ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឲ្យមានសាមគ្គីភាពក្រោយការបោះឆ្នោត
ក្រុមអង្គការសង្គមស៊ីវិលមួយក្រុម បានចេញនូវសេចក្តីថ្លែងការណ៍រួម ស្នើដល់គ្រប់ភាគីទាំងអស់ កុំឲ្យមានការរើសអើងនិន្នាការនយោបាយ កុំឲ្យគុំគួនគ្នាដោយប្រកាន់ភ្ជាប់នូវគុណធម៌ និងការអធ្យាស្រ័យក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលមានចរិតថ្លៃថ្នូរ ស្រលាញ់ជាតិ និងសន្តិភាព។ សេចក្ដីថ្លែងការណ៍ បានចេញផ្សាយបន្ទាប់ពីអំពើហឹង្សា ការគម្រាមកំហែង និងការវាយសម្លាប់ បានកើតឡើង នៅតាមភូមស្រុកមួយចំនួន។
ការជួបជុំនយោបាយ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U.Bory)
សេចក្តីថ្លែងការណ៍ដដែល របស់ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភថា អាជ្ញារធរមានសមត្ថកិច្ចមួយចំនួន នៅមូលដ្ឋានបានគំរាមគំហែងប្រជាពលរដ្ឋណា ដែលមាននិន្នាការនយោបាយខុសខ្លួន ខណៈដែលរដ្ឋាភិបាលថ្មីពុំទាន់បានបង្កើត។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិក (NECFEC) បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៦ ខែសីហា នេះថា ព្រឹត្តិការណ៍ទាំងអស់នេះ បានកើតឡើងក្រោយការបោះឆ្នោត និងនៅពេលដែលគណបក្សនយោយបាយធំៗទាំងពីរ មិនទាន់មានការចុះសម្រុងនឹងគ្នានោះ។ លោកបន្តថា៖ «ការមិនចុះសម្រុងគ្នាផ្នែកនយោយបាយ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ»។ ទន្ទឹមនឹងនេះ ការមិនចុះសម្រុងគ្នារបស់អ្នកនយោបាយ ក៏អាចនាំឲ្យមានផលមិនល្អ ដល់ទំនាក់ទំនងប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយសារតែពួកគេ មាននិន្នាការនយោបាយខុសគ្នា។
រីឯ ប្រធានផ្នែកស៊ើបអង្កេត អង្គការអាតហុក (ADHOC) លោក នី ចរិយា បានអះអាងថា ក្រោយការបោះឆ្នោត អង្គការសង្គមស៊ីវិល បានរកឃើញការគំរាមកំហែងនយោបាយ ទៅលើសកម្មជននយោបាយ របស់គណបក្សសង្រ្គោះជាតិ។ ដូចនេះ វាបានបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍នេះ គឺក្នុងគោលបំណងអំពាវនាវ «កុំឲ្យមានការរើសអើងនយោបាយ»។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ការសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយ ពីសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិមួយចំនួន ត្រូវបានគេគំរាមគំហែង និងបំភិតបំភ័យ។ មានសកម្មជនខ្លះ បានបោះបង់ទីលំនៅ ដើម្បីទៅលាក់ខ្លួនពីការគម្រាមសំលាប់។ កាលពីល្ងាចថ្ងៃទី៥ សីហានេះ បុរសម្នាក់គាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវបានជនល្មើស ជាអ្នកគាំទ្រគណបក្សប្រជាជនម្នាក់វាយសម្លាប់នឹងដំបង ក្នុងវង់ផឹកស៊ី នៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ដោយសារតែទាស់ពាក្យសម្តី ប្រកាន់គណកប្សនយោបាយរៀងខ្លួន។
កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីចាំផ្ទះលោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា អ្នកណាឈ្នះ បក្សណាឈ្នះឬចាញ់ វាមិនសំខាន់ទេសម្រាប់គណបក្សនយោបាយ តែអ្វីដែលសំខាន់គឺជាតិយើងឈ្នះ។ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «សូមកុំឲ្យការបោះឆ្នោត ក្លាយទៅជាការបាក់បែកជាតិ។ នេះជាចំណុចសំខាន់»។
លោក សម រង្ស៊ី និងលោក កឹម សុខា ជាប្រធាននិងអនុប្រធានគណបក្សង្រ្គោះជាតិ កាលពីពេលកន្លងមកបានបង្ហាញគោលជំហរថា គណបក្សសង្រ្គោះជាតិមិនបានទុកខ្មែរណាជាសត្រូវនោះទេ ផ្ទុយមកវិញគណបក្សសង្រ្គោះជាតិ ចង់ឲ្យមានការបង្រួបង្រួមជាតិ និងឯកភាពជាតិ។
កាលពីពេលយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១ខែកន្លងមក គេសង្កេតឃើញមានការចូលរួមដង្ហែរក្បួនយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេយុវជន សម្រាប់ឃោសនាឲ្យគណបក្សរបស់ពួកគេទាំងសងខាង។ ទន្ទឹមនឹងនេះ គេក៏សងេ្កតឃើញ មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ ដែលមាននិន្នាការនយោបាយខុសគ្នា រហូតឈានទៅដល់ការប្រើអំពើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិ មួយចំនួនផងដែរ តែមិនបានឈានទៅដល់ការប្រើប្រាស់អំពើហឹង្សា ជាទ្រង់ទ្រាយធំនោះទេ។
រហូតមកដល់ថ្ងៃនេះ អំពើហឹង្សាដែលបានកើតឡើងខ្លាំងជាងគេ គឺនៅរសៀលថ្ងៃទី២៨ខែកក្កដា ក្នុងតំបន់ស្ទឹងមានជ័យ ខណៈការបោះឆ្នោតជិតបានបិទបញ្ចប់។ សាក្សីនៅនឹងកន្លែងបាននិយាយថា អំពើហឹង្សានេះ មានឬសគល់ចេញពីកំហុសរបស់មន្ត្រីគ.ជ.ប ប្រចាំមណ្ឌលបោះឆ្នោតនៅទីនោះ ដែលមិនបានដោះស្រាយបញ្ហាបាត់ឈ្មោះ និងភាពមិនប្រក្រតីមួយចំនួន សម្រាប់ពលរដ្ឋអ្នកមកបោះឆ្នោត។
តែទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ឯករាជ្យជាច្រើនបានពន្យល់ថា អំពើហិង្សានយោបាយនៅក្នុងការបោះឆ្នោតនីតិកាលទី៥នេះ មានការថយចុះ (ឬមានស្ថានភាពប្រសើរឡើង) បើធ្វើការប្រៀបធៀបទៅនឹងពេលវេលាដូចគ្នា កាលពីអាណត្តិទី៤ឆ្នាំ២០០៨៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ