ម៉ម សូណង់ដូ៖ បង្កើត​​រដ្ឋាភិបាល​​ខុស​ឆន្ទះ​​រាស្ត្រ ខុស​​រដ្ឋធម្មនុញ្ញ ជា​​«រដ្ឋ​ប្រហារ​​រដ្ឋធម្មនុញ្ញ»

ភាពមិនប្រក្រតី ដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត បានធ្វើឲ្យមានមន្ទិល អំពីភាពត្រឹមត្រូវយុត្តិធម៌នៃការបោះឆ្នោត និងសមត្ថកិច្ចនៃស្ថាប័នអ្នករៀបចំការបោះឆ្នោត។ សម្រាប់លោក ម៉ម សូណងដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ បានចាត់ទុកស្ថាប័ននោះ ជា«ចោរ» ហើយរាល់ការប៉ុនប៉នទាំងឡាយណា ដើម្បីបង្កើតរដ្ឋាភិបាល ខុសឆន្ទះរាស្ត្រ ខុសរដ្ឋធម្មនុញ្ញ នឹងមានន័យស្មើនឹង«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ភាពមិនប្រក្រតី ដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត បានធ្វើឲ្យមានមន្ទិល អំពីភាពត្រឹមត្រូវយុត្តិធម៌​នៃការបោះឆ្នោត និងសមត្ថកិច្ចនៃស្ថាប័នអ្នករៀបចំការបោះឆ្នោត។ សម្រាប់លោក ម៉ម សូណងដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ បានចាត់ទុកស្ថាប័ននោះ ជា«ចោរ» ហើយរាល់ការប៉ុនប៉នទាំងឡាយណា ដើម្បីបង្កើតរដ្ឋាភិបាល ខុសឆន្ទះរាស្ត្រ ខុសរដ្ឋធម្មនុញ្ញ នឹងមានន័យស្មើនឹង«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។


លោក ម៉ម សូណង់ដូ នៅថ្ងែបោះឆ្នោត ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត Sonanado Mam Facebook)

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ បានពន្យល់បញ្ជាក់​ពីភាពមិនប្រក្រតី​ជាច្រើន ក្នុងការបោះឆ្នោតអណត្តិនេះ ដោយបានបង្ហាញនូវចំណុចខ្លះៗ មួយចំនួនដូចខាងក្រោម៖

លោកបានចាប់ផ្ដើមជាដំបូង ដោយលើកពីករណីវិទ្យុដែលមាននៅកម្ពុជាមានចំនួន១០១ តែមានវិទ្យុតិចតួចជាទីបំផុត ដែលប្រកាន់និន្នការឯករាជ្យ។ លោកចោទសួរថា តើវិទ្យុ និងទូរទស្សន៍ក្រៅពីនេះ បំរើប្រជាពលរដ្ឋ ឬបំរើគណបក្ស​របស់​ខ្លួន? តួយ៉ាងដូចជាការត្រឡប់មកវិញ របស់លោកសម រង្ស៊ី តើមានទូរទស្សន៍ណាខ្លះបានផ្សាយ? តែបើទិតៀនគណក្ស​ប្រឆាំង លើកពីចំណុចអវិជ្ជមានបន្ដិចបន្តួច ដូចជាការស្រែកហ៊ោរកញ្ច្រៀវតាមផ្លូវ តើទូរទស្សន៍ណាខ្លះដែល​ថាមិនបាន​ផ្សាយនោះ?

សមភាព នៅតាមបណ្ដាញផ្សព្វផ្សាយ ដែលសូម្បីលោកឈាង វុន ក៏ចង់បាន !

«ព័ត៌មានផ្សព្វផ្សាយ ធំ(ចាំបាច់)ណាស់អូន នៅក្នុងប្រទេសមួយ ដែលគេជ្រើសរើសលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ បើនិយាយពីច្បាប់សារព័ត៌មាន សិទ្ធិទទួលព័ត៌មាន សេរីភាណក្នុងការបញ្ចេញមតិ អូនមានពាក្យនិយាយ ហើយនិយាយ​មិនបានទៅឆ្ងាយ គេស្តាប់មិនបានឮ សេរីភាពយើងនៅកន្លែងណា?»

លោកបានលើកជាឧទាហរណ៍ថា ដូចជាការជជែកពិភាក្សាតុមូលនៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ លោក ឈាង វុន មន្ត្រីពីគណបក្សប្រជាជន បានទាមទារឲ្យមានពេលនាទីស្មើនឹងលោក សុន ឆ័យ មន្ត្រីមកពីគណបក្សសង្គ្រោះជាតិ។ ករណីនេះលោក ម៉ម សូណង់ដូ បានសម្ដែងការគាំទ្រ តែលោកចោទជាសំនួរថាចំពោះវិទ្យុ និងទូរទស្សន៍ទាំងអស់នោះ​មានបានផ្សាយ ឲ្យមានតុល្យភាពតាមការសុំរបស់ប្រជាជលរដ្ឋឬនៅ ហើយស្របតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មានឬទេ?

ភាពមិនប្រក្រតីនានាក្នុងថ្ងៃបោះឆ្នោត

ចំពោះហេតុភេទនានា ដែលបានកើតឡើងនាពេលបោះឆ្នោតនោះ លោក ម៉ម សូណង់ដូ បានបង្ហាញពី​ភាពមិន​ប្រក្រតី​ជាច្រើន ដូចជាការបាត់ឈ្មោះ ឈ្មោះត្រូវបានគេបោះជំនួស កំហុសឆ្គងលើអក្ខរាវិរុទ្ធ ក៏ត្រូវបានគ.ជ.ប មិន​អនុញ្ញាត​ឲ្យ​បោះឆ្នោត និងចំនួនប្រជាពលរដ្ឋជាងមួយលាននាក់ មិនបានបោះឆ្នោតជាដើម។

លោកបានលើកយកករណីជាក់ស្តែង នៅក្នុងមណ្ឌលបោះឆ្នោតរបស់លោកផ្ទាល់ ក្នុងវត្តដំបូកខ្ពស់ មកបញ្ជាក់ថា មានការ​ប្រវាយប្រតប់គ្នា រវាងម្ចាស់ឆ្នោតជាមួយមន្រ្តីគ.ជ.ប ប្រចាំការិយាល័យ ពាក់ព័ន្ធនឹងការប្រើប្រាស់ខ្មៅដៃក្នុងការគូសឈ្មោះ ដែលងាយនឹងលុបបាន។ ករណីមួយទៀត មន្រ្តីគ.ជ.ប នៅមណ្ឌលវត្តតំបូកខ្ពស់ពីរនាក់ ប្រុសអាយុជាងសាមសិប និងស្រី​អាយុជាងសែសិប បានយកសន្លឹកឆ្នោតមួយចំនួន គូសឲ្យគណបក្សប្រជាជន ហើយយកទៅដាក់ក្នុងហិបឆ្នោត។ ក្នុង​ករណីនេះ តើគាត់យកឈ្មោះនណា ទៅគូសបន្លំដាក់ក្នុងហិបឆ្នោតនោះ? សំនួសួរថាតើគាត់អាងខ្នងអ្វី ដែលហ៊ានគូស​ដូច្នេះ? តើករណីនេះ កើតមាននៅទូទាំងប្រទេស ឬយ៉ាងណា? តើជនខិលខូចទាំងនេះ មានបានទទួលទោសឬទេ?

ការដោះស្រាយនូវភាពមិនប្រក្រតី ដើម្បីជម្រះមន្ទិល

លទ្ធផលបឋមនៅយប់ថ្ងៃទី២៨ខែកក្កដា ដែលប្រកាសដោយយគ.ជ.ប ជាការទទួលយកមិនបាន សម្រាប់រូបលោកផ្ទាល់។ អតីតអ្នកទោសព្រៃសររូបនេះ បានបកស្រាយថា ពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវតែបានចូលរួមប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន ក្នុង​ការកំណត់ជោគវាសនាប្រទេសជាតិ។ តែលោកបានថ្លែងថា គ.ជ.ប មិនអាចបន្តរយកជាបានការ និងពឹង​ពាក់បានទៀតទេ ព្រោះ«ចោរមកលួចយើង ហើយឲ្យចោរមកកាត់សេចក្តីឲ្យយើង វាមិនមានយុត្តិធម៌ទេ។ ខ្មែរយើង​រងគ្រោះ ដោយសារតែ​យកចោរ មកឲ្យកាត់សេចក្តីមនុសុ្សទៀងត្រង់។»

ដូច្នេះ ដើម្បីដោះស្រាយនូវភាពមិនប្រក្រតី វាជាការសមហេតុផលហើយ ដែលត្រូវតែបង្កើតនូវគណម្មាធិការឯករាជ្យ ដែល​មានគ.ជ.ប ចូលរួមតែមិនមែនជាអ្នកសម្រេចនោះទេ។ គណកម្មាធិការនេះ ត្រូវមានវត្តមានសង្គមស៊ីវិល គណបក្សពាក់ព័ន្ធ ពិសេសមានអង្គការសហប្រជាជាតិចូលរួម វាជាការល្អ។ រាល់បញ្ហាដែលមាន ត្រូវដោះស្រាយឲ្យអស់។ លោកបានសង្កត់​ធ្ងន់ថា មិនអាចមានការសម្រុះសម្រួល ឬរួបរួមគ្នា តាមមធ្យោបាយណាមួយបាននោះទេ ប្រសិនបើមិនមានយុត្តិធម៌ ចំពោះ​ការបោះឆ្នោតនេះ។

សម្រាប់លោក គ្មានគណៈកម្មាធិការឯករាជ្យចម្រុះ គឺគ្មានដំណោះស្រាយនូវរាល់ភាពមិនប្រក្រតី ដូច្នេះលទ្ធផល​ដែល​នឹង​ប្រកាសដោយគ.ជ.ប វានឹងខុសពីឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយវាក៏នឹងជាមូលហេតុ ដែលជម្រុញឲ្យគណបក្ស​ប្រឆាំង មិនទទួលយកនូវលទ្ធផលនោះដែរ។ បន្ទាប់មកទៀត គណបក្សប្រឆាំងនឹងធ្វើពហិការ មិនចូលរួមក្នុងការបង្កើត​រដ្ឋាភិបាលថ្មី។

បុរសចំណាស់៧២ឆ្នាំ បានពន្យល់ថា បើបក្សកាន់អំណាចចចេស នៅតែបង្កើតនូវរដ្ឋាភិបាលមួយ ដែលកើតឡើង​មិន​ស្រប​តាមឆន្ទៈប្រជាពលរដ្ឋនោះ ជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ជាពិសេសរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល​របស់ប្រទេស។ «រដ្ឋាភិបាលថ្មីដែលបានបង្កើតឡើងនោះ ជារដ្ឋាភិបាលមិនស្របច្បាប់ ដែលបានបង្កើតឡើង តាមរយៈ​ការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៥ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...