សំនុំរឿងម៉ម សូណង់ដូ៖ សាក្សី​បោះ​ចោល​ការ​ដាក់​បន្ទុក នៅ​សាលា​ឧទ្ធរណ៍?

នៅក្នុងសវនាការព្រឹកថ្ងៃទី៥ខែមិនានេះ គេសង្កេតឃើញ អ្នកភូមិប្រម៉ាពីរនាក់ និងលោក ម៉ម សូណង់ដូ ដែលជាជនជាប់ចោទ និងមានការចូលរួមពី អង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាច្រើននាក់។ អង្គសវនាការសភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ មានលោក ឃុន លាងម៉េង ជាប្រធាន លោក ញូង ថុល និងលោក យុន ណារ៉ុង ជាចៅក្រមប្រឹក្សារ ព្រមទាំងលោក អ៊ឹម សុផាន ជាតំណាងអយ្យការ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងសវនាការដែលធ្វើ ក្នុងសាលាឧទ្ទរណ៍ ដើម្បីជំនុំជម្រះសំនុំរឿងលោក ម៉ម សូណង់ដូ កាលពីព្រឹកថ្ងៃទី៥ ខែមីនានេះ អវត្តមាននៃសាក្សីដាក់បន្ទុក ធ្វើអោយមានមន្ទិលក្នុង«សក្ខីកម្ម» និងត្រូវមន្ត្រីសិទ្ធិមនុស្សចាត់ទុក ដូចបាន​«បោះបង់»​ចោល​ការចោទប្រកាន់។ សាក្សីដទៃទៀត បានឆ្លើយថា «មិនស្គាល់លោកម៉ម សូណង់ដូទេ»។


លោកម៉ម សូណង់ដូ ពេលមកដល់សាលាឧទ្ទរណ៍ ថ្ងៃទី០៥ខែមិនានេះ។

នៅជាមួយនឹងលោក ម៉ម សូណង់ដូ គេសង្កេតឃើញ អ្នកភូមិប្រម៉ាពីរនាក់ ដែលជាជនជាប់ចោទ​ដូចគ្នា ត្រូវបានដឹក​តាម​រថយន្ដ​មកកាន់ សវនាការព្រឹកថ្ងៃទី៥ខែមិនានេះ។ អង្គសវនាការ​សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ថ្ងៃនេះ មាន​លោក ឃុន លាងម៉េង ជាប្រធាន លោក ញូង ថុល និងលោក យុន ណារ៉ុង ជា​ចៅក្រមប្រឹក្សារ ព្រមទាំងលោក អ៊ឹម សុផាន ជា​តំណាងអយ្យការ និងការចូលរួមពី អង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន​ជាច្រើននាក់។

មេធាវីការពារលោក ម៉ម សូណង់ដូ បានស្នើឲ្យចៅក្រម លើកពេលសវនាការ កាលពីព្រឹកម៉ិញ ដោយសារតែអវត្តមាន​របស់​សាក្សី ដែលជាអាជ្ញាធរឃុំកំពង់ដំរី តែត្រូវបានបដិសេធន៍ដោយចៅក្រមទាំងបីរូប នៃសភាព្រហ្មទណ្ឌ ក្រោម​ហេតុផលថា «បើសវនាការមានបញ្ហា នៅត្រង់ចំណុចណា ចាំគិតទៀត»។ សូមបញ្ចាក់ថា ប្រជាពលរដ្ឋបីនាក់ ដែលជា​ដើមបណ្តឹង​រដ្ឋប្បវេណី និងជនជាប់ចោទប្រាំពីរនាក់ ជាក្រុមប្រឹក្សាឃុំកំពង់ដំរី និងជាសាក្សីដាក់បន្ទុកលើ​លោក​ម៉ម សូណង់ដូ បាន​«អវត្តមាន»ក្នុងសវនាការ។

សម្រាប់មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ លោក អំ សំអាត វត្តមាននៃសាក្សីទាំង៧នាក់ ជាចំណុចសំខាន់ ក្នុងការជជែក​ដេញដោល ដើម្បីរកភាពយុត្តិធម៌ ហើយបើគ្មានសាក្សី ដែលសុទ្ធសឹងជា«អតីត»ជនសង្ស័យដែរនេះ វាហាក់ស្មើនឹង ការ​បោះ​បង់ចោល ការចោទប្រកាន់។ «ចៅក្រមគួរតែយកតែអ្វី ដែលជាការជជែកដេញដោល នៅក្នុងសវនាការ មកធ្វើការ​វិនិច្ឆ័យ» នេះបើតាមការលើកឡើង របស់មន្ត្រីសិទ្ធិមនុស្សរូបនេះ។

លោក អំ សំអាត បន្តថា លោក ម៉ម សូណង់ដូ បានបដិសេធរាល់ការចោទប្រកាន់ រឿង«បង្កើតតំបន់អបគមន៍» នៅភូមិ​ប្រម៉ា ខេត្តក្រចេះនោះ។ ឯជនជាប់ចោទពីរនាក់ទៀត ដែលមានវត្តមានក្នុងបន្ទប់សវនាការនោះដែរ បាននិយាយថា «គាត់មិនដែលស្គាល់លោកម៉មសូណង់ដូទេ ហើយក៏មិនមែនជាសមាជិក នៃសមាគមអ្នកប្រជាធិបតេយ្យនោះដែរ»។

មន្ត្រីរបស់អង្គការការពារសិទ្ធិមនុស្សរូបនេះ បានរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១២ នៅក្នុងសវនាការសាលាដំបូង​រាជធានីភ្នំពេញ មិន​មានភស្តុតាងណាមួយបញ្ជាក់ ពីការពាក់ព័ន្ធរបស់លោក ម៉ម សូណង់ដូ ជាប់ទៅនឹងរឿងបង្កើតតំបន់​អបគមន៍ នៅភូមិ​ប្រម៉ានោះទេ។ វត្ថុតាងដូចជា «ស្នា កាំបិត ពូថៅ កាំភ្លើងខ្យល់ស្អីៗនឹង» ដែលសាលាដំបូងរាជធានី រឹប​អូសពីប្រជាពលរដ្ឋ យកមកធ្វើជាភស្តុតាងនោះ ក៏មិនបានយកមកបង្ហាញ នៅក្នុងបន្ទប់តុលាការសាលាឧទ្ធរណ៍​នៅថ្ងៃ​នេះដែរ។

ក្នុងពន្ធនាគារ ចំនួន២៣៥ថ្ងៃ គិតចាប់ពីថ្ងៃចាប់ខ្លួនមក លោក ម៉ម សូណង់ដូ ជានាយកវិទ្យុសំបុកឃ្មុំ ជាប្រធានសមាគម​អ្នកប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា ហើយត្រូវបានអង្គការជាតិ និងអន្តរជាតិជាច្រើន ចាត់ទុកជាអ្នកការពារសិទ្ធិពលរដ្ឋ និងជាសកម្មជនប្រជាធិបតេយ្យ ដ៏លេចធ្លោម្នាក់។​ បុរសចំណាស់វ័យ៧១ឆ្នាំរូបនេះ ត្រូវបានមេដឹកនាំប្រទេសធំៗជាច្រើន ដូចយ៉ាងប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីបារាំងជាដើម យកចិត្តទុកដាក់ និងបានលើកមកនិយាយ «ជាច្រើនដង» ជាមួយរដ្ឋាភិបាល​ក្រុង​ភ្នំពេញ របស់លោកនាយករដ្ឋមន្ត្រី ហុន សែន៕

--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៥ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...