ម៉ែនញូ ចង់ទិញខ្សែប្រយុទ្ធក្រុមបាយឺនម៉ូនិជ កីឡាករម៉ារីយ៉ូ ហ្គូម៉ែស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) នឹងតាមប្រមាញ់យកខ្សែប្រយុទ្ធក្រុមបាយឺន ម៉ូនិជ (Bayern Munich) ម៉ារីយ៉ូ ហ្គូម៉ែស (Mario Gomez) ជាការទិញដ៏ធំបំផុតមួយដំបូងគេបង្អស់ តាំងពីលោកមកដឹកនាំក្រុមម៉ែនញូ។ នេះបើតាមកាសែតខតអូហ្វសាយ (CaughtOffside) បានរាយការណ៏។
កីឡាករ ម៉ារីយ៉ូ ហ្គូម៉ែស នៅពេលលើកពានរង្វាន់ជើងឯកអ៊ឺរ៉ុប កាលពីពេលថ្មីៗនេះ។
បញ្ហាខ្សែប្រយុទ្ធ ជាបញ្ហាធំដែលគ្រូបង្វឹកថ្មីក្រុមម៉ែនញូ ត្រូវដោះស្រាយខណៈដែលខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney) និងចាវីយើ ហឺណាន់ដេស (Javier Hernandez) កំពុងតែចង់ចាកចេញពីក្រុមនៅរដូវក្តៅនេះ។
ម៉ែនញូ ធ្លាប់បានទាក់ទងខ្សែប្រយុទ្ធដូចជា រ៉ាដាមែល ហ្វាខាវ (Radamel Falcao) និងកីឡាកររ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski) ដែរ ប៉ុន្តែហ្វាលខាវ បែជាទៅចូលរួមជាមួយនឹងក្រុមម៉ូណាកូ (Monaco) របស់បារាំងទៅវិញ រីឯឡេវ៉ាន់ដូស្គី ក៏បាននិយាយថា គាត់ចង់ទៅចូលរួមជាមួយក្រុមបាយឺន ម៉ូនិជ។
ពេលនេះ ម៉ែនញូ នឹងបែរទៅរកខ្សែប្រយុទ្ធដែលមានតម្លៃគួរសមល្មម (ហ្គូម៉ែស) វិញ។ កីឡាករវ័យ២៧ឆ្នាំ ពុំសូវបានចូលលេងទៀតទាត់ឲ្យក្រុមបាយឺនទេ នៅក្នុងរដូវកាលនេះ ប៉ុន្តែបើទោះបីជាបានចូលលេងតិចតួចក៏ពិតមែន កីឡាកររូបនេះអាចរកគ្រាប់បាល់បានចំនួន ១៩គ្រាប់ដែរ។
ម៉ារីយ៉ូ ហ្គូម៉ែស ដែលមានរហ័សនាមថា «ស៊ុបព័រម៉ារីយ៉ូ» កាលពីរដូវកាលមុន គាត់ជាកីឡាករជម្រើសដំបូងសម្រាប់ក្រុមបាយឺន ហើយបានរកគ្រាប់បាល់បញ្ចូលទីបានចំនួន ៤១គ្រាប់ គ្រប់កម្មវិធីប្រកួតទាំងអស់។
ខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់រូបនេះ អាចនឹងចាកចេញពីក្រុមបាយឺន នៅរដូវក្តៅនេះ ខណៈដែលគាត់ចង់លេងជាកីឡាករជម្រើសដំបូងរបស់ក្រុម។ បច្ចុប្បន្នមានក្រុមជាច្រើនកំពុងតែចាប់អារម្មណ៏រូបគាត់ ក្នុងនោះមានដូចជាក្រុមហ្វឡរិនទីណា (Fiorentina), ណាប៉ូលី (Napoli), លីវើភូល (Liverpool) និងក្រុមទទិនហេម ហតស្ពឺ (Tottenham Hotspur) កំពុងតែចង់បានខ្លាំងដូចគ្នា។
លោកដេវីដ ម៉យជឿថា ហ្គូម៉ែស នឹងអាចធ្វើជាដៃគូដ៏ល្អជាមួយនឹងកីឡាករ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ហើយខ្សែប្រយុទ្ធហូឡង់រូបនេះអាចនឹងជាខ្សែប្រយុទ្ធនាំមុខ ខណៈដែល ហ្គូម៉ែស ដែលត្រូវបានគេប្រៀបធៀបទម្រង់លេងដូចទៅនឹងវីរបុរសម៉ែនញូ រ៉ូបវ៉ាន់ នីស្ទើរ៉យ (Ruud van Nistelrooy) នោះ នឹងលេងគាំទ្រវ៉ាន់ផឺស៊ីវិញ។
ប៉ុន្តែទោះជាយ៉ាងណា ស្ថិតនៅលើការដេញថ្លៃគ្នា ថាតើក្រុមណាមួយហ៊ានឲ្យតម្លៃកីឡាកររូបនេះខ្ពស់ជាងគេ។ បើម៉ែនញូ ទិញបានកីឡាករឆ្នើមអាឡឺម៉ង់រូបនេះពិតមែន នោះនឹងក្លាយជា ការទិញ ដ៏ធំបំផុតមួយ របស់ដេវីដ ម៉យ ក្នុងការមកកាន់ដំណែងគ្រូបង្វឹកក្រុមម៉ែនញូនេះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ