លិប។»
គួរបញ្ជាក់ថា រ៉ូនី ក៏បានជាប់ឈ្មោះនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសដែរ ក្នុងការប្រកាសឈ្មោះកាលពីថ្ងៃព្រហស្បតិ៏ បើទោះបីជាខ្សែប្រយុទ្ធរូបនេះ ទើបតែជាសាសស្បើយពីរបួសក៏ដោយ។ ក្រុមតោកំណាច អង់គ្លេស នឹងត្រូវប្រកួតសាកជើងមិត្តភាព ជាមួយនឹងក្រុមជម្រើសជាតិស្កុតឡែន នៅថ្ងៃពុធសប្តាហ៏ក្រោយ។
លោក រ៉យ ហ៊ដសិន ក៏បាននិយាយទៅកាន់ កីឡាករ (រ៉ូនី) និងគ្រូបង្វឹកក្រុមម៉ែនញូ លោកដេវីដ ម៉យ (David Moyes) រួចហើយដែរ ដោយគាត់និយាយថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ចាំបាច់ត្រូវតែចូលលេងជាជម្រើស១១នាក់ដំបូងដាច់ខាត ដើម្បីក្រុមជម្រើសជាតិអង់គ្លេស។
វ៉ែន រ៉ូនី ជាខ្សែប្រយុទ្ធជើងចាស់ និងជាកីឡាករចំបងមួយរូប របស់ក្រុមជម្រើសជាតិអង់គ្លេស។ ខណៈដែលបាល់ទាត់ពិភពលោក នឹងបើកយុទ្ធនាការនៅឆ្នាំក្រោយ ដូច្នេះទាំងគាត់ និងគ្រូបង្វឹកក៏មានការព្រួយបារម្មណ៏ដូចគ្នា ដរាបណាអនាគតរបស់គាត់ នៅតែមិនមានភាពច្បាស់លាស់ ជាមួយនឹងក្លិបម៉ែនញូនៅឡើយ។
ខ្សែប្រយុទ្ធក្រុមបីសាចក្រហម រូនី បានចាប់ផ្តើមបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេស តាំងតែពីឆ្នាំ២០០៣ ហើយរហូតមកដល់ពេលនេះ គាត់លេងឲ្យក្រុមជម្រើសជាតិបាន ១០ឆ្នាំហើយ។ គាត់ចូលលេងឲ្យក្រុមអង់គ្លេស បាន៨៣ប្រកួត និងរកគ្រាប់បាល់បញ្ចូលទីបាន ៣៦គ្រាប់៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ