ញឹក ប៊ុនឆៃ៖ ទ្រង់រណឬទ្ធិ គ្មានសមត្ថភាពដឹកនាំ តែ«ពូកែ»ទម្លាក់កំហុសដាក់អ្នកដទៃ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ទ្រង់រណឬទ្ធិ គ្មានសមត្ថភាពក្នុងការបង្រួបបង្រួម ឬការដឹកនាំនោះទេ។ លោកចេះតែទំលាក់កំហុសលើអ្នកនេះ លើអ្នកនោះ មិនចេះទទួលស្គាល់កំហុសខ្លួនឯង ដែលគ្មានលទ្ធភាពក្នុងការដឹកនាំ។ គណបក្សថ្មីរបស់ទ្រង់(វា) គ្មានន័យនោះទេ (...) មានតែការរិះគន់ច្រើន សឹងតែរកអ្នកគាំទ្រម្នាក់គ្មាន»។ នេះជាការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច អតីតដៃគូរសត្រូវនយោបាយរបស់ ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ។
ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ថ្លែងទៅអ្នកសារព័ត៌មាន នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)
នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាល្ងាចថ្ងៃទី១៨ ខែមីនានេះ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បានបដិសេធថា លោកមិនដែលមានចេតនាណាមួយ ទំលាក់ព្រះអង្គចេញពីតំណែងនោះទេ ព្រោះលោកគ្មានបំណងធ្វើជាប្រធានហ្វុនស៊ីនប៉ិច។ លោកបន្តរថាព្រះអង្គ ជាអ្នកចាកចេញដោយអង្គឯងដើម្បីបង្កើតគណបក្សថ្មី ព្រោះតែមិនសព្វព្រះទ័យនឹងការសម្រេចរបស់សមាជ ដែលលើកទ្រង់ឲ្យធ្វើជា «អគ្គមគ្គុទេសប្រវត្តិសាស្រ្ត គណបក្សហ្វុនស៊ីនប៉ិច»។
លោក ញឹក ប៊ុនឆៃ បានថ្លែងថា «ជាសេចក្តីសម្រេចរបស់សមាជ ក្នុងការលើកទ្រង់អគ្គមគ្គុទេសប្រវត្តិសាស្រ្ត របស់គណបក្សហ្វុនស៊ីនប៉ិច និងគ្រាន់តែមានការកែទម្រង់កិច្ចការផ្ទៃ របៀបរបការដឹកនាំ រដ្ឋបាលមួយចំនួនប៉ុណ្ណោះ មិនមានអ្នកណាដេញលោកទេ។ ព្រះអង្គក៏សម្រេច (ទៅ) បង្កើតគណបក្សនរោត្តមរណឬទ្ធិ។»
ការថ្លែងខាងលើ របស់ដៃគូរសត្រូវនយោបាយរបស់ ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ អាចជាការឆ្លើយតបទៅនឹងការចោទរបស់ព្រះអង្កម្ចាស់អង្គនេះ ក្នុងវេទិការសំណេះសំណាលមួយ នាសណ្ឋាគារសាន់វេ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ដោយមានបន្ទូលថា ព្រោះតែមានរដ្ឋប្រហារបស់លោក ញឹក ប៊ុនឆៃ ក្នុងឆ្នាំ២០០៦ បានបណ្តាលឲ្យមានការបាត់បង់ ការបែកបាក់អ្នករាជានិយម ឬនាំឲ្យអ្នករាជានិយមចុះខ្សោយជាបន្តបន្ទាប់។
នៅពេលនោះ ព្រះអង្គម្ចាស់ អតីត«ព្រះ»ប្រធានគណបក្សហ្វុនស៊ីនប៉ិច រាជបុត្រនៃអង្គព្រះបរមសព បានបញ្ជាក់បន្ថែមថា បញ្ហាសំខាន់ក្នុងរឿងនេះ ព្រោះតែព្រះអង្គផ្ទាល់យល់ថា ប្រទេសជាតិ (កម្ពុជា) ត្រូវមានរបបរាជានិយមមួយ ដែលប្រមូលផ្តុំទៅដោយអ្នករាជានិយម សីហនិយម អ្នកសេរីនិយមក្នុងក្របខណ្ឌគណបក្សថ្មីរបស់ព្រះអង្គ។ ហើយជាមួយគ្នានេះ ក៏មានតែព្រះអង្គតែមួយអង្គគត់ ដែលអាចធ្វើការប្រមែប្រមូលអ្នករាជានិយម ដែលបានបែកបាក់ទៅទាំងអស់នោះបាន។
តែលោក ញឹក ប៊ុនឆៃ បានលើកឡើងបញ្ច្រាសមកវិញថា ព្រះអង្គដឹកនាំមានតែការ«បែកបាក់»។ អគ្គលេខាធិការ គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ បានលើកជាឧទាហរណ៍ថា ក្រោយការឈ្នះឆ្នោតឆ្នាំ១៩៩៣ ក្រោមការដឹកនាំរបស់ទ្រង់បានធ្វើឲ្យលោក សម រង្សី ចាកចេញពីគណបក្ស។ ដល់ឆ្នំ ១៩៩៧ ក្រោមការដឹកនាំរបស់ព្រះរាជបុត្រដដែលនេះ ហ្វុនស៊ីនប៉ុច បានបែកជាប្រាំពីរជម្រៀក។ ក្រោយមកទៀតលោក កឹម សុខា ក៏បន្តចេញពីហ្វុនស៊ីនប៉ិចទៀត។ តាមករណីនេះ លោកបានសង្ខេបបានយ៉ាងនេះថា «ហ្នឹងធ្វើឲ្យចុះខ្សោយ។ បានន័យថា លោក (ទ្រង់រណឬទ្ធិ) គ្មានសមត្ថភាពក្នុងការបង្រួបបង្រួម ការដឹកនាំទេ។ ហើយចេះតែទំលាក់កំហុសលើអ្នកនេះ លើអ្នកនោះ មិនចេះទទួលស្គាល់កំហុសខ្លួនឯង ដែលគ្មានលទ្ធភាពក្នុងការដឹកនាំ។»
ទ្រង់ (រណឬទ្ធិ) មានព្រះបន្ទូលបន្តរថា តាមការប្រមើលមើលរបស់ព្រះអង្គ ក្នុងបច្ចុប្បន្នភាពនិងទៅអនាគត ឃើញថាការប្រមូលផ្តុំអ្នករាជានិយម មិនអាចពឹងផ្អែកលើលោក ញឹក ប៊ុនឆៃ និងព្រះអង្គម្ចាស់ក្សត្រី នរោត្ដម អរុណរស្មី បានទេ ព្រោះគ្មានលទ្ធភាព នឹងទៅប្រមែរប្រមូលអ្នករាជានិយមទាំងអស់នោះ ឲ្យក្លាយជាកម្លាំងជាតិពិតប្រាកដ ដើម្បីដោះស្រាយញ្ហាជាតិឡើយ។ លើកឡើងដោយមោទនភាព ព្រះអង្គមានព្រះបន្ទូលយ៉ាងមុតមាំដូច្នេះថា «មានតែខ្ញុំទេ ដែលមានលទ្ធភាព អាចប្រមែប្រមូល (អ្នករាជានិយម) បាន»។
លោកញឹក ប៊ុន ឆៃ បានចាត់ទុកថា គណបក្សថ្មីរបស់ទ្រង់រណ ឬទ្ធិថា គ្មានន័យនោះទេ ព្រោះបើមើលតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឃើញមានតែការរិះគន់ គ្មានអ្នកណាម្នាក់សសើព្រះអង្គថា ជាអ្នកបង្រួបបង្រួមអ្នករាជជានិយម អាចនឹងដោះស្រាយបញ្ហាប្រទេសជាតិជាហូហែរនោះទេ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៨ មីនា ២០១៤