ហ៊្វុនស៊ិនប៉ិចប្តេជ្ញាបន្តវត្តមានលើឆាកនយោបាយ តែមិនច្បាស់ពីសម្ព័ន្ធភាព
លោក ទុំ សម្បុរ មន្រ្តីអ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣នេះថា ការប្រកួតប្រជែងគ្នាដ៏ខ្លាំងក្លា រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គឺជាមូលហេតុចម្បង ដែលធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិចរងបរាជ័យ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងនៅតែពង្រឹងរចនាសម្ព័ន្ធគណបក្សយើងជាធម្មតា តែគ្រាន់តែគណបក្សយើងគ្មានអាសនៈ នៅក្នុងរដ្ឋសភានៅនីតិកាលទី៥»។
តែលោកអះអាងថាគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈឬអត់មិនទាន់ប្រាកដនោះទេ ព្រោះម៉ោងនេះពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មិនទាន់បានប្រកាសជាផ្លូវការថា គណៈបក្សណាបានប៉ុន្មានអាសនៈនោះទេ។
គណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់មានប្រជាប្រិយយ៉ាងខ្លាំងក្លា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ជាពិសេសនៅសម័យកាលបោះឆ្នោតអណត្តិទីមួយ ដែលបានធ្វើឲ្យគណបក្សនេះឈ្នះឆ្នោត នៅពេលនោះភ្លូកទឹកភ្លូកដី។ ប៉ុន្តែបន្តិចម្ដៗ គេសង្កេតឃើញថាបានធ្លាក់ចុះប្រជាប្រិយភាព ពីមួយអាណត្តិទៅមួយអាណត្តិ។
ការធ្លាក់ចុះនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ផ្តើមកើតមានឡើង បន្ទាប់ពីគណបក្សនេះបានអនុញ្ញាត ក្នុងនាមជាគណបក្សឈ្នះឆ្នោត ឲ្យបង្កើតជារដ្ឋាភិបាលចម្រុះមួយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ក្នុងនីតិកាលទី១នោះ និងបន្ទាប់ពីគណៈបក្សនេះ បានជួបវិបត្តិវិវាទផ្ទៃក្នុងដ៏ធ្ងន់ធ្ងរ រហូតឈានទៅពុះបំបែកគណបក្សនេះជាពីរ។ នៅក្នុងឆ្នាំ២០០៦ មន្រ្តីជាន់ខ្ពស់របស់គណបក្សខ្លួនឯង ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជា បានធ្វើសមាជទម្លាក់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ដែលកាលនោះជាព្រះប្រធានគណបក្សនេះ ដោយសារតែព្រះអង្គត្រូវបានគេមើលឃើញថា មិនមាននយោបាយស្របនឹងលោក នាយរករដ្ឋមន្ត្រីហ៊ុន សែន។
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានបដិសេធមិនទទួលស្គាល់ និងចាត់ទុកថាជាការទម្លាក់ព្រះអង្គពីប្រធានបក្ស ដោយខុសច្បាប់ ហើយទ្រង់បានយាងចេញទៅបង្កើតគណបក្សមួយទៀត និងទទួលបានអសនៈនៅរដ្ឋសភាចំនួនពីរអសនៈ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០០៨។
ចំពោះសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលអនាគត លោក ទុំ សម្បុរ បានពន្យល់ថា វាមិនមានភាពប្រាកដប្រជានោះទេ ពីព្រោះគណបក្សហ៊្វុស៊ិនប៉ិច មានសង្ឃឹមតិចតួចដើម្បីទទួលបានអាសនៈក្នុងនីតិកាលទី៥នេះ។
ក្នុងរយៈពេលកន្លងមក លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការរបស់គណបក្ស ធ្លាប់បានកោតសរសើរមិនដែលដាច់ពីមាត់ ពីសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលលោកបាននិយាយថា បាននាំឲ្យមក នូវសន្តិភាពនិងការអភិវឌ្ឍន៍នៅកម្ពុជា៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ