«បន្ទាយបាតុកម្ម»បក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យត្រូវបានបំបែក (pic)
ក្រោយពីមានការបង្ក្រាបយ៉ាងចាស់ដៃ របស់ក្រុមអាជ្ញាធររដ្ឋាភិបាល ប្រដាប់ដោយអាវុធទំនើបៗគ្រប់ប្រភេទគ្រប់ដៃ ទៅលើក្រុមកម្មករតាមរោងចក្រ បានសម្រេចមក នៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមករា ឆ្នាំ២០១៤នេះ ការបង្ក្រាបបានឈានបន្តដល់ ទីលានប្រជាធិតេយ្យរបស់គណបក្សសង្គ្រោះជាតិ និងឆ្ពោះទៅកាន់វត្តភ្នំ ទីកន្លែងដែលក្រុមបាតុករចូលចិត្តជួបជុំគ្នា ដើម្បីសម្រាកនិងបរិភោគអាហារកំឡុងពេលធ្វើបាតុកម្មកន្លងមក។
នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)
នយោបាយកម្ពុជា - កងប្រដាប់អាវុធទាំងនោះ មានខ្លះពាក់ឯកសណ្ឋាន និងមួយចំនួនទៀតស្លៀកពាក់ស៊ីវិលធម្មតា ត្រូវបានដឹងថាជាកងសណ្តាប់ធ្នាប់សាលារាជធានីភ្នំពេញ និងជាក្រុមពិសេសទទួលការបីបាច់ពីរដ្ឋាភិបាល។ ពួកគេទាំងនោះបានចងក្រណាត់ពណ៌ក្រហម នៅដើមដៃជាសញ្ញាសម្គាល់ បានចូលវាយលុកទីលានដោយរុះរើឆាក កំទេចសំភារៈមួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិ ព្រមទាំងដេញបាតុករទាំងអស់ចេញពីទីលានទាំងបង្ខំ។
ការរុះរើនេះ មិនត្រូវបានអនុញ្ញាតឲ្យអ្នកកាសែតណាម្នាក់ មកក្រោយព្រឹត្តិការណ៏នៃការរុះរើនេះបាន ចូលទៅក្នុងបរិវេណទីលានយកពត៌មានបានឡើយ។ កំឡុងពេលនៃការរុះរើនេះដែរ មានអ្នកកាសែតម្នាក់ ជាជនជាតិជប៉ុនរងរបួស និងម្នាក់ទៀតជាអ្នកយកពត៌មានឲ្យស្ថានីយ៏ទូរទស្សន៏បាយ័ន ត្រូវបានកងកម្លាំងម្នាក់ចាប់អាយផេត។ ចំណែកក្រុមបាតុករមួយចំនួនរងរបួសស្រាល ខណៈពេលបណ្តេញចេញនេះ។
ការរុះរើនេះគឺបានធ្វើឡើងក្រោយពេលមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ចប់នៅសន្និសិតការសែតរបស់លោក ក្នុងការប្រកាន់ជំហរនៅបន្តធ្វើបាតុកម្ម អហិង្សាក្នុងការរំលឹកវិញ្ញាណក្ខន្ធ ចំពោះជនរងគ្រោះដែលបាន ស្លាប់ដោយសារការបង្ក្រាបរបស់អាជ្ញាធរ៕
សូមទស្សនារូបភាពផ្សេងទៀតដូចតទៅ៖
--------------------------------------
អត្ថបទដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៤
រាយការណ៏ដោយ៖ លោក អ៊ុម វ៉ារី
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ