កឹម សុខា៖ រដ្ឋាភិបាលត្រូវចុះចេញពីតំណែង បើគ្មានសមត្ថភាពគ្រប់គ្រងការបោះឆ្នោត
បន្ទាប់ពីបានថ្លែងចោទប្រកាន់ ក្រុមសកម្មជានរបស់គណបក្សប្រជាជន ថាបានព្យាយាមឃាត់រថយន្តលោក មិនឲ្យបើកទៅមុខបាន និងរារាំងមិនឲ្យជួបប្រជុំជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ខែមថុនានោះមក លោកកឹម សុខា បានថ្លែងក្នុងសន្និសិតសារព័ត៌មាន ថ្ងៃទី១២ខែមិថុនានេះ ពី«អសមត្ថភាព» របស់រដ្ឋាភិបាល ដែលមិនចេះរៀបចំឲ្យមានសណ្ដាប់ធ្នាប់ ក្នុងការធ្វើសកម្មភាពស្របច្បាប់ របស់គណបក្សរបស់លោក។
គណបក្សសង្គ្រោះជាតិ បើកការប្រជុំសមាជិករបស់ខ្លួន នៅតាមខេត្ត។
លោកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានថ្លែងលើកឡើង ពីការរំខានទាំងឡាយ ដែលបានកើតឡើងនៅពេលមានវេទិកាជួបជាមួយសកម្មជន នៃគណបក្សរបស់លោកនៅតាមបណ្ដាខេត្តនានា ដូចយ៉ាងនៅខេត្តកំពត ខេត្តតាកែវ និងខេត្តកណ្ដាលនោះជាដើម។ លោកបានលើកមកបញ្ជាក់ ពីគម្រោងការយ៉ាងច្បាស់លាស់មួយ ដើម្បីរំខានដំណើររបស់លោក ទៅជួបជាមួយសកម្មជនគណបក្ស ក្នុងខេត្តកណ្ដាល ក្នុងនោះសកម្មជននៃគណបក្សកាន់អំណាច ចំនួនប្រមាណជា១០រថយន្ដ បានព្យាយាមរារាំងលោក មិនឲ្យធ្វើដំណើរបាន និងថែមទាំងមានបំណងចង់យាយី លើខ្លួនប្រាណលោកថែមទៀត។
លោក ជា ថុល អធិការស្រុកល្វាឯម ត្រូវបានស្រង់សម្ដីដោយកាសែតភ្នំពេញប៉ុស្ដ៍ មកបញ្ជាក់ថា វេទិកាគណបក្សសង្គ្រោះជាតិនោះបើកបានតែមួយម៉ោងប៉ុណ្ណោះ ហើយត្រូវបានបង្អាក់ ដោយសារតែ «មនុស្សប្រហែល១០០០ នាក់មកពីភូមិតាមបណ្តោយទន្លេ បានប្រមូលគ្នាមកកាន់វេទិកា តាមម៉ូតូ និងរថយន្តដឹកទំនិញ។ ពួកគេបានចាប់ផ្តើមនិយាយ ដោយប្រើឧបករណ៍បំពងសំឡេងនៅខាងក្រៅកន្លែងវេទិកា ដោយទទូចថា លោក កឹម សុខា ត្រូវសុំទោសចំពោះការនិយាយថា មន្ទីរស‑២១ ជាគុកសិប្បនិម្មិតនោះ។»
ទោះបីជាយ៉ាងណាក៏ដោយ លោកអធិការ បានបញ្ជាក់ប្រាប់កាសែតដដែលថា វាមិនមែនជាការប្រឈមតទល់ធ្ងន់ធ្ងរនោះទេ និងថា ពុំមានអំពើហិង្សាអ្វីឡើយ។
លោកកឹម សុខា បានលើកយកករណីនោះមកបញ្ជាក់បន្ថែម ក្នុងសន្និសិតសារពត៌មានថ្ងៃនេះថា ក្រុមរបស់លោកបានទាក់ទងមន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍ទាក់ទងនឹងការរំខានអុកឡុកនោះ តែមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានឆ្លើយតបមកវិញថា នោះជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលមាននិន្នាការនយោបាយផ្សេង ដែលគេអាចធ្វើក្នុងពេលនោះជាមួយគ្នាដែរ។ ជាសិទ្ធិពិតមែនហើយ តែហេតុអ្វីមិនទៅធ្វើកន្លែងផ្សេង ទុកឲ្យ«ជល់គ្នា»យ៉ាងដូច្នេះ?
សមត្ថកិច្ច របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតសុទ្ធសាធ?
លោកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា «បើសិនណាជារដ្ឋាភិបាលបច្ចុប្បន្ន មិនអាចគ្រប់គ្រងស្ថានការណ៍នេះបានទេ គ្មានសមត្ថភាពដើម្បីការពារឲ្យសកម្មភាពនយោបាយ របស់គណបក្សសង្គ្រោះជាតិ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ សុំឲ្យ(រដ្ឋាភិបាល)ចុះចេញពីតំណែង មុនពេលបោះឆ្នោតនេះទៅ»។
ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបកស្រាយប្រាប់មនោរម្យព័ងអាំងហ្វូថា នោះជាការងើបឈរឡើងតតាំង របស់ប្រជាពលរដ្ឋ វាមិនស្ថិតនៅក្រោមការចាត់ចែង គ្រប់គ្រងរបស់រដ្ឋាភិបាលនោះទេ។ លោកបានទទួលយក ពីគោលការណ៍ដែលរដ្ឋាភិបាលខ្លួនឯង ក៏តែងតែចង់ឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខ បានល្អត្រឹមត្រូវនោះដែរ។ ប៉ុន្តែចំពោះបញ្ហាការចុះចេញពីតំណែងរបស់រដ្ឋាភិបាល អ្នកនាំពាក្យរូបនេះបានថ្លែងថា វាជាសមត្ថកិច្ចរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតសុទ្ធសាធ ដែលជាអ្នកកំណត់ មិនមែនត្រូវធ្វើឡើង ទៅតាមបំណងរបស់អ្នកនយោបាយម្នាក់ឬពីរនាក់នោះឡើយ។
សូមរម្លឹកថា នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី១១ខែមិថុនាថា លោកបានដឹងពីវេទិកាមួយ របស់គណបក្សសង្គ្រោះជាតិត្រូវបានរំសាយ បន្ទាប់ពីអ្នករៀបចំ ចាប់ផ្តើម«ជេរ»គណបក្សប្រជាជនជាហេតុធ្វើឲ្យអ្នកចូលរួមខឹងសម្បា ហើយថា៖ «ពេលមានប្រតិកម្ម ពួកគេរត់ចូលក្នុងឡាន»។ លោកនាយរដ្ឋមន្ត្រី បានបន្ថែមថា៖ «ប្រសិនបើមានប្រតិកម្ម ព្រោះពួកគេនិយាយមិនត្រឹមត្រូវ ត្រូវតែធ្វើដោយអហិង្សា។ កុំប្រើដុំថ្ម»។ បន្ទាប់មក លោកបានអំពាវនាវដល់ដល់គណបក្សប្រឆាំង និងគណបក្សដទៃទៀត ថាត្រូវផ្សព្វផ្សាយ«តែផលិតផល» របស់ខ្លួនបានហើយ។ «កុំវាយប្រហារអ្នកដទៃ។ បើមិនអ៊ីចឹងទេ នឹងមានគ្រោះថ្នាក់៕»
សូមទស្សនាវីដេអូ ស្ដីពីសន្និសិតសារព័ត៌មាន របស់លោកកឹម សុខា៖
----------------------------------------------------
ដោយ៖ ដ. កែវ - ប៉ារីស ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ