កឹម មនោវិទ្យា៖ នារីកំណាន់ប្ដឹង កឹម សុខា ជាការប្រឌិតឡើងរបស់បក្សកាន់អំណាច
ក្នុងពាក្យបណ្តឹងចុះហត្ថលេខា តាំងពីថ្ងៃ១១ខែកុម្ភះ ដែលបានធ្វើឡើង តាមរយៈ«រដ្ឋមន្ត្រីក្រសួងកិច្ចការនារី» និងដែលមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ នៅថ្ងៃទី១១ខែមិថុនានេះនោះ បានសរសេរថា ម្ចាស់ពាក្យបណ្ដឹងអ្នកស្រី កែវ សុផាន់ណារី និងលោក កឹម សុខា ធ្លាប់បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ស្ត្រីដែលមានអាយុ ៤០ឆ្នាំ និងមានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានីភ្នំពេញរូបនេះ បានសរសេរនៅក្នុងពាក្យបណ្ដឹងទៀតថា អ្នកស្រី និងលោក កឹម សុខា បានរួមគ្នាទៅសុំកូនមកចិញ្ចឹម ចំនួនពីរនាក់ តែក្រោយពីបានយកកូនគេមកចិញ្ចឹម «លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភ» សម្រាប់អ្នកស្រី និងកូនទាំងពីរ។
ក្នុងពាក្យបណ្ដឹងនោះ អ្នកស្រី កែវ សុផាន់ណារី មានសរសេរយ៉ាងវែងឆ្ងាយដូច្នេះថា «នៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាព មិនអាចបំពេញតម្រូវការផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទ នៅក្នុងផ្ទះជាច្រើនលើកច្រើនសារ» ហើយអ្នកស្រីថា បានសម្រេចចិត្តទៅបួសជាដូនជីបានរយៈពេល១ខែ ដោយសារតែលោក កឹម សុខា នោះទៀតផង។
ប្រតិកម្មឆ្លើយតបវិញ ទាក់ទងនឹងបញ្ហានេះ បុត្រីរបស់លោកកឹម សុខា និងជាអគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈ គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បាននិយាយថា «អត់ដែលស្គាល់ស្ត្រីឈ្មោះ កែវ សុវណ្ណារី នេះទាល់តែសោះ» ហើយកញ្ញាថា វាជាការប្រឌិត១០០% មិន«ឡូហ្សិក (Logique)» និងមាននយោបាយនៅពីក្រោយ។ កញ្ញាថា មិនខ្វល់នឹងពាក្យបណ្ដឹងរបស់នរណា ហើយឪពុករបស់កញ្ញា ក៏មិនទៅតតាំងក្ដីជាមួយនរណាដែរ ដោយសារតែគេបានប្រឌិតរឿងនេះឡើងមកនោះដែរ។
ទាក់ទងនឹងរូបថត ដែលត្រូវបានបណ្ដាញសារព័ត៌មានមួយចំនួន ជាពិសេសបណ្ដាសារព័ត៌មាន ដែលមាននិន្នាការផ្អៀងទៅរដ្ឋាភិបាល យកមកចុះផ្សាយ គេឃើញមានបុរសស្ត្រីពីរនាក់ ដែលទំនងជាលោក កឹម សុខា នៅឈរថតជាមួយនឹងអ្នកស្រី កែវ សុផាន់ណារី នៅខាងមុខប្រាសាទអង្គរវត្ត។ រូបទាំងនោះ មិនជាច្បាស់ណាស់ណានោះទេ។ បញ្ហានេះ ត្រូវបានកញ្ញា កឹម មនោវិទ្យា ពន្យល់ដោយឈរលើមូលហេតុពីរ។ ទីមួយ ក្នុងសម័យបច្ចេកវិទ្យាទំនើប គេអាចធ្វើការកាត់តទាំងរូប ទាំងសម្លេងបាន។ ទីពីរ លោកកឹម សុខា ជាអ្នកនយោបាយ ដូច្នេះលោកថតជាមួយមនុស្សគ្រប់គ្នា ដែលសុំឲ្យលោកថតជាមួយ។
កញ្ញាបញ្ជាក់ថា បើគ្រាន់តែរូបថតមួយសន្លឹកថតជាមួយគ្នា ហើយយកមកនិយាយថា មានទំនាក់ទំនងស្នេហាអីនោះ អញ្ចឹងគេគ្រប់គ្នាគួរតែឈប់ថតរូបទៀតទៅ។
» រូបថតព្រាលៗ ដែលសារព័ត៌មានក្នុងស្រុក យកមកចុះផ្សាយ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៣ ដោយអះអាងថា ស្ត្រីបុរសពីរនាក់នេះ ជាអ្នកស្រី កែវ សុផាន់ណារី និងលោក កឹម សុខា៖
ពាក្យបណ្ដឹង និងថ្ងៃខែចុះហត្ថលេខា ដែលមិនសូវទំនង
ពាក្យបណ្ដឹងដែលមានលក្ខណៈរសើបនេះ មិនដែលត្រូវបាននរណាម្នាក់ ដឹងពីមុនមកទេ មកទល់នឹងថ្ងៃទី១០ ខែមិថុនា បើទោះជាវាបានចុះហត្ថលេខា តាំងពីថ្ងៃពី១១ ខែកុម្ភះនោះក៏ដោយ។ តែផ្ទុយទៅវិញ ពាក្យបណ្ដឹងនេះ ត្រូវបានចែកផ្សាយ ទៅដល់បណ្ដាញអ្នកសារព័ត៌មាន នៅថ្ងៃទី១១ខែមិថុនានេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយវត្ថមានរបស់អ្នកស្រី កែវ សុវណ្ណារី នៅក្នុងបាតុកម្មមហាជន ប្រឆាំងលោក កឹម សុខា នាថ្ងៃអាទិត្យទី០៩ ខែមិថុនាមុន។ ពាក្យបណ្ដឹងបានសរសេរ នៅផ្នែកខាងលើថា «សូមគោរព ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ សូមទានជ្រាប តាមរយៈ លោកជំទាវ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី»។
ឆ្លើយតបនឹងការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ អ្នកស្រី កែវ សុផាន់ណារី ផ្ទាល់បានថ្លែងតាមទូរស័ព្ទថា ពាក្យបណ្ដឹងនេះ បានប្ដឹងតាំងពីខែកុម្ភះនោះមក។ តែខាងតុលាការ ចេះតែដំអក់ទុកមិនដោះស្រាយ ទើបអ្នកស្រីសុំទៅខាងក្រសួងកិច្ចការនារី ឲ្យជួយអន្តរាគម។ បានន័យថា ក្រសួងកិច្ចការនារីមិនបានដឹង ពីបញ្ហាទំនាស់នេះ នៅ«ក្នុងអំឡុងពេល»នៃថ្ងៃទី១១ខែកុម្ភះនោះទេ។
យើងបានព្យាយាម ស្វែងរកការបញ្ជាក់ពីក្រសួងកិច្ចការនារី តាមរយៈរដ្ឋបាល តែមិនមាននរណាម្នាក់ទទួលទូរស័ព្ទទេ នៅព្រឹកថ្ងៃទី១២ខែមិថុនានេះ។
អ្នកច្បាប់ឯករាជ្យមួយរូប ស្និតនឹងប្រព័ន្ធតុលាការខ្មែរ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានពន្យល់ពីទម្រង់បែបបទនៃពាក្យបណ្ដឹងនេះ ថាមានរូបរាង«ប្រហាក់ប្រហែល» ដូចទៅនឹងងការរៀបចំមួយ ដើម្បីយកប្រព័ន្ធតុលាការជាឈ្នាន់ និងដើម្បីបំផ្លាញកិត្តិយស របស់មេដឹកនាំគណបក្សប្រឆាំង។ អ្នកច្បាប់រូបនោះបានបកស្រាយថា បើតាមពាក្យសម្ដីរបស់អ្នកស្រី កែវ សុវណ្ណារី ដែលថាបានប្ដឹងតាំងពីខែកុម្ភះមកនោះ ពាក្យបណ្ដឹងនេះមិនទាន់មានកិច្ចអន្តរាគមន៍របស់ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនោះទេ ហើយនៅលើពាក្យបណ្ដឹងក៏គេមិនត្រូវសរសេរ ដាក់«តាមរយៈរដ្ឋមន្ត្រី»បែបនេះដែរ។ តែផ្ទុយទៅវិញ ពាក្យបណ្ដឹងនេះ«ទើបនឹងរៀបចំឡើង» ក្នុងពេលមុននេះ តែត្រូវបានចុះហត្ថលេខា តាំងពីបួនខែមុននោះទៅវិញ ក្នុងបំណងចង់ធ្វើឲ្យសាធារណៈជនយល់ថា ពាក្យបណ្ដឹងមិនទាក់ទង នឹងបាតុកម្មថ្ងៃទី០៩ខែមិថុនា ឬការបោះឆ្នោតខាងមុខនេះទេ៕