សម រង្ស៊ី៖ ខ្ញុំ​នឹង​ខិតខំ​រក្សា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ

ថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បញ្ជាក់​ថា លោកនឹងខិតខំថែរក្សា វប្បធម៌សន្ទារវាងគណបក្សទាំងពីរ បើទោះបីជា​វា​មាន​ភាព​រអាក់​រអួល​ក៏​ដោយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 23, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ទោះ​ជា​ដើម​ទី​វា​មាន​ភាព​រអាក់​រអួល តែ​ខ្ញុំ​នឹង​ខិត​ខំ​ឱ្យ​មាន​ភាព​រលូន​ឱ្យ​ល្អ​ប្រសើរ ឱ្យ​មាន​បរិយាកាស​ឱ្យ​ប្រជារាស្រ្ត​បាន​សុខ» នេះ​​ជា​ការ​អះអាង​របស់​លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ក្នុង​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​ខិតខំ​ក្នុង​ការ​រក្សា​វប្បធម៌​សន្ទនា ដែល​បាន​ព្រម​ព្រៀង​គ្នា​នា​ពេល​កន្លង​ទៅ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ។

ការ​ថ្លែង​អះអាង​របស់​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​​កាល​​ពី​ថ្ងៃទី១៩ ខែ​មករា​កន្លង​ទៅ ដាក់​បញ្ចប់​វប្បធម៌​សន្ទនា ជា​មួយ​គណបក្ស​ប្រឆាំង ដោយ​លោក​នាយក​រដ្ឋមន្ត្រី ចោទ​មេ​ដឹក​នាំ​ទាំង​ពីរ​របស់​គណបក្ស​ជំទាស់​មួយ​នេះ ថា​បាន​ក្បត់​កិច្ច​សន្យា​ក្នុង​រដ្ឋសភា ហើយ​តែង​តែ​ដើរ​វាយ​ប្រហារ​រូប​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​បន្ទាប់។

លោក សម រង្ស៊ី បានបន្តថា៖ «និយាយឱ្យចំទៅ វប្បធម៌សន្ទនាគឺសម្តេច ហ៊ុន សែន និងខ្ញុំ សម រង្ស៊ី ជាអ្នក​ផ្តួចផ្តើមជាមួយគ្នាហើយ ខ្ញុំមិនឱ្យបាត់ទៅវិញទេ»។ លោកបន្តថា វប្បធម៌សន្ទនានេះ គឺបញ្ឈប់ការវាយ​ប្រហារគ្នា ហើយគិតគូជាវិជ្ជមាន ដោះស្រាយបញ្ហានៅក្នុងប្រទេស។ លោកថា បើទោះបីជាគណបក្ស​ណា​ឈ្នះ ក្នុងការបោះឆ្នោតខាងមុខក៏ដោយ ខ្មែរទាំងអស់នឹងបានសុខជាមួយគ្នា។

ទាក់ទងនឹងបញ្ហានេះដែរ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធមនុស្ស​ប្រចាំនៅ​កម្ពុជា លោក សុរិយា ប្រសាទ ស៊ូប៊ែឌី ក៏បានជម្រុញឱ្យគណបក្សទាំងពីរ បន្តនូវវប្បធម៌សន្ទនាគ្នានេះដែរ។ នៅថ្ងៃអង្គារទី២០ ខែមករា ក្នុងពេលដែលលោកបានជួបពិភាក្សា ជាមួយមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក ស៊ូប៊ែឌី បានថ្លែងឡើងថា កិច្ចសន្ទនារវាងបក្សទាំងពីរ នឹងនាំមកនូវនិតិរដ្ឋ ការគោរពសិទ្ធមនុស្ស និង​ជាដំណើរឆ្ពោះ ទៅកាន់លទ្ធិប្រជាធិបតេយ្យក៏ពិតប្រាកដនៅកម្ពុជា។ ហើយ ការបង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត តាមកាលកំណត់នោះ ក៏ត្រូវការវប្បធម៌នៃកិច្ចសន្ទនានេះផងដែរ។

ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់​លោក​ថា វប្បធម៌ដៃគូរពិភាក្សា «ដើម្បីបញ្ចប់ភាពឧទ្ទាមយកឈ្នះរៀងខ្លួន មិនខ្វល់ពីសន្តិសុខ សន្តិភាព ដែលជា​ផលប្រយោជន៍ជាតិ» ប៉ុន្តែគណបក្សសង្រ្គោះជាតិតែតែធ្វើការបរិហារ មកលើគណបក្សប្រជាជនកម្ពុជា។

លោក ផៃ ស៊ីផាន បានសរសេរបន្តថា៖ «ជាក់ស្តែងនៅពេលនេះ លោកសាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី ធ្វើ​ទស្សនៈកិច្ចមកកម្ពុជា CNRP បានស្តែង និងបង្កើននូវសកម្មភាពក្តៅជាប្រព័ន្ធរួមទាំង NGOs មួយចំនួន និង​ប្រព័ន្ធផ្សព្វផ្សាយរបស់ RFA វាយប្រហារ រៀបចំជាប្រព័ន្ធ ដើម្បីយកលេសក្នុងកិច្ចចោទប្រកាន់ កកូរកកាយ ដើម្បីប្រជាប្រិយភាពនយោបាយឱកាសរបស់គេ ដោយឋិតនៅឆ្ងាយ និងកាតព្វកិច្ច អ្នកតែងច្បាប់ ឬសមាជិក​សភា ដែលមានចែងក្នុងបទបញ្ញាតផ្ទៃក្នុង ក៏ដូចជាកិច្ចព្រមព្រៀង»។

លោកបន្ថែមថាគណបក្ស CNRP តែងតែគៀងគរ កម្លាំងបិសាចបរទេស មកយាយី ដល់ឯករាជ្យភាពខ្លួនឯង បំបាត់ការគោរពដល់សិទ្ធិសម្រេចរបស់កម្ពុជា ដែលជាឆន្ទៈរាស្រ្ត រហូតដល់បរទេសបង្គាប់ឱ្យគណបក្ស​នោះ​ចូលសភា ទើបគណបក្ស CNRP អនុវត្តតាម ការលើកឡើងរបស់បរទេស។ គឺមិនបានឲ្យអាទិភាព​ដល់​កាតព្វកិច្ច និងផលរំពឹងទុករបស់ប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើពលិកម្មបោះឆ្នោតជូន នូវជម្រើសរបស់​ពលរដ្ឋ​ដែល​គេ​បានជ្រើសរើសយកសមាជិក សមាជិកា ជាអ្នកតំណាងរបស់គេនៅក្នុងរដ្ឋសភា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...